អូស្ត្រាលី​ហាម​ប្រជាជន​ខ្លួន​ហូប​សណ្តែកបណ្តុះ​ឆៅ​ព្រោះតែ​ការផ្ទុះ​ឡើង​នៃ​បាក់តេរី Salmonella

​    ​ការកើនឡើង​ពូជ​បាក់តេរី​ឈ្មោះ Salmonella ត្រូវបាន​រាយការណ៍​ក្នុង​រដ្ឋ South Australia ជាមួយ​ករណី​ជំងឺឆ្លង​ពី​បាក់តេរី​នេះ​ចំនួន ២៣០ ករណី​ត្រូវគេ​ជឿថា​បង្កឡើង​ដោយ​ការ​ទទួលទាន​សណ្តែកបណ្តុះ​ឆៅ​។​

​    ​ជិត​ពាក់កណ្តាល​នៃ​ករណីនេះ​បាន​វិ​វ​ឌ្ឍ​ជា​ជំងឺ​ក្នុង​រយៈពេល ១១ ថ្ងៃ​ចុង​ក្រោយនេះ ហើយ​មនុស្ស​ចំនួន ៤៣ នាក់​ត្រូវបាន​នាំ​មន្ទីរពេទ្យ ចាប់តាំងពី​បាក់តេរី​នេះ​ចាប់ផ្តើម​ផ្ទុះឡើង​កាលពី​ខែធ្នូ​ឆ្នាំមុន​។ 

​    ​រដ្ឋ South Australia ជាធម្មតា​មាន​ករណី​បាក់តេរី​នេះ​តែ ២០ ស្តើង​តែប៉ុណ្ណោះ​រៀងរាល់ឆ្នាំ​។ 

​    ​មេ​មន្ត្រី​សុខាភិបាល លោក Paddy Phillips បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា "​ការស៊ើបអង្កេត​របស់​យើង​បាន​ចង្អុល​ប្រាប់​យើង​ថា ការ​ទទួលទាន​សណ្តែក​បណ្តុះ​ឆៅ​បានរួម​ចំណែក​ចំពោះ​ការកើនឡើង​ករណី​ទាំងនេះ​"​។ 

​    ​ក្រសួងសុខាភិបាល​រដ្ឋ South Australia បាន​ជំរុញ​ប្រជាជន​កុំឱ្យ​ទទួលទាន​សណ្តែកបណ្តុះ​ឆៅ និង​បណ្តា​ហាង​លក់​ចំណីអាហារ​សូមកុំ​រោយ​សណ្តែកបណ្តុះ​ឆៅ​ពីលើ​។ 

​    ​ផ្នែក​សុខាភិបាល​បាន​កំពុងធ្វើការ​ស៊ើបអង្កេត​មូលហេតុ​នៃ​ការ​ផ្ទុះឡើង​បាក់តេរី Salmonella និង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ផលិត ក្រុមហ៊ុន​ចែកចាយ និង​អ្នកទទួល​សណ្តែកបណ្តុះ​។ 

​    ​រោគសញ្ញា​នៃ​ជំងឺឆ្លង​ពី​បាក់តេរី Salmonella គឺ គ្រុនក្តៅ រាគរូស និង​ក្អួតចង្អោ​៕

ប្រភព៖ យ៉ាហ៊ូ