ពណ៌សក់អ្វីខ្លះ ពេញនិយមបំផុត ក្នុងចំណោមយុវវ័យខ្មែរ ប្រចាំឆ្នាំ២០១៦ នេះ?

ភ្នំពេញ៖ ក្នុងឆ្នាំថ្មី​២០១៦ អ្វីៗគ្រប់យ៉ាង ផ្លាស់ប្តូរទៅតាមសម័យកាល មិនថាស្ទាយតុបតែងខ្លួន របស់ប្រើប្រាស់ ឬចិត្តគំនិតនោះទេ។ ពិសេសទៀតសម្ផស្សតែម្តង តែងតែមានភាពផ្លាស់ប្តូរ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ជាការពិតណាស់ មនុស្សមួយចំនួន តែងតែចង់ផ្លាស់ប្តូរមកអ្វីដែលថ្មីប្លែក ដើម្បីអភិវឌ្ឍន៍ខ្លួន ឈានទៅកាន់ភាពទាន់សម័យ និងស៊ីវីល័យថែមមួយកំរិតទៀត។ ដូចគ្នានេះដែរ យុវវ័យមួយចំនួន ពួកគេគិតថាភាពទាន់សម័យ តាមរយៈការផ្លាស់ប្តូរពណ៌សក់ ដែលកំពុងតែទទួលបាន ការពេញនិយមយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជឿនលឿននីមួយៗ។

ចំពោះយុវវ័យកម្ពុជាមួយចំនួនវិញ ក៏មានជំនឿថាមិនខុសគ្នាប៉ុន្មានដែរ ក្នុងការផ្លាស់ប្តូរម៉ូត និងពណ៌សក់ ដោយពួកគេគិតថា អាចនាំមកនូវភាពស្រស់ស្អាតទាក់ទាញ និងស៊ីវីល័យ ហើយអាចជំរុញឲ្យក្លាយជា មនុស្សថ្មីម្នាក់ទៀត។

ទន្ទឹមនឹងនេះ ក្រុម​ការងារខ្មែរឡូត បានស្វែងរកនិងចុះទៅកាន់ ហាងសាឡនមួយចំនួនដោយផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ ដែលតាមដឹង លឺថាសុទ្ធតែជាហាងល្បី ជំនាញផ្នែកសក់ និងជំនាញផ្នែកតុបតែងសក់ ដែលមិត្តៗយុវវ័យខ្មែរ ចូលចិត្តទៅ។

ខ្មែរឡូតបានធ្វើការសាកសួរពួកគាត់ អំពីចំណង់ចំណូល របស់យុវវ័យខ្មែរបច្ចុប្បន្ននេះ ថាភាគច្រើនបំផុត ពួកគេចូលចិត្តលេងម៉ូតសក់ពណ៌អ្វី និងតើពណ៌អ្វីដែលពេញនិយមខ្លាំងជាងគេបំផុត នៅក្នុងឆ្នាំ ២០១៦ នេះ? តាមដានទាំងអស់គ្នា!

អ្នកឯកទេសយ៉ាងប៉ិនប្រសព្វ ប្រចាំហាងថែរក្សាសម្ផស្ស The Orchid Salon & Spa ដែលទំនើប និងមានផាសុកភាព បានបង្ហើបប្រាប់មកកាន់ ក្រុមការងារខ្មែរឡូតថា ជាធម្មតាភ្ញៀវដែលអញ្ចើញមកកាន់ ហាងរបស់គាត់ បើនិយាយទៅ មានភ្ញៀវមកលាបថ្នាំសក់មិនលួសឡើយ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់កត់សម្គាល់នោះ គឺភាគច្រើនខ្លាំងមែនទែន អតិថិជននិយមលេងសក់ «ពណ៌ស្លែ និងពណ៌ស្លែបែក» ព្រោះពួកគាត់គិតថាពណ៌ទាំងនេះ មើលទៅសីុវីល័យ ហើយទាក់ទាញ និងមើលទៅមានលក្ខណៈស្រគត់ស្រគុំម៉្យាងដែរ។ បន្ទាប់មក មានដូចជា «ពណ៌ស្វាយ និង ពណ៌ធម្មជាតិ» ក៏ពេញនិយមច្រើនផងដែរ។

ជួបជាមួយអ្នកឯកទេស ប្រចាំហាងដ៏ពេញនិយមមួយទៀត Platinium Salon (ផ្លាទីនីម សាឡន) បានប្រាប់ក្រុមការងារខ្មែរឡូតថា ធម្មតាអតិថិជនអញ្ចើញមកកាន់ហាងរបស់គាត់ មានមួយចំនួនធំមកលាបសក់តែម្តង។ ពណ៌សក់ដែលពេញនិយម និងដាច់បំផុត ប្រចាំហាងរបស់គាត់ គឺ «ពណ៌ទឹកប្រាក់» ឬអាចហៅបានម៉្យាងទៀតថា «ពណ៌ប្រផេះ»។ បន្ទាប់ពីនេះ មានពណ៌បន្ទាប់បន្សំមួយចំនួន ដែលយុវវ័យភាគច្រើននិយមចូលចិត្តនោះ គឺប្រភេទ «ឆ្កឹះពណ៌» ដូចជា «ពណ៌ខៀវ ស្វាយ និងផ្កាឈូក» ជាដើម។ រីឯតំលៃវិញ ជាធម្មតាតំលៃចាប់ពី ៤០$ ដល់ ៨០$ទៅតាមប្រភេទសក់វែង ឬខ្លី។

សរុបសេចក្តីមក យោងតាមការសាកសួរក្រៅផ្លូវការ ពីសំណាក់ហាងសាឡនល្បីៗមួយចំនួន និងមិត្តយុវវ័យមួយចំនួននៅខាងក្រៅផងនោះ អាចបញ្ជាក់បានថា បច្ចុប្បន្ននេះពណ៌សក់ដែលយុវវ័យកម្ពុជាយើង និយមជាងគេបំផុត ប្រចាំឆ្នាំ២០១៦នេះ មានដូចជា ពណ៌ប្រផេះ (ស ឬទឹកប្រាក់) ពណ៌ស្វាយ ពណ៌ស្លែនិងជាលក្ខណៈឆ្កឹះពណ៌៕

ចុះប្រិយមិត្តវិញ ចូលចិត្តពណ៌សក់អ្វីដែរ និងយល់យ៉ាងណា ចំពោះពណ៌សក់ទាំងនេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពណ៌សក់អ្វីខ្លះ ពេញនិយមបំផុត ក្នុងចំណោមយុវវ័យខ្មែរ ប្រចាំឆ្នាំ២០១៦ នេះ?
រូបភាពតំណាង ផ្តល់ឲ្យខ្មែរឡូត

ពណ៌សក់អ្វីខ្លះ ពេញនិយមបំផុត ក្នុងចំណោមយុវវ័យខ្មែរ ប្រចាំឆ្នាំ២០១៦ នេះ?
រូបភាពតំណាង ផ្តល់ឲ្យខ្មែរឡូត

ពណ៌សក់អ្វីខ្លះ ពេញនិយមបំផុត ក្នុងចំណោមយុវវ័យខ្មែរ ប្រចាំឆ្នាំ២០១៦ នេះ?
រូបភាពតំណាង ផ្តល់ឲ្យខ្មែរឡូត

ពណ៌សក់អ្វីខ្លះ ពេញនិយមបំផុត ក្នុងចំណោមយុវវ័យខ្មែរ ប្រចាំឆ្នាំ២០១៦ នេះ?
រូបភាពតំណាង ផ្តល់ឲ្យខ្មែរឡូត