៥​យ៉ាង​ដែល​អ្នក​ស្ថិត​ក្នុង​អំឡុង​វ័យ​២០​ឆ្នាំ​គួរ​អនុវត្ត​​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ពេល​ឈាន​ចូល​ដល់​វ័យ​៤០​​ឆ្នាំ​

នៅក្នុងវ័យ២០ឆ្នាំ ជីវិតរបស់មនុស្សមានទាំងភាពគួរឲ្យភ័យខ្លាច និងភាពរំភើបរីករាយនិងជីវិត។ នៅក្នុងវ័យនេះ មនុស្សនឹងជួបនឹងរឿងរ៉ាវថ្មីៗជាច្រើនក្នុងជីវិតរបស់ខ្លួន គេអាចចាប់ផ្ដើមមានស្នេហាដំបូង គេអាចចាប់ផ្ដើមរស់នៅឆ្ងាយពីក្រុមគ្រួសារ និងចាប់ផ្ដើមមានការងារធ្វើ និងរកប្រាក់ចំណូលដើម្បីចាយវាយដោយខ្លួនឯង។

នៅពេលដែលគេចាប់ផ្ដើមរកលុយបានដោយខ្លួនឯងនេះហើយ ដែលជាពេលដែលគេចង់ចាយវាយ និងប្រើប្រាស់នូវលុយកាក់ដែលគេខំរកបានមក។ ក៏ប៉ុន្តែ គេអាចនឹងមានការធ្វេសប្រហែសនៅក្នុងការគ្រប់គ្រងលុយកាក់ដែលខ្លួនរកបានមកនោះ ដែលការណ៍នេះ នឹងអាចជះឥទ្ធិពលដល់ជីវិតរបស់គេនាថ្ងៃអនាគត។

ដូចនេះហើយ ចំណុច៥យ៉ាងនេះ នឹងជួយឲ្យគេចេះមានទម្លាប់ល្អក្នុងរឿងលុយកាក់ចាប់ពីអំឡុងវ័យ២០ឆ្នាំនេះទៅ ហើយដែលនឹងជួយឲ្យគេអាចក្លាយជាអ្នកមាននៅពេលមានវ័យឈានចូលដល់៤០ឆ្នាំ។

១. ការលៃលកនូវថវិការបស់ខ្លួន

ការចេះលៃលកនូវថវិកាផ្ទាល់ខ្លួនឲ្យមានភាពមាំទាំ គឺជាសសរគោលដ៏សំខាន់មួយនៃហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ និងដែលគួរអនុវត្តឲ្យបានឆាប់តាមដែលអាចធ្វើបាន។ ការតាមដានពីប្រាក់ចំណូល និងតម្លៃចំណាយរបស់ខ្លួន និងជួយអោយបុគ្គលម្នាក់ៗ អាចដឹងពីអ្វីដែលខ្លួនចំណាយលើសជ្រុល ហើយនិងអាចឈានដល់ការសន្សំសំចៃបាន។ អ្នកត្រូវតែមានវិន័យផ្ទាល់ខ្លួន និងចេះបង្កើតនូវទម្លាប់ដូចជា យកអាហារទៅពីផ្ទះ ជំនួសឲ្យការទិញអាហារស្រាប់ដែលមានតម្លៃថ្លៃ សម្រាប់អាហារថ្ងៃត្រង់ កាត់បន្ថយការទិញកាហ្វេស្រាប់ មកជាការឆុងកាហ្វេញុំាដោយខ្លួនឯងជាដើម ព្រមទាំងការកាត់បន្ថយនូវការចំណាយទិញអ្វីៗជាច្រើនទៀត ដែលអ្នកអាចកាត់បន្ថយបាន។

២. ការបង្កើតទម្លាប់សន្សំទុក

មិនថាអ្នកអាចរកបានចំនួនប៉ុន្មានក្នុងមួយថ្ងៃ អ្នកគួរចាប់ផ្ដើមដកនូវចំណែកខ្លះនៃប្រាក់ចំណូលរបស់អ្នក(៥-១០ភាគរយ) ដើម្បីសន្សំទុក។ ប្រសិនបើអ្នកមានភាពលំបាកក្នុងការបង្កើតទម្លាប់ដកលុយទុកសន្សំ អ្នកអាចជ្រើសរើសវិធីដែលជួយដកលុយដែលអ្នករកបានផ្ទេរចូលទៅក្នុងគណនីសន្សំរបស់អ្នកដោយស្វ័យប្រវត្តិបាន ដើម្បីជួយកាត់បន្ថយនូវចំណង់ក្នុងការចាយវាយរបស់អ្នកផង និងជួយដកលុយសន្សំទុកផង។

៣. ជៀសឲ្យផុតពីបំណុលដែលមិនសមស្រប

ចូរកុំបង្កើតបន្ទុកដល់ខ្លួនអ្នកជាមួយនិងបំណុលដែលអ្នកមិនមានលទ្ធភាពអាចទ្រទ្រង់បាន។ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ(ដូចជាការធ្វើដំណើរកម្សាន្តក្រៅប្រទេស) ឬទិញអ្វីមួយដែលមានតម្លៃថ្លៃ អ្នកត្រូវដាក់បញ្ចូលវានៅក្នុងគម្រោងថវិការបស់អ្នក ហើយសន្សំលុយសម្រាប់វា ជៀសវាងការខ្ចីបុលគេដើម្បីធ្វើវា ហើយចាំសងគេវិញជាដំណាក់កាលតាមក្រោយ ព្រោះថា ការណ៍ដែលអ្នកត្រូវបង់ការប្រាក់ជាប្រចាំសម្រាប់បំណុលនោះ ប្រៀបដូចជាការប្លន់យកនូវលុយកាក់ពីខ្លួនអ្នកប្រចាំថ្ងៃ ប្រចាំខែ ដូចនោះដែរ។

៤. ទទួលយកនូវហានិភ័យខ្លះ

នៅក្នុងអំឡុងវ័យ២០ឆ្នាំ អ្នកអាចមានពេលវេលា និងឱកាសនៅក្នុងការវិនិយោគលើកិច្ចការអ្វីមួយ ដែលអាចជាការវិនិយោគក្នុងវិស័យភាគហ៊ុន និងវិស័យអចលនទ្រព្យជាដើម ហើយដែលជាទូទៅការវិនិយោគមានដំណើរការជាវដ្ដមួយ ដែលពេលខ្លះមានឡើង និងពេលខ្លះមានចុះ ដូចនេះហើយអ្នកត្រូវចេះទទួលយកនូវហានិភ័យ ជម្នះនូវការខាតបង់នៃការវិនិយោគ ហើយរីករាយនូវភាពជោគជ័យ និងចំណេញក្នុងការវិនិយោគរបស់ខ្លួន។ ជាមួយគ្នានេះដែរ អ្នកក៏ត្រូវចេះស្វែងរកនូវដំបូន្មានល្អៗ ដើម្បីវិនិយោគដោយជោគជ័យ។

៥. កំណត់នូវគោលដៅសម្រាប់ខ្លួនឯង

អ្នកត្រូវគិតអំពីគោលដៅស្ថានភាពហិរញ្ញវត្ថុដែលខ្លួនចង់បានក្នុងពេលខាងមុខ ព្រមទាំងវិធីដែលអាចជួយអ្នកឲ្យទៅដល់ទីនោះ បន្ទាប់មកបំបែកវាជាគោលដៅប្រចាំឆ្នាំ ប្រចាំត្រីមាស និងប្រចាំខែជាដើម។ យ៉ាងណាក៏ដោយគោលគំនិតនៃការក្លាយជាអ្នកមាន គឺពឹងផ្អែកលើអាទិភាពរបស់បុគ្គលម្នាក់ៗផងដែរ។ ឧបមាថាអ្នកចង់មានលុយ១លានដុល្លារនៅពេលអ្នកមានអាយុ៤០ឆ្នាំ នោះអ្នកនឹងត្រូវចោទជាសំណួរខ្លួនឯងថា តើអ្នកត្រូវសន្សំលុយប៉ុន្មានក្នុងមួយឆ្នាំដើម្បីអាចសម្រេចបានគោលដៅនេះ ហើយថាតើអ្នកអាចវិនិយោគបានទេ ដើម្បីឆាប់បានសម្រេចនូវគោលដៅរបស់អ្នក?

ប្រភព៖ cambomag

  • ៥​យ៉ាង​ដែល​អ្នក​ស្ថិត​ក្នុង​អំឡុង​វ័យ​២០​ឆ្នាំ​គួរ​អនុវត្ត​​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ពេល​ឈាន​ចូល​ដល់​វ័យ​៤០​​ឆ្នាំ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: