ចង់​សាង​ការ​ជឿជាក់​ពី​អតិថិជន សាក​គិត​លើ​ចំណុច​សំខាន់ៗ​ទាំង​៤​យ៉ាង​​នេះ

មាន​ជំនួញ​ជា​ច្រើនបាន​បរាជ័យ​ទៅវិញ​ បន្ទាប់​ពីរ​ដំណើរ​ការ​មិនបាន​ប៉ុន្មាន​ផង ដោយសារ​តែ​មូលហេតុ​​ផ្សេងៗ។ ប៉ុន្តែ​មូលដ្ឋាន​សំខាន់​មួយ ក្នុង ​គឺ​ខ្វះ​ការ​ជឿជាក់​ពី​អតិថិជន​ មក​លើ​ផលិតផល​ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​នោះ។ ផលិតផល ឬ សេវាកម្ម​ទាំងឡាយ​ ពិតជា​មិន​អាច​ដំណើរ​ការ​ទៅតាម​គម្រោង បាន​ឡើយ បើ​គ្មាន​អ្នក​ហាន​ទិញ​។​ ដូច្នេះហើយ រាល់​មុខ​ជំនួញ​ទាំងអស់ វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​​ ក្នុង​ការ​ទាញ​យក​ការ​ជឿជាក់​ពី​អតិថិជន។​

ដើម្បី​សាង​ការ​ជឿជាក់​របស់​អតិថិជន​លើ​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក គួរ​សិក្សា​លើ​ចំណុច​ទាំង​នេះ៖

១) បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​ទូលាយ និង​លម្អិត​
ដំណាក់កាល​សំខាន់​មួយ​ដែល​មិន​គួរ​ធ្វេសប្រហែស​នោះ គឺ​ការ​ផ្សព្វផ្សាយ ព្រោះ​បើ​គ្មាន​នរណា​ស្គាល់​ទេ ផលិតផល ឬ សេវាកម្ម​របស់​អ្នក​ក៏​មិន​លក់ដាច់​ដែរ។ ក្នុង​ន័យ​នេះ ក្រុមហ៊ុន​របស់​អ្នក គួរតែ​ផ្សព្វផ្សាយ​ឲ្យ​ទូលាយ ជាមួយនឹង​ការ​បញ្ជាក់​អំពី​លក្ខណៈ​ពិសេស​ឲ្យ​បាន​ច្បាស់ និង ប្លែក​ពី​ផលិតផល​ដទៃ​ទៀត។ ជាក់ស្តែង​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន បើ​អតិថិជន​មិន​ស្គាល់​ច្បាស់​ពី​ផលិតផល ឬ សេវាកម្ម​នោះ​ទេ ពួកគេ​ប្រាកដជា​មិន​ហាន​សាកល្បង​នោះ​ប្រើប្រាស់​ឡើយ។ ដូច្នេះ ហើយ​ការ​ផ្សព្វផ្សាយ ដោយ​​បញ្ជាក់​យ៉ាង​ច្បាស់ និង សាមញ្ញ​អំពី​ផលិត ឬ សេវាកម្ម​ទាំងនោះ​ គឺ​ជា​គន្លឹះ​មួយ ធ្វើឲ្យ​ចាប់ផ្តើម​អតិថិជន​ជឿជាក់​ក្នុងចិត្ត មុន​ពេល​ពួកគេ​សម្រេច​មក សាកល្បង​។

២) ជួយ​ដោះស្រាយ​បញ្ហា​ផ្សេង​នៅ​ពេល​មាន​បញ្ហា​
ជា​ធម្មតា​ទេ ក្រុមហ៊ុន​នីមួយៗ​តែងតែ​ធានា​លើ​គុណភាព​ផលិតផល ឬ សេវាកម្ម​របស់​ខ្លួន​ដល់​អតិជន ប៉ុន្តែ​ពេលខ្លះ​អ្វីៗ​មិន​ដូច​ការ​អះអាង​នោះ​ឡើយ ហើយ​អតិថិជន​ទាំង​នោះ ក៏​មាន​ការ​ខកចិត្ត​ផង​ដែរ នៅ​ពេល​ពួកគេ​ទទួល​បាន​អ្វី​ខុស​ពី​ការ​រំពឹង​ទុក។ វា​ជា​រឿង​ជៀស​មិន​ផុត​ពី​បញ្ហា​ផ្សេងៗ​នោះ​ទេ ប៉ុន្តែ បើ​ក្រុមហ៊ុន​ហាក់ដូចជា​មិន​សូវ​អើពើ ឬ មិន​ប្រញាប់​ដោះស្រាយ​បញ្ហា​ជូន​អតិថិជន​ឲ្យ​ទាន់ពេល​វេលា​ទេ វា​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​របស់​មនុស្ស​ទូទៅ។ ដូច្នេះ ក្រុមហ៊ុន​នីមួយៗ គួរតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត​រាល់ពេល​មាន​បញ្ហា​កើត​ឡើង ព្រោះ​ការ​ធ្វើ​បែប​នេះ ធ្វើឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​ខ្ពស់ ហើយ​នឹង​នៅ​តែ​បន្ត​ប្រើប្រាស់​ផលិតផល របស់​ក្រុមហ៊ុន​ទៀត។

៣) គោរព និង ផ្តល់​តម្លៃ​ដល់​អតិថិជន​ស្មើៗគ្នា
ជា​ធម្មតា​ទេ អតិថិជន​តែងតែ​មាន​កំរិត​ ឋានៈ​ និង ជីវភាព​រស់នៅ​មិន​ដូច​គ្នា​ទេ។ គួរ​ចង​ចាំ​ថា មិនថា អ្នកនោះ​ជា​អ្នក​មាន ឬ ក្រ​នោះ​ទេ ឲ្យ​តែ​​មាន​លទ្ធភាព​ទិញ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​​នោះ​ពួកគេ​ គឺ​​សុទ្ធតែ​ជា​អតិថិជន​ដ៏​សំខាន់​របស់​អ្នក។ ដូច្នេះហើយ​ គួរ​ផ្តល់​ការគោរព និង ផ្តល់​តម្លៃ​ដល់​ពួកគេ​ស្មើៗ​គ្នា ព្រោះ​ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​សាង​ទំនុកចិត្ត​ដ៏​សំខាន់ នាំឲ្យ​អាជីវកម្ម​របស់​អ្នក​អាច​ដំណើរ​ការ​បាន​យ៉ាង​ល្អ។ បើ​អ្នក​ធ្វើ​បែប​នេះ​ ​ ប្រាកដ​ណាស់ អ្នក​ទាំង​នោះ​នឹង​បន្ត​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន។

៤) ផ្ដោត​លើ​គុណភាព​ជា​ចម្បង
ចំណុច​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​ ចំណុច​សំខាន់ៗ​ជា​ច្រើន​ទៀត​ ដែល​អតិថិជន​ចង់​បាន​នោះ គឺ ការ​ទទួល​គុណភាព​ដ៏​ល្អ ពី​ផលិតផល ឬ សេវាកម្ម​ដែល​ពួកគេ​ទិញ​។ ការ​ពង្រឹង​គុណ​ភាព​ផលិត​ផល​ ឬ សេវាកម្ម គឺ​ពិតជា​រឿង​ដ៏​សំខាន់​បំផុត​ ដែល​មិន​ត្រូវ​មើល​រំលង​នោះ​ឡើយ ព្រោះ​បើ​ទោះបីជា​​ ទំនិញ​ក្រុមហ៊ុន​របស់​អ្នកមាន​តម្លៃ​ប្រហាក់ប្រហែល​ជា​មួយ​នឹង​ក្រុមហ៊ុន​ដទៃ តែ​បើ​មាន​គុណភាព​អន់​នោះ មិនយូរ​មិន​ឆាប់​ពួកគេ​នឹង​បែរ​ទៅ​រក​ក្រុមហ៊ុន​ផ្សេង​ជាក់ជា​មិនខាន​។

ប្រភព៖ angkorvoice

  • ចង់​សាង​ការ​ជឿជាក់​ពី​អតិថិជន សាក​គិត​លើ​ចំណុច​សំខាន់ៗ​ទាំង​៤​យ៉ាង​​នេះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: