ជើងឯក​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​ ប្រាប់​​បទពិសោធន៍​ជោគជ័យ​ក្នុង​​ការ​​​តស៊ូ​​មតិ​​​

ក្រុម​របស់​យុវតី ស្រេង​ ធីតា, ជា សុគន្ធធានី និង យី មុយឡេង មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ឈ្នះ​ជើងឯក​ផ្នែក​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​​​​ឆ្នាំ ២០១៦ ប្រចាំ​កម្ពុជា បន្ទាប់​ផ្ដួល​គូ​ប្រកួត មក​ពី​សាកលវិទ្យាល័យ​​​ប៊ែលធី​​អន្តរជាតិ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ថ្ងៃ​នេះ​​តាម​រយៈ Sabay យុវតី​​ឆ្នើម​ទាំង​បី សូម​ចែករំលែក​បទពិសោធន៍ជោគជ័យ​​ក្នុងការ​ធ្វើ​​​ការ​តស៊ូ​មតិ។

អ្នក​ទាំង​បី​បាន​ប្រាប់​ថា បេក្ខជន​ត្រូវ​គោរព​តាម​វិធាន ដែល​បង្កើត​ដោយ​គណៈកម្មការ​រៀប​ចំ​កម្មវិធី ដែល​​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាមការសម្រេច និង​រៀបចំ​របស់​គណៈកម្មការ​នីមួយៗ​ ហើយ​បេក្ខជន​ត្រូវ​​យល់​ដឹង​​​ប៉ុន្មាន​ចំណុច​នេះ។

ឥរិយាបថ​ក្នុង​ការ​ត​ស៊ូ​មតិ៖ ត្រូវ​មាន​កាយវិការ ការ​លើក​ដាក់​សំឡេង​ និង​ពាក្យ​សម្តី​ឱ្យ​បានត្រឹមត្រូវ និង​​​សមរម្យ។ ត្រូវ​គោរព​គូ​បដិបក្ខ​ដោយ​​មិន​ត្រូវ​គិត​រឿង​ឈ្នះ​ចាញ់​ទេ ប៉ុន្តែ​​ត្រូវតែ​វែកញែក​រក​គំនិត​ល្អ​ៗ ​​ត្រូវ​មាន​ទំនុក​ចិត្ត និង​ចេះ​ធ្វើ​ឱ្យ​គេ​ជឿ​ជាក់​លើ​ខ្លួន។

ប្លង់​ក្នុង​ការ​និយាយ៖ ត្រូវ​គាំទ្រ​លើ​ប្រធានបទ​របស់​ខ្លួន​ឱ្យ​ដល់​ទី​បញ្ចប់ ត្រូវ​ប្រឆាំង ត្រូវស្រប និង​រក​ឱ្យ​ឃើញ​ថា ការ​អះអាង​របស់​គូបដិបក្ខ​ពិត​ជា​ខុស​។ អ្វី​ដែល​អ្នក​​លើក​យក​មកនិយាយ​ ត្រូវ​មាន​អំណះអំណាង​​ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ​ តាមរយៈ កាសែត​ក្នុង និង​ក្រៅ​ស្រុក របាយការណ៍​ចេញ​ដោយ​អង្គការ​អន្តរជាតិ​ល្បី​ៗ សៀវភៅ ឯកសារ​ស្រាវជ្រាវ​ និង​សម្ដី​របស់ បុគ្គល​ល្បីៗ​ជាដើម ។ ប្លង់​និយាយ​នេះ​​​ដែរ ត្រូវ​មាន​រចនាសម្ព័ន្ធ​ល្អ ដើម្បី​ធ្វើ​ឱ្យ​អ្នក​ស្ដាប់​ងាយ​យល់​​។

ការ​គ្រប់គ្រង​ពេលវេលា៖ ត្រូវ​គ្រប់គ្រង​ពេល​​វេលា​ឱ្យ​បាន​ល្អ ត្រូវ​តាម​ការ​កំណត់​របស់​គណៈកម្មការ។ មិន​ត្រូវ​ឱ្យ​លើស​ឡើយ បើ​មិន​ដូច្នេះ​ទេ អ្នក​​នឹង​បរាជ័យ។

ជើងឯក​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​ ប្រាប់​​បទពិសោធន៍​ជោគជ័យ​ក្នុង​​ការ​​​តស៊ូ​​មតិ​​​

ពេល​សួរ​ថាតើ​ចំណុច​អ្វី​ខ្លះ ​ធ្វើ​ឱ្យ​ក្រុម​ខ្លួន​ឈ្នះ​ពាន​រង្វាន់​ជើងឯក​ផ្នែក​អ្នក​ត​ស៊ូ​មតិ​ដ៏​ឆ្នើម? ពួកគេ​បាន​​ទម្លាយ​ថា គឺ​ការស្រាវជ្រាវ ការ​ធ្វើ​ការ​ជា​ក្រុម និង​ការ​ទទួល​បាន​ការ​ហ្វឹកហាត់​ពី​គ្រូ​បង្វឹក។

“ពួក​យើង​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។ យើង​មើល​វិធី​ត​ស៊ូ​មតិ​តាម​រយៈ Youtube និង បណ្តាញ​នានា ដើម្បី​ពង្រឹង​សមត្ថភាព ។ យើង​ក៏​បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ស្វែងយល់​ពី​ប្រធានបទ​ឱ្យ​បាន​ច្បាស់ និង​ស្វែង​រក​ព័ត៌មាន​នានា​មក​ធ្វើ​ជា​អំណះអំណាង​ជាដើម”។

“ពួក​យើង​ទាំង​បី​នាក់ តែងតែ​ណាត់​ជួប​គ្នា​ដើម្បី​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់ និង​ស្រាវជ្រាវ​លើ​ប្រធានបទ​ជាមួយគ្នា ហើយយើង​​ប្ដេជ្ញា​ថា​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត”។

“គ្រូ​បង្វឹក​បាន​ណែនាំ​យើង​អំពី​វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ការ​ត​ស៊ូ​មតិ ហើយ​យើង​បាន​ហាត់​សម​មុខ​គ្រូ​បង្វឹក​របស់​យើង ដើម្បី​ឱ្យ​ពួកគាត់​វាយ​តម្លៃ និង​កែ​តម្រូវ​ពួក​យើង”។

ក្រោយ​​ឈ្នះ​ការប្រកួត​ប្រចាំ​ប្រទេស ក្រុម​យុវតី នឹង​​ជិះ​យន្តហោះ​ ទៅ​ប្រកួត​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​តៃវ៉ាន់ ថ្ងៃ​ទី​ ០៣ និង​ទី ០៤ ខែ​មិថុនា។

កញ្ញា ស្រេង​ ធីតា ជា​ប្រធាន​ក្រុម បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រុម​របស់​នាង​​ ​កំពុង​តែ​ត្រៀម​ខ្លួន ដោយ​ទទួល​បាន​ការ​ហ្វឹកហាត់​ពី​គ្រូ​បង្វឹក​ល្អ​ៗ ហើយកំពុង​​ធ្វើ​ការ​​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់ ​ពី​គោលដៅ​អភិវឌ្ឍន៍​ដោយ​និរន្តរភាព (ឆ្នាំ ២០១៦-២០៣០) របស់​អង្គការ​សហប្រជា​ជាតិ តាមដាន​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ និង​ធ្វើ​ការ​ហាត់​សម។

“ពួក​យើង​សង្ឃឹម ៥០% សិន ព្រោះ​មិនទាន់​ដឹង​សមត្ថភាព​របស់​គូបដិបក្ខ​នៅ​ឡើយ។ យើង​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ទទួល​បាន​ជយលាភី​ឱ្យ​​​កម្ពុជា”។

ជើងឯក​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​ ប្រាប់​​បទពិសោធន៍​ជោគជ័យ​ក្នុង​​ការ​​​តស៊ូ​​មតិ​​​

យុវតី​បាន​ផ្ដាំផ្ញើ​ថា បើ​សិន​​សិស្ស​និស្សិត ចង់​ចូលរួម​ប្រកួត អ្នក​ត​ស៊ូ​មតិ​នៅ​ឆ្នាំ​ក្រោយៗ​នោះ ពួកគេ​​គួរ​ពង្រឹង​ភាសា​អង់គ្លេស ហើយ​បន្សាំ​ខ្លួនឯង​ទៅ​នឹង​ការ​និយាយ​ជា​សាធារណៈ តាម​រយៈ​ការ​ធ្វើបទ​បង្ហាញ និង​ការ​តស៊ូ​មតិ​ក្នុង​ថ្នាក់​។ ម្យ៉ាង​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​​អ៊ីនធឺណិត ដើម្បី​​ស្រាវជ្រាវ​ឯកសារ​ល្អៗ​សម្រាប់​អាន និង​ស្ដាប់ ហើយ​ហាត់​​និយាយ​តាម​​អ្នកដទៃ​ដែល​ពូកែ ព្រមទាំង​តាម​ដាន​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ច្រើន។

កញ្ញា ស្រេង​ ធីតា  បាន​បញ្ជាក់​ថា៖ “ក្នុង​ការ​ធ្វើ​ការ​តស៊ូ​មតិ មតិស្រប និង​មតិ​ប្រឆាំង គ្មាន​មួយ​ណា​ស្រួល​ជាង​មួយ​ណា​ទេ។ គន្លឹះ​សំខាន់​ត្រូវ​រក​អំណះអំណាង​ និង​ការពារ​មតិ​របស់យើងដល់​ទី​បញ្ចប់ ហើយយើង​​ត្រូវ​តែ​ហាត់​រៀន និង​ស្រាវជ្រាវ​ទាំង​មតិស្រប និង​មតិ​ប្រឆាំង ព្រោះ​មិន​ដឹង​ថា យើង​បាន​​ស្រប់ ឬ​ប្រឆាំង​ទេ។ ត្រូវ​ហាត់​រៀន​ទាំង​ពីរ”។

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុមរបស់​​ ស្រេង​ ធីតា និង​គូប្រជែង​ បាន​ឡើង​ធ្វើ​ការ​តស៊ូ​មតិ​លើ​ប្រធាន​បទ​ ២ គឺ «ផ្ទះ​នេះ ជឿជាក់​ថា ការ​សម្រេច​បាន​នូវ​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី អាច​សម្រេច​បាន​តាម​រយៈ​ការអប់រំ» និង «ផ្ទះ​នេះ ជឿជាក់​ថា ថាមពល​នុយក្លេអ៊ែរ គឺ​ជា​ការ​ផ្គត់ផ្គង់​ថាមពល​សម័យ​ទំនើប ដែល​ប្រទេស​នីមួយៗ​គួរ​ប្រើប្រាស់ សម្រាប់​ការ​ជំរុញ និង​អភិវឌ្ឍ​សេដ្ឋកិច្ច» ក្រោម​ប្រធាន​បទ​មេ «គោលដៅអភិវឌ្ឍន៍​ ប្រកប​ដោយ​និរន្តរតភាព (២០១៦-២០៣០) ដោយ​ក្រុម​របស់​កញ្ញា ឡើង​ធ្វើការការពារ និង​គាំទ្រ​មតិ​ប្រឆាំង៕

ប្រភព៖ sabay

  • ជើងឯក​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​ ប្រាប់​​បទពិសោធន៍​ជោគជ័យ​ក្នុង​​ការ​​​តស៊ូ​​មតិ​​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ជីវិតនិងសង្គម
Tags: