អាហារ​ជាតិ​ខ្លាញ់​ទាប​សម្រាប់​ស្ត្រី​ពពោះ​

6 Videos


​ស្ត្រី​ពពោះ​មួយចំនួន​យល់ថា​ត្រូវ​ហូប​អាហារ​ឱ្យ​ឆ្អែតៗ​ហូប​ឱ្យបាន​គ្រប់មុខ​ហាម​តម​… វា​ជាការ​ពិត មែន ប៉ុន្តែ​មិនមែន​ទាំងអស់​នោះទេ​ព្រោះ​ស្ត្រី​ពពោះ​គួរតែ​ទទួលទាន​អាហារ​ឱ្យ​គ្រប់ក្រុមនិងចម្រុះ​មុខ​ក្នុង​បរិមាណ​មួយ​គ្រប់គ្រាន់​ពោលគឺ​មិន​ច្រើនពេក​មិនតិច​ពេក ។ កត្តាសំខាន់​គួរតែ​ចៀសវាង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​ម្សៅនិងជាតិ​ស្ករ​ផងដែរ ។

-​ហេតុអ្វី​បានជា​ត្រូវ​ហូប​អាហារ​ជាតិ​ខ្លាញ់​ទាប​
​ត្រូវ​យល់​ជាមុន​ថា​អាហារ​ជាតិ​ខ្លាញ់​ទាប​នៅទីនេះ​មិន​សំដៅ​ទៅលើ​ការ​ទទួលទាន​ដើម្បីគ្រប់គ្រង​រាង​ឱ្យ​ស្វែ​ល​ទេ ប៉ុន្តែ​វា​ការជ្រើសរើស​ទទួលទាន​អាហារ​ណា​ដែលមាន​ជាតិ​ខ្លាញ់មិន​ខ្ពស់​ពេក​ដែល​ហុច​ផល​ល្អ​ចំពោះ​ស្ត្រី​ពពោះ​ដោយសារ​ថា​ក្នុងអំឡុង​ពេលដែល​ស្ត្រី​ពពោះបរិមាណ​ឈាម​ដែល​រត់​ក្នុង​រាងកាយ​មាន​ច្រើនឡើង​សរសៃឈាម​ត្រូវ​រីក​យារ​ខ្លាំង​ត្រូវ​ធ្វើការច្រើន​ព្រោះ​ត្រូវបញ្ជូន​ទៅដល់​កូន​ក្នុង​ផ្ទៃ​ផងដែរ ។ ការទទួល​ទាន​អាហារ​ឆ្អែតៗ​ឬ​មិន​ចាប់អារម្មណ៍​គ្រប់គ្រង​ជាតិ​ខ្លាញ់​វា​នឹង​ធ្វើឱ្យ​ជាតិ​ខ្លាញ់​ប្រមូលផ្តុំ​ហើយ​បើ​យើង​មាន​ខ្លាញ់​ប្រមូលផ្តុំ​ច្រើន​ក៏​ធ្វើឱ្យ​សរសៃឈាម​រួម​ត្បៀត​មានឱកាស​ធ្វើឱ្យ​សរសៃឈាម​តូចៗ​ដាច់ ។ ហេតុ​ដូច្នេះហើយ​ការទទួល​ទាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​ក៏​អាច ជួយ​ទប់ស្កាត់​មិនឱ្យសរសៃឈាម​ស្ទះ​ហើយ​ឈាម​រត់​បាន​ស្រួល​ទៀតផង ។

-​អាហារ​ជាតិ​ខ្លាញ់​ទាប​មាន​អ្វីខ្លះ ?
​រឿង​មួយ​ដែល​ស្ត្រី​មួយចំនួន​ច្រើនតែ​យល់​ខុស​នោះ​គឺ​រឿង​របស់​ខ្លាញ់​និង​អាស៊ីដ​ខ្លាញ់ ។ ស្ត្រីជា​ម្តាយ​ខ្លះ​ទទួលទាន​ខ្លាញ់​បែប​មិនសូវ​ទប់មាត់​ព្រោះ​ជឿថា​ខួរក្បាល​កូន​នឹង​លូតលាស់ដោយបាន​ទទួល ទាន​ខ្លាញ់ ។ ការពិត​សូមជម្រាបថា​អាហារ​ពពួក​ខ្លាញ់​ដូចជា​ប្រេង​ផ្សេងៗខ្លា​ញ់​ពី​សាច់សត្វ​ខុសពី​អាស៊ីដ​ខ្លាញ់​ដែល​ប្រើ​ក្នុងការ​ជំរុញ​ដំណើរ​លូតលាស់​ខួរក្បាល​កូនដែលជា​ខ្លាញ់​ល្អ​ដែលមាន​សារធាតុ​អាហារ​ពពួក​អូ​មេ​ហ្គា ៣ – ៦ – ៩ ដែល​គេ​ឃើញ​មាន ក្នុង​ត្រី​សមុទ្រ​ទឹក​ជ្រៅ ។ ដូច្នេះ​ការទទួល​ទាន​អាហារ​ដែលមាន​ខ្លាញ់​មិនមែន​បានន័យថា​អ្នក នឹង​បានទទួល​អាស៊ីដ​ខ្លាញ់​ដែល​ចាំបាច់​ចំពោះ​ការលូតលាស់​ខួរក្បាល​របស់​កូនជានិច្ច​នោះទេ ។

​អាហារ​ជាតិ​ខ្លាញ់​ទាប​មាន​ក្នុង​អាហារ​ប្រភេទ​សាច់សត្វ​ដែល​មិន​ជាប់​ខ្លាញ់​សណ្តែក​ផ្សេងៗប្រេង រុក្ខជាតិ ផលិតផល​ទឹកដោះគោ​ជាតិ​ខ្លាញ់​ទាប ប៉ុន្តែ​ចំពោះ​ទឹកដោះគោ​មានការ​លើក លែង​ខ្លះ បើ​ស្ត្រី​ជា​ម្តាយ​មិន​ចូលចិត្ត​រសជាតិ​ទឹកដោះគោ​ជាតិ​ខ្លាញ់​ទាប​អាច​ផឹក​ទឹកដោះគោប្រភេទ​ធម្មតា​ក៏បាន ព្រោះ​ក្នុង​ទឹកដោះគោ​មាន​សា​ធាតុ​អាហារ​ដ៏​ល្អ​ហើយ​មាន​កាល់ស្យូមដែល​ចាំបាច់​ចំពោះ​ឆ្អឹង​និង​ធ្មេញ ។ គួរ​ចៀសវាង​អាហារ​ប្រភេទ​ម្សៅ​និង​ស្ករ​ព្រោះ​ប្រសិនបើ​ម្សៅនិងស្ករ​រំលាយ​មិន​អស់​ក៏​នឹង​ក្លាយជា​ខ្លាញ់​មក​កក​ផ្តុំ​តាម​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ស្ត្រីជា​ម្តាយ​ធ្វើឱ្យ​បន្សល់​ទម្ងន់​លើស​ច្រើន​ក្រោយ​សម្រាល​កូន​រួច​ផង ។

-​ស្ត្រី​ពពោះ​ផ្តោតលើ​ប្រូតេអ៊ីន​
​ស្ត្រី​ពពោះ​គួរតែ​បន្ថយ​អាហារ​ដែលមាន​ខ្លាញ់ ព្រោះ​ក្រោយ​ត្រីមាស​ទីមួយ​អវយវៈ​របស់​កូន ត្រូវបាន​បង្កើត​គ្រប់លក្ខណៈ​ហើយ ។ រាប់​តាំងពី​ពេលនេះ​ទៅ​រហូតដល់​សម្រាល​នឹងមាន ការប្រែប្រួល​ត្រឹមតែ​ពង្រីក​ទំហំ​របស់ខ្លួន​កូន​ប៉ុណ្ណោះ ។ ដូច្នេះ​សារធាតុ​អាហារ​ដែល​ចាំបាច់ ហើយ​ក្មេង​ត្រូវការ​នោះ​គឺ​ប្រូតេអ៊ីន ។ អីចឹង​ទេ​ស្ត្រី​ពពោះ​គួរតែ​ទទួលទាន​អាហារ​ប្រភេទ ប្រូតេអ៊ីន​ឱ្យបាន​ច្រើន ព្រោះ​ស្ត្រី​ជា​ម្តាយ​មួយចំនួនធំ​ច្រើនតែ​ខ្វះ​ប្រូតេអ៊ីន​ដោយ​មិនដឹង​ខ្លួន ដែល​អាច​សង្កេត​ដឹងបាន​តាម រយៈពេល​ដែល​យើង​ឃ្លាន​និង​មាន​អារម្មណ៍​ចង់​ទទួល ទាន​អាហារ​ប៉ុន្តែ​ពិបាក​ប្រាប់ថា​ចង់​ទទួលទាន​អ្វី​ឱ្យ​ច្បាស់លាស់ ។

​ដោយសារតែ​រាងកាយ​របស់​ស្ត្រី​ជា​ម្តាយ​ច្រើនតែ​ខ្វះ​ប្រូតេអ៊ីន​ធ្វើឱ្យ​រាងកាយ​ភ្ញោ​ច​ឱ្យ​ឃ្លានលុះដល់​ឃ្លាន​ក៏​ទទួលទាន​បាយ​ដែល​ច្រើន​តែមាន​សារធាតុ​ប្រូតេអ៊ីន​តិចតួច​ធ្វើឱ្យ​ឆ្អែត​បានមួយរយៈ​ពេល​ខ្លី​ប៉ុន្តែ​បន្តិចក្រោយមក​ក៏​ឃ្លាន​ទៀត​ព្រោះតែ​រាងកាយ​នៅ​ខ្វះ​ប្រូតេអ៊ីន​នោះឯង ។ ប៉ុន្តែ​បើយើង​ទទួល ទាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក៏​នឹង​ជួយ​ឱ្យ​យើង​មិន​ឧស្សាហ៍​ឃ្លាន​ញឹក​និងមិន​ទទួលទាន​ច្រើន​ជ្រុល ។

​បើ​យើង​ជ្រាប​គោល​ការ​បែបនេះហើយ​ត្រូវ​ជ្រើសរើស​ទទួលទាន​អាហារ​ជាតិ​ខ្លាញ់​ទាបប៉ុន្តែ​បន្ថែម​ប្រូតេអ៊ីន​ឱ្យ​រាងកាយ​ច្រើនៗ​ដើម្បី​សុខភាព​របស់​ស្ត្រី​ជា​ម្តាយ​ផងនិងកូនតូច​ក្នុង​ផ្ទៃ​ផង ៕ ​ឆាន់ ចំ​រ៉ា