អាហារ ៩ មុខ សម្រាប់​អ្នកជំងឺ​លើសឈាម​

6 Videos


​ជាការ​ពិតណាស់​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​គឺ​ត្រូវ​ប្រើ​ឱសថប៉ុន្តែ​មាន​ប្រភេទ​អាហារ​ខ្លះ​ត្រូវបាន​អះអាង ថា​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដែរដោយ​នៅពេល​ថ្មីៗ​នេះ​គេ​បាន​ស្រាវជ្រាវ​រកឃើញ​​ថា​ក៏មាន​ប្រភេទ​អាហារ​ខ្លះ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដែរ ។

​សាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា​បាន​ស្រាវជ្រាវ​រកឃើញថាស៊ុតមាន់​មាន​ប្រយោជន៍​ជួយបញ្ចុះ​សម្ពាធ​ឈាម​តាំងពី​អំឡុង​ឆ្នាំ ២០០៩ មកម្ល៉េះប៉ុន្តែ​បើតាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​​បញ្ជាក់ថា​អ្នកជំងឺ​លើសឈាម​អាច​ទទួលទាន​ស៊ុតមាន់​ស្ងោរ (​គោះ​បំបែក​ហើយ​ស្ងោរ​) មួយថ្ងៃ​មិនឱ្យ​លើសពី ២ គ្រាប់ ។ ចំពោះ​ស៊ុតមាន់​ចៀន​ដែល​ចម្អិន​ដោយ​ប្រើ​ខ្លាញ់​និង​មាន​កម្តៅ​ខ្លាំងអាច​បង្ក​ឱ្យ​បាត់បង់​ជាតិ​ប្រូតេអ៊ីន ។ ម្យ៉ាងទៀត​វា​ស្រូប​យកជាតិ​ខ្លាញ់​ហួស​កម្រិត​ទើប​អ្នកជំងឺលើសឈាម​មិន​គប្បី​ទទួលទាន​ឡើយ ។ ទោះយ៉ាងណា​ក៏ដោយ​ការ​ទទួលទាន​ស៊ុតមាន់​ច្រើនពេក​អាចធ្វើឱ្យកូ​ឡេ​ស្តេ​រ៉ូ​ល​កើនឡើង​ខ្ពស់​ហេតុនេះ​លោកអ្នក​ក៏​មិនត្រូវ​បញ្ឈប់​ប្រើ​ឱសថ​ដែរ ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​ស្ថានភាព​ជំងឺ ។

អាហារ ៩ មុខ សម្រាប់​អ្នកជំងឺ​លើសឈាម​

​ទឹកក្រូច​ច្របាច់​សម្បូរ​ទៅដោយ​វីតាមីន C ដែលមាន​ប្រសិទ្ធភាពជួយ​បង្កើន​កម្លាំង​ស៊ាំ​នឹង​ជំងឺ​នៅក្នុង​រាងកាយ ។ កាលពី​ឆ្នាំ ២០១០ សាកលវិទ្យាល័យ Auvergne ប្រទេស​បារាំង​បាន​ស្រាវជ្រាវ​រកឃើញ ថា​រាល់ថ្ងៃ​បើ​បាន​ផឹកទឹក​ក្រូច​ច្របាច់​ឱ្យបាន២កែវអាចជួយ​បញ្ចុះ​សម្ពាធ​ឈាម។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ បាន​អះអាងថា ពួកបុរស​វ័យ​កណ្តាលបើ​បាន​ផឹកទឹក​ក្រូច​ច្របាច់​កន្លះ​លីត្រ​ជាប់​គ្នា​រយៈពេល ១ ខែ កម្រិត​សម្ពាធ​ឈាម​ពិតជា​អាច​ធ្លាក់ចុះ ។ ធាតុ​ផ្សំ​ដ៏​មាន​ប្រសិទ្ធភាព​នៅក្នុង​ទឹកក្រូច​ច្របាច់​គឺ Hesperidin ហើយ​វា​ក៏​សម្បូរ​នៅក្នុង​ស្លឹក​«​តែ​» ផ្លែឈើ សណ្តែកសៀង និង កា​កាវ​ដែលមាន​ប្រយោជន៍​ជួយ​រក្សា​សុខភាព ។ ក្រៅពីនោះ​នៅក្នុង​ផ្លែក្រូច​ក៏​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារជាតិ​ប្រឆាំង​អុកស៊ីដកម្មជួយ​ទប់ស្កាត់​រ៉ាឌីកាល់​ដែល​បំផ្លាញ​សរសៃឈាមនិងសម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​អាចជួយបញ្ចុះ​សម្ពាធ​ឈាម ។ ក្រុម​អ្នកវិទ្យាជា​សាស្ត្រ​បាន​ក្រើន​រំឭកថា​អ្នកជំងឺ​លើសឈាម ​ដែល​កំពុងតែ​លេបថ្នាំ​បញ្ចុះ​សម្ពាធ​ឈាមមុននឹង​ផឹកទឹក​ក្រូច​ច្របាច់ឬទឹក​ផ្លែ​ប៉ោមគួរ​សួរ​យោបល់​ពី​គ្រូពេទ្យ ដើម្បី​ចៀសវាង​កុំឱ្យ​ទឹក​ផ្លែឈើ​បន្សាប​ជាតិ​ថ្នាំ ។

អាហារ ៩ មុខ សម្រាប់​អ្នកជំងឺ​លើសឈាម​

​សាកលវិទ្យាល័យ Western នៅ​អូស្ត្រាលី​បាន​ស្រាវជ្រាវ​រកឃើញថាបើ​បាន​ផឹកទឹក​«​តែ​»​ក្រហម ៣ កែវ ក្នុង​មួយថ្ងៃ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម ។ ចំណែកឯ​គ្រូពេទ្យ​ចិន​លោកស្រី រ៉​យ លី​លី បានឱ្យដឹងថានៅពេល​ព្រឹក​ព្រលឹម​បើ​បាន​ផឹកទឹក​«​តែ​»​ក្រហមគឺជា​ការល្អប្រសើរព្រោះ​អាច​ជួញ​ជំរុញ​ចរន្ត ឈាម​រត់​នៅក្នុង​រាងកាយ ប៉ុន្តែ​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​ត្រូវ​ផឹក​«​តែ​»​ក្រហមក្រោយពេល​ស្រស់ស្រូប​អាហារ​ពេលព្រឹក ។ នៅក្នុង​ស្លឹក​«​តែ​»​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​នបើ​ផឹក​មុនពេល​ស្រស់ស្រូប​អាហារ​អាចធ្វើឱ្យ​ពោះវៀន​ស្រូប​យកជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ជ្រុលដែល​អាច​បណ្តាលឱ្យ​កើត​អាការ​ញ័រ​ដើមទ្រូង​និង​បត់ជើងតូច​ញឹកញាប់ ។ ក្រៅពីនោះ​អ្នកខ្សោយ​ផ្នែក​សរសៃប្រសាទ​មិនត្រូវ​ផឹក​«​តែ​»​ក្រហម​ច្រើនពេក​ទេ ។​

អាហារ ៩ មុខ សម្រាប់​អ្នកជំងឺ​លើសឈាម​

​កាលពី​ឆ្នាំ ២០១១ ទស្សនា​វ​ដ្តី​«​កសិកម្មនិងស្បៀងអាហារ​គីមីវិទ្យា​»​របស់​អាមេរិកបាន​ចុះផ្សាយ​ថា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្រសួងកសិកម្មនិងស្បៀងអាហារ​ប្រទេស​អៀក​ឡង់​បានធ្វើការ​ស្រាវជ្រាវ​ទៅលើ ១០០ វិញ្ញាសា​ដែល​ស្រដៀង​គ្នាដោយបាន​វិភាគ​និង​រកឃើញថា​អ្នក​ដែល​ទទួលទាន​សារាយសមុទ្រញឹកញាប់​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាមនិងការពារ​ជំងឺ​បេះដូងដោយហេតុថា​នៅក្នុង​សារាយសមុទ្រ​មាន​ផ្ទុក​សារជាតិ Peptides ដែលជួយ​បញ្ចុះ​សម្ពាធ​ឈាម​ហើយ​នៅក្នុង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​គេ​តែង​ឃើញ​មាន Peptides នេះដែរ ។ លោកស្រី រ៉​យ លី​លី បានផ្តល់​យោបល់​ថាអ្នកជំងឺ លើសឈាម​អាច​ពិសា​សារាយសមុទ្រ​ស្ងោរ​ជាមួយ​តៅហ៊ូព្រោះ​វា​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម ។ ដោយសារតែ​ប្រភេទ​សារាយសមុទ្រ​មាន​ផ្ទុក​ជាតិអំបិល​ច្រើនដូច្នេះ​មិនអាច​ទទួលទាន​ច្រើន​ឡើយ យក​ល្អ​មួយ​សបា្តហ៍​មិនឱ្យ​លើសពី ២ ដង ។ ​ ​

​សាកលវិទ្យាល័យ Scranton រដ្ឋ​ផេ​ន​ស៊ី​វេន​ញ៉ាស​ហ​រដ្ឋ​អាមេរិកបាន​ស្រាវជ្រាវ​ឃើញថាក្នុង​មួយថ្ងៃ​បើ​បាន​ទទួលទាន​ដំឡូងជ្វា​ពណ៌​ស្វាយបាន២ដង ពិតជា​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាមព្រោះ​ប្រសិទ្ធភាព​ របស់​វា​មិន​ខុសពី​ស្រូវ​អូត(Oat)ដែល​មិន​ធ្វើឱ្យ​ឡើង​ទម្ងន់ហើយ​ស័ក្តិសម​សម្រាប់​អ្នកជំងឺ​លើសឈាម ។ ចំណែកឯ​លោក​សាស្ត្រាចារ្យ ចូ វីន​សុន (Joe Vinson) ប្រធាន​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​ថ្មី​បាន​អះអាង ថា បរិភោគ​ដំឡូងជ្វា​ពណ៌​ស្វាយ​ដុត​ទាំង​សម្បក​ជាការ​ប្រសើរហើយ​បើ​យកមក​បំពង​ឬ​ធ្វើជា​ដំឡូង​បន្ទះ​គឺ​មិន អំណោយផល​ដល់​សុខភាព​ឡើយព្រោះ​ជីវជាតិ​ជាច្រើន​ត្រូវបាន​បំផ្លាញ ។ លោកស្រី រ៉​យ លី​លី បាន​ក្រើន​រំឭកថាដំឡូងជ្វា​ពណ៌​ស្វាយ​ពិតជា​ល្អមែន ប៉ុន្តែ​វា​នៅ​ខ្វះ​ជាតិ​ប្រូតេអ៊ីននិងជាតិ​ខ្លាញ់ ដូច្នេះ​ត្រូវ​ទទួលទាន​លាយ​ជាមួយនឹង​បន្លែ ផ្លែឈើ និងអាហារ​ណា​ដែល​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន ។ ម្យ៉ាងទៀត​ត្រូវ​ទទួលទាន​ដំឡូងជ្វា​ពណ៌​ស្វាយ​ស្ងោរ​ទាំង​សម្បកហើយ​ត្រូវ​ចៀសវាង​ការ​ចម្អិន​ដោយ Microwave ព្រោះ​វា​អាច​បំផ្លាញ​ជីវជាតិ​ផ្សេងៗ ។ ក្រៅពីនោះ​បើ​ឃើញ​ស្នាម​អុជៗ​នៅ លើ​សម្បក​ដំឡូងជ្វា​ពណ៌​ស្វាយ​មិនត្រូវ​ទទួលទាន​ឡើយព្រោះ​វា​អាច​ពុល ។

​កាលពី​ឆ្នាំ ២០១២ សាកលវិទ្យាល័យ​ផ្នែក​អក្សរសាស្ត្រ​ចិន​នៅ​ទីក្រុង​ហុងកុងបានស្រាវជ្រាវ​រកឃើញ ថា​សារជាតិ​ហឹរ​នៅក្នុង​ផ្លែ​ម្ទេស​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម និងកូ​ឡេ​ស្តេ​រ៉ូ​ល​ព្រមទាំង​អាចជួយ​កាត់បន្ថយហានិភ័យ​នៃ​ជំងឺ​បេះដូង​ទៀតផង ។ ប៉ុន្តែ​បើ តាម​សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​បេះដូង​ទីក្រុង​ប៉េកាំង​បាន​អះអាងថាតាមពិត​ប្រទេស​ចិន​ដីគោក​បាន​ស្រាវជ្រាវ​រកឃើញ​តាំងពី​ឆ្នាំ ២០១០ ម្ល៉េះ​ដោយសារ​ជាតិ​ហឹរ​នៅក្នុង​ម្ទេស​អាចធ្វើឱ្យ​សរសៃឈាម​រីក​និង​មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ។ ដូច្នេះ​ក្នុង​មួយថ្ងៃតើ​ត្រូវ​ទទួលទាន​ម្ទេស​ប៉ុន្មាន​ផ្លែ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ចុះ​សម្ពាធ​ឈាម​នោះគឺ​មកទល់​បច្ចុប្បន្ន​មិនទាន់បាន​ស្រាវជ្រាវ​រកឃើញ​ទេ​ហើយក៏​កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្ត ។ ចំណែកឯ​លោក រ៉​យ លី​លី បានឱ្យដឹងថា​សារជាតិ​ហឹរ​នៃ​ម្ទេស​គឺអាច​ជំរុញ​ចលនា​ក្នុង​ក្រពះ លំហូរ​ឈាម​និង​បញ្ចេញ​ទឹករំអិល​ហើយ​មាន​ប្រយោជន៍​រំញោច​ដល់​ក្រពះ ។ ដូច្នេះ​អ្នកជំងឺ​រលាក​ក្រពះ​ឬ​ដំបៅ​ក្រពះ​មិនត្រូវ​ទទួលទាន​ច្រើន​ឡើយ ។

​កាលពី​ឆ្នាំ ២០១១ សាកលវិទ្យាល័យ Oslo ប្រទេស​ន័​រវេ បាន​ស្រាវជ្រាវ​រកឃើញថាក្នុង​មួយថ្ងៃ​បើ​បាន​ទទួលទាន​ផ្លែ​គី​វី​ចំនួន ៣ ផ្លែ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាមហើយ​ប្រសិទ្ធភាព​របស់​វា​ល្អប្រសើរ​ជាង​ការទទួល​ទាន​ផ្លែ​ប៉ោម​ទៅទៀត ។ នៅក្នុង​របាយការណ៍​ស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​ក្រុម​អ្នក​វិជ្ជា​សាស្ត្រ​បាន​សិក្សា​ស្រាវជ្រាវសាកល្បង​ទៅលើ​ពួក​បុរស ៥០ នាក់និងស្ត្រី ៦៨ នាក់ដែល​វ័យ​ជា​មធ្យម​អាយុ ៥៥ ឆ្នាំ ។ ជា​លទ្ធផល​គឺ​ក្នុង​មួយថ្ងៃ​ទទួលទានផ្លែ​គី​វី ៣ ផ្លែ គឺ​ល្អ​ជាង​អ្នកទទួល​ទាន​ផ្លែ​ប៉ោម ១ ផ្លែក្នុងការ​បញ្ចុះ​សម្ពាធ​ឈាម ។

​សាកលវិទ្យាល័យ Barcelona ប្រទេស​អេ​ស្ប៉ា​ញ​បាន​ស្រាវជ្រាវ​រកឃើញថាបើ​បុរស​ដែលមាន​ជំងឺ​បេះដូង​ផឹកស្រា​ទំពាំងបាយជូរ​ដែលមាន​ជាតិ​អាល់កុល​ស្រាល​ចំនួន ២ កែវ ក្នុង​មួយថ្ងៃរយៈពេល​បួន​សបា្តហ៍​ក្រោយមក​អត្រា​ហានិភ័យ​នៃ​ជំងឺ​បេះដូងនិងជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ធ្លាក់ចុះ​ពី ១៤ ទៅ ២០ ភាគរយ ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការវិភាគ​និង​បង្ហាញថា​ជាតិ​អាល់កុលនៅក្នុង​ស្រា​ទំពាំងបាយជូរ​ធម្មតា​ជា​ឧបសគ្គ​នៃ​ការបញ្ចុះ​សម្ពាធ​ឈាមដូច្នេះ​មានតែ​ផឹកស្រា​ទំពាំង​បាយជូរ​ដែលមាន​កម្រិត​ជាតិ​អាល់កុល​មិនឱ្យ​លើសពី ០,៥ ភាគរយ​ទើប​មាន​ប្រសិទ្ធភាព​អាច​បញ្ចុះ​សម្ពាធ​ឈាម ។ ការស្រាវជ្រាវ​ជាច្រើន​កន្លង​បាន​អះអាងថា​ក្នុង​មួយថ្ងៃ​ផឹកស្រា​ទំពាំងបាយជូរ ១ ទៅ ២ កែវ មាន​ប្រយោជន៍​ដល់​បេះដូងនិង​សម្ពាធ​ឈាម ។ កាលពី​ឆ្នាំ ២០១១ សាកលវិទ្យាល័យ Rotterdam​នៅ​ប្រទេស​ហុ​ល្លង់​បាន​បង្ហាញថាស្រា​ទំពាំងបាយជូរ​មិន​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​ឡើយ ។ ចំណែក​លោកស្រី រ៉​យ លី​លី បានឱ្យដឹងថាការស្រាវជ្រាវ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​គឺ​ចង់​ពន្យល់​ប្រាប់​ដល់ ការស្រាវជ្រាវ​របស់​ប្រទេស​ហុ​ល្លង់​ថា​មកពី​ជាតិ​អាល់កុល​កម្រិត​ខ្ពស់​ពេក​ទើប​ជះឥទ្ធិពល​អាក្រក់​ដល់​ការបញ្ចុះ​សម្ពាធ​ឈាម ។​

អាហារ ៩ មុខ សម្រាប់​អ្នកជំងឺ​លើសឈាម​

​ការស្រាវជ្រាវ​ថ្មី​មួយ​បានឱ្យដឹងថា​អ្នកជំងឺ​លើសឈាម​បើ​បាន​ផឹកទឹក​ប៊ីត​រ៉ូ​ត ១ កែវ ក្នុង​មួយថ្ងៃអាចធ្វើឱ្យ​សម្ពាធ​ឈាម​ធ្លាក់ចុះ​ប្រហែលជា ៧ ភាគរយហើយ​ក្រោយពី​បាន​ផឹក​រយៈពេល ៣ ទៅ ៤ ម៉ោង រួចមក​ប្រសិទ្ធភាព​នៃ​ការបញ្ចុះ​សម្ពាធ​ឈាម​ល្អឥតខ្ចោះ​តែម្តងហើយ​ប្រសិទ្ធភាព​អាច​រក្សា​បន្តបាន​រយៈពេល ២៤ ម៉ោង ។ ករណីនេះ​លោកស្រី រ៉​យ លី​លី បានឱ្យដឹងថាដោយសារ​ទឹក​ប៊ីត​រ៉ូ​ត​មាន​ផ្ទុក​កម្រិត​ជាតិ​ស្ករ​ខ្ពស់ បើ​ផឹក​ច្រើនពេក​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​អាច​កើនឡើង​ខ្ពស់ដូច្នេះ​គួរ​ផឹក​បរិមាណ​ល្មម​បាន​ហើយ ៕​ ​ គ​-​ឡេង​