មក​ពី​មនុស្ស !

ជា​មធ្យម​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃ​១០​នាក់​ទៅ​ហើយ សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​របស់​ជាតិ​យើង​...​ឆ្នាំវក​នេះ ។ ចំណែក​អ្នក​របួស​ជា​មធ្យម​ដែរ​មាន​ប្រមាណ​៤៨​នាក់​ក្នុង​មួយ​ថ្ងៃ​ដូច​គ្នា​...​គិត​អ្នក​ស្លាប់​និង​របួស​រយៈពេល​បុណ្យ​៥​ថ្ងៃ​ប៉ុណ្ណោះ ។

ថា​ចូល​ឆ្នាំ​ឱ្យ​វា​សប្បាយ​ម្តង​ក្នុង​មួយ​ឆ្នាំ​...​សម្រាក​ពី​ការងារ​ក៏​បាន​៥​ថ្ងៃ​ដែរ​...​ទៅ​លេង​ស្រុក​កំណើត​...​ទៅ​លេង​មណ្ឌល​កំសាន្ត​ឱ្យ​ក្នុង​ចិត្ត​រីករាយ​...​ឱ្យ​អារម្មណ៍​ភ្លឺស្វាង​...​ជ្រះថ្លា​...​កុំឱ្យ​ឆាប់​ចាស់ ឆាប់​ស្កូវ​ពេក​...​បណ្តុះ​ស្នេហ៍​...​បណ្តុះ​ភក្តីភាព​ឱ្យ​ត្រ​កុំ​ត្រកាល​...​បង្កើត​អនុស្សាវរីយ៍​ប្រចាំជីវិត​...​។​ល​។

ប៉ុន្តែ​គួរ​ឱ្យ​តក់ស្លុត​រន្ធត់​ណាស់​...​គួរ​ឱ្យ​សោកស្តាយ​និង​សង្វេគ​ក្រៃ​លែង​...​ដែល​មានជីវិត​ដល់​ទៅ​ជាង​១០​នាក់​ក្នុង​មួយ​ថ្ងៃ​ត្រូវ​បាត់បង់​...​មិន​អាច​ឆ្លង​ឆ្នាំ​បាន​...​។

ចំណែក​ជីវិត​៤៨​នាក់​ទៀត​ក្នុង​មួយ​ថ្ងៃ​ឆ្លង​ឆ្នាំ​ទាំង​លំបាក​វេទនា​ប្រចាំ​កាយ​...​ឆ្លង​បាន​ដែរ​...​តែ​ស្ទើរ​ស្លាប់ ស្ទើរ​រស់​...​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស ។

គ្មាន​អ្នក​ណា​ចង់​ស្លាប់ ចង់​របួស​ប្រចាំជីវិត​ទេ​...​ច្បាប់​ចរាចរណ៍​មាន​...​ការ​អប់រំ​ណែនាំ​មាន​...​ការ​ត្រួតពិនិត្យ​ចរាចរណ៍​មាន​...​ទេវតា​ឆ្នាំវក​...​ឆ្នាំ​ស្វា​ព្រះ​នាម​ម​ណ្ឌា​ទេវី ល្អ​និង​ស្អាត​អស្ចារ្យ​...​រឿង​អី​មិន​ចង់​គោរព​...​។

អ្នកខ្លះ​ចោទ​ថា មក​ពី​ចរាចរណ៍​រញ៉េរញ៉ៃ​...​ផឹក​ស្រវឹង​ទៅ​បើកបរ​...​យានយន្ត​បែក​កង់​រេ​ទៅ​បុក​គ្នា​...​បើក​ទាំង​ងងុយដេក​...​បើក​បណ្តើរ​ដេក​ងោក​បណ្តើរ​...​បើកបរ​អត់​ពាក់មួក​សុវត្ថិភាព​...​។​ល​។

អ្នកខ្លះ​ថា​ឆ្លង​ឆ្នាំ​មិន​រួច​មក​ពី​អាយុ​ខ្លី​ត្រូវ​អស់​...​ខ្លះ​ថា​មក​ពី​បាបកម្ម​ជាតិ​មុន​...​អាយុ​បាន​តែ​ប៉ុណ្ណឹង​...

ប៉ុន្តែ​បើ​តាម​ប៉ូលិស​ចរាចរណ៍​បាន​វាយតម្លៃ​ថា មក​ពី​កត្តា​មនុស្ស​...​មនុស្ស​ស្លាប់​មក​ពី​មនុស្ស​...​មិនមែន​មក​ពី​ខ្មោច​តាម​កាច់​...​មិនមែន​មក​ពី​អាយុ​ខ្លី​ទេ​...​មិនមែន​ទេវតា​កាច់​...​ឬ​យមរាជ​កាច់​ទេ​...​គឺ​មនុស្ស !

អា​ឡេវ