…​ក្របី​ស៊ី​ស្រូវ បង​មិន​ហ៊ាន​ដេញ​…

ម៉ោង​៨​ព្រឹក​ម្សិលមិញ​...​ទើបតែ​ចូល​ដល់​ប៊ុ​យ​រ៉ូ ទូរស័ព្ទ​ក៏​រោ​ទិ៍​ឡើង​...​ខ្ញុំ​ទាញ​ទូរស័ព្ទ​ពី​ហោប៉ៅ​អាវ​ទទួល​...
-​បង​ឡេវ​មែន​ទេ ? អូន​ខាន​និយាយជាមួយ​បង​យូរហើយ​...​ថ្ងៃនេះ​នឹកឃើញ​សុំ​និយាយ​ជាមួយ​បង​ម្តង​...​បាន​ទេ ? ម៉េច​ក៏​ស្ងាត់​អីចឹង ? តិច​ភ្លេច​អូន​ទៅ ?

ក្រោយ​ពី​ស្តាប់​សំឡេង​រួច ខ្ញុំ​ឆ្ងល់​...​ស្រី​ស្អាត​មួយ​ណា​ទៅ​ហ្ន៎​...​សំឡេង​អី​ស្រួយ​ម្ល៉េះ ហៅ​បង​...​បង​...​ទាំង​ព្រឹក​...​ខ្ញុំ​ខាន​ស្តាប់​ពាក្យ​ថា​បង​...​ដូច​ជា​យូរ​ខែ យូរ​ឆ្នាំ​ហើយ​...​មាន​តែ​ឮ​គេ​ហៅ​ថា​ពូ​...​ខ្លះ​ហៅ​អ៊ំ​...​ខ្លះ​ទៀត​លោកតា​...​ពេល​នេះ​ស្រាប់តែ​សំឡេង​ខ្ចី​ល្វក់​ហៅ​បង​ៗ​ពេញមាត់​...​អារម្មណ៍​ខ្ញុំ​ដូច​នៅ​លឿន​ដែរ​...​នៅ​រហ័ស​ដដែល​...​ក៏​សួរ​វិញ​ដោយ​ញញឹម​ថា :
-​អូន​ឯង​នៅឯណា​ហ្នឹង ? នៅ​ជិត​ឬ​នៅ​ឆ្ងាយ ?​...​លេខ​សុទ្ធតែ​ហ្សេ​រ៉ូ​...​ហ្សេ​រ៉ូ​...​លេខ​ទូរស័ព្ទ​ស្អាត​ណាស់​...​បង​ដូច​ជា​រក​ចាំ​សំឡេង​មិន​ទាន់​បាន​ទេ​...​អូន​ឯង​នៅឯណា​ហ្នឹង ? ប្រាប់​បន្តិច​ម៉ោ​...​រំឭក​ឡើង​វិញ​ខ្លះទៅ​...​បង​ច្បាស់​ជា​នឹកឃើញ​ភ្លាម !

ក្រោយ​ពី​បាន​សួរ​ដំណើរ​ដើមទង​បន្តិច​មក​...​នាង​បាន​ឆ្លើយ​ដោយ​គ្មាន​លាក់លៀម​ថា :
-​អូន​អ្នក​កោះកុង​...​ម៉េច​បង​ឯង​ភ្លេច​ហើយ ? អូន​ឧស្សាហ៍​ទូរស័ព្ទ​ប្រាប់​បង​...​រាយការណ៍​ប្រាប់​បង​នូវ​រឿង​ល្អ​ៗ​ច្រើន​ណាស់​មក​ហើយ​...​ទើបតែ​ខាន​ប៉ុន្មាន​ឆ្នាំ​នេះ​ទេ​...​មក​ពី​អូន​ជាប់រវល់​មាន​ប្តី​មានកូន​...​ឥឡូវ​អា​ប្តី​ហេងស៊យ​ទៅ​បាត់​ហើយ​...​អូន​ក៏​ចាប់ផ្តើមរ​កសី​ុ​មុខ​ជំនួញ​អា​ដែល​វិញ​...​ទើប​ពេល​នេះ​នឹកឃើញ​បង​ដែល​ធ្លាប់​សហការ​គ្នា​...​អូន​សុំ​រាយការណ៍​រឿង​ល្អ​មួយ​...​បង​ជួយ​ចុះ​ផ្សាយ​ផង​...​អូន​ខឹង​ណាស់ ដេក​អត់​លក់​ទេ ! នឹកឃើញ​ខឹង​...​នឹក​ឡើង​ខឹង ! កាល​នៅ​ជាប់​ប្តី ខ្ញុំ​មិន​ដែល​ខឹង​គេ​ទេ​...​ពេល​នេះ​នៅ​ម្នាក់ឯង​ចាប់ផ្តើម​ចេះ​ខឹង​ទៀត​ហើយ​...​ចេញរ​កស៊ីភ្លាម​...​កើតរឿង​ភ្លាម !
បន្ទាប់​ពី​បាន​ស្តាប់​ការ​និយាយ​ប៉ប៉ាច់ប៉ប៉ោច​មួយ​ឈុត​ខាងលើ​នេះ​រួច​មក​...
ខ្ញុំ​កាន់តែ​នឹកឃើញ​ច្រើន​ឡើង​...​គឺនាង​ម្នាក់​នេះ​ពូកែ​រាយការណ៍​គ្រាន់បើ​...​ពូកែ​ច​ចេ​ច​ច​ចូ​ច​...​នាង​ស្រឡាញ់​កាសែត​កោះសន្តិភាព​...​ចូល​ចិត្ត​អាន​កោះ​សន្តិភាព​...​បើ​បាន​ចេញផ្សាយ​នូវ​សេចក្តីរាយការណ៍​របស់​នាង​ទៀត​...​ដូច​បាន​ជួយ​ចាក់​ថ្នាំ​ប៉ូវ​ជូន​នាង​ដូច្នោះ​ដែរ​...​។ បន្ទាប់​មក​ខ្ញុំ​បាន​ឯកភាព​...​ដោយ​ឆ្លើយ​តប​វិញ​ថា​...
-​អូន​ឯង​មានរឿង​អី​ទៀត​ហើយ​...​អ្នក​ណា​ធ្វើបាប​ទៀត​ហើយ​...​ខឹង​អ្នក​ណា​ទៀត​ហើយ ? មិន​អី​ទេ​...​អ្វី​ដែល​ត្រឹមត្រូវ បង​ជួយ​ផ្សាយ​ជូន​...​ប៉ុន្តែ​អ្វី​ដែល​មិន​ត្រូវ​និយាយ​...​បង​មិន​ផ្សាយ​ទេ​...​កុំឱ្យ​វាសាប ។ ឥឡូវ​អូន​ឯង​និយាយ​ចុះ បើ​បង​ចុះ​ផ្សាយ​បាន ផ្សាយ​ភ្លាម !
-​បង​ឯង​ដឹង​ទេ​...​អូន​បាន​ជួប​ច្រើន​មក​ហើយ​...​ឃើញ​តែ​ក្របី​តូច​...​ក្របី​ធំ​ទាំង​ហ្វូង​ៗ​សី​ុ​ស្រូវ​...​ក្របី​ខ្លះ​ឃ្លៀច​...​ក្របី​ខ្លះ​ធាត់​ធំ​ស្នែង​វែង​...​ខ្លះ​ស្នែង​កោង​ខុប​...​ខ្លះ​ស្នែង​ត្រង់​ទៅ​មុខ​...​សី​ុ​ស្រូវ​អត់​មាន​អ្នក​ណា​ហ៊ាន​ដេញ​សោះ​...​អូន​អត់​ហ៊ាន​ដេញ​ទេ​...​បង​ឯង​ជួយ​ដេញ​ផង ! សី​ុ​ស្រូវ​អូន​អស់ហើយ​...​ខឹង​ណាស់​...​ស្ទូង​បាន​បន្តិចបន្តួច​ជិត​បាន​ផល​ហើយ​...​ក្របី​ទាំង​ហ្វូង​សី​ុ​ស្រូវ​អូន​កំបុត​អស់ហើយ​...
-​ម៉េច​អូន​ឯង​មិន​ដេញ ?​...​ដេញ​ខ្លួនឯង​ខ្លះទៅ​...​បើ​មិន​ហ៊ាន​ទៅ​ជិត​ទេ​...​ដុំ​ថ្ម​លេង​ខ្លះទៅ !
-​អូន​ម្នាក់ឯង​ឯណា​ហ៊ាន​ដេញ ! អូន​បបួល​គ្នីគ្នា​ចង់​ដេញ​ដែរ តែ​អត់​អ្នក​ណា​ហ៊ាន​ទេ​...​ក្របី​អស់នោះ​គ្រាន់តែ​ឃើញ​អូន​...​វា​សម្លក់សម្លឹង​...​គ្រវី​ស្នែង​ដាក់​...​អូន​ខ្លាច​ណាស់ សូម​បង​ជួយ​ដេញ​ផង​...​គ្រាន់​ជា​កម្លាំង​រួម !
-​បង​ឮ​អូន​ឯង​ប្រាប់​ថា ក្របី​ធំ​...​ក្របីឃ្លៀច​...​ខ្លះ​ស្នែង​វែង​...​ស្នែង​ស្រួច​ទៀត បង​មិនសូវ​ហ៊ាន​ទេ​...​ដូច​អូន​ឯង​ដឹង​ខ្លះ​ៗ​ហើយ​...​ក្របី​កាលណា​មាឌធំ ស្នែង​ក៏​វែង ហើយ​ស្រួច​ទៀត​...​បង​មិនសូវ​ហ៊ាន​ពេក​ទេ ! ប៉ុន្តែ​មិន​អី​ទេ​...​កុំ​អាល​អស់សង្ឃឹម​...​ចាំ​កាលណា​វា​សី​ុ​ឆ្អែត វា​ពិតជា​ដើរ​ចេញ​ហើយ​...​ចាំ​ដល់​ក្របី​ដើរ​ចេញ​...​ចាំ​បង​ដេញ​ឱ្យ​អូន​មើល​...​។ ទ្រាំ​សិន​ទៅ​...​វា​គង់តែ​ឆ្អែត​ទេ​...​កាលណា​ឆ្អែត​វា​ដើរ​ចេញ​ឯង​...​ដល់​ពេល​វា​ដើរ​ចេញ​...​ចាំ​បង​ដេញ​ឱ្យ​អូន​មើល !

បន្ទាប់​ពី​សហការី​ដ៏​ស្រស់​ស្រួយ​ម្នាក់​នេះ​ត្អូញត្អែរ និង​សំណូមពរ​ឱ្យ​ជួយ​ដេញ​ក្របី​សី​ុ​ស្រូវ​មក ទើប​ខ្ញុំ​នឹកឃើញ​រឿងរ៉ាវទាំងឡាយ​ដែល​កើត​មាន​កន្លង​មក ។ បានដឹង​ច្បាស់​ថា មន្ត្រី​តូច​-​ធំ ក្បាលពោះ​កំប៉ោង​មួយ​ក្រុម​នោះ​ពុក​រលួយ​ដល់ក​...​ប៉ុន្តែ​អត់​ហ៊ាន​និយាយ​...​អត់​ហ៊ាន​ក្អក​ដាក់​ទេ​...​អត់​ហ៊ាន​ខ្សិ​ប​ច​ចេក​ច​ចូ​ច​ទេ​...​។

ក្រោយមក ពេល​មន្ត្រី​រូប​នោះ​ត្រូវ​បាន​ចាប់ខ្លួន​...​ត្រូវ​សមត្ថកិច្ច​ផ្តន្ទាទោស​...​ទើប​ខ្ញុំ​ហ៊ាន​និយាយ​...​ហ៊ាន​ស្រែក​បន្ទរ​...​ហ៊ាន​ដេញ ដូច​ខ្លួនឯង​ហ្នឹង​គ្រាន់បើ​ណាស់
...​ដូច​ខ្លួនឯង​ក្លាហាន​ណាស់​...​ក្លាហាន​ដល់ក​...មិន​ខុស​ពី​ពាក្យចាស់ ពាក្យ​ពី​ព្រេង​ទេ​...​បាន​ចែង​ទុក​មក​យ៉ាង​ច្បាស់​ថា «​ក្របី​សី​ុ​ស្រូវ​បង​មិន​ហ៊ាន​ដេញ​...​ចាំ​ក្របី​ដើរ​ចេញ បង​ដេញ​ឱ្យ​ស្រី​មើល​»...​ហេ ! ហេ !
                   អា​ឡេវ