​យុវជន ​និង​យុវតី​កម្ពុជា​ ត្រូវការ​ការ​តម្រង់​ទិស​ការងារ​​ឱ្យ​បាន​ច្រើន​ជាង​​នេះ

មាន​យុវជន​ និង​យុវតី​​ជា​ច្រើន​ បាន​ចាប់ផ្តើម​រៀនសូត្រ​​ថ្នាក់​វិទ្យាល័យ ​ដោយ​មិន​បាន​ទទួល​ការ​តម្រង់​​ទិស​ការងារ​ឱ្យ​​បាន​ត្រឹមត្រូវ​ឡើយ​ ។ ពួក​គេ​ មិន​បាន​ជ្រើស​ការ​​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ ដោយ​មានការ​យល់​ដឹង​ច្បាស់​​ អំពី​តម្រូវការ​ទីផ្សារ​ការងារ​ឡើយ។

ពេល​រៀន​​ចាប់​ថ្នាក់​វិទ្យាល័យ ពួក​គេ​​ច្រើន​រៀន​ថ្នាក់​​មហាវិទ្យាល័យ​ តាម​ការ​ប្រាប់​របស់​ឪពុក​ម្តាយ ​ឬ​ក៏​ការ​សម្រេចចិត្ត​តាម​មិត្ត​
ភក្តិ​។ ពួក​គេ​ភាគច្រើន ​មិន​បាន​យល់​ច្បាស់​អំពី​ទីផ្សារ​ការងារ​​ឡើយ​ ។ ជាល​ទ្ធ​​ផល ​មាន​យុវជន ​និង​យុវតី​​ជា​ច្រើន ​បាន​រៀន​ចប់​ថ្នាក់​​មហាវិទ្យាល័យ​រយ​:​ពេល​៤​ឆ្នាំ​ហើយ​ តែ​ពិបាក​រក​ការងារ​ធ្វើ​ ។

អ្នកខ្លះ​ទៀត​ ក៏​នាំ​គ្នា​ទៅ​ចាប់​យក​ការងារ​ផ្សេង​​ពី​អ្វី ​ដែល​ពួក​គេ​បាន​រៀន​ថ្នាក់​មហាវិទ្យាល័យ​ ដូច​ជា​ការ​ធ្វើ​ការងារ​តាម​ហាង​​កាហ្វេ​ ឬ​​ភោ​ជនី​ដ្ឋា​​ន​ជាដើម ​។

ដូច្នេះ​ វា​មាន​សារសំខាន់​ណាស់ ​ដែល​រដ្ឋាភិបាល​ ​ត្រូវ​បង្កើន​កិច្ច​ខិតខំ​ ដើម្បី​ជួយ​ដល់​យុវជន និង​យុវតី ​នៅ​ក្នុង​ការ​កសាង​អនាគត​របស់​ពួក​គេ​តាម​រយ​​:​ការ​ជួយ​ពួក​គេ​នៅ​ក្នុង​ការ​ស្វែងរក​​ការងារ​ធ្វើ ឬ​បង្កើត​មុខរបរ បន្ទាប់​ពី​បាន​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ ​។

កាល​ណា​យុវជន​ និង​យុវតី​កាន់តែ​ច្រើន​ មាន​លទ្ធ​​​ភាព​អាច​រក​ការងារ​ធ្វើ​ មាន​ប្រាក់ខែ​សមរម្យ​ ឬ​ក៏​ប្រកប​មុខរបរ​បាន​ប្រាក់​ចំណូល​គ្រប់គ្រាន់​នោះ ពួក​គេ​ក៏​មិន​ធ្លាក់ខ្លួន​ទៅ​ក្នុង​ផ្លូវខុស ​ដូច​ជា​​ដើរ​លេង​ផ្តេសផ្តាស ការ​ប្រើ​គ្រឿងញៀន ឬ​ក៏​ការ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ជា​ច្រើន​ទៀត​ ។

ការ​​ជួយ​ដល់​យុវជន​ និង​យុវតី​យ៉ាង​ពេញទំហឹង​ នៅ​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ និង​បង្កើតមុខរបរ ​ក៏​មាន​ប្រយោជន៍​វិញ​​ផង​ដែរ​សម្រាប់​រដ្ឋាភិបាល ​និង​គណបក្សកាន់អំណាច​ ។ នៅ​ពេល​ដែល​ពួក​គេ​បាន​​ទទួល​ការ​យកចិត្តទុកដាក់​យ៉ាង​កក់ក្តៅ​​ពី​រដ្ឋាភិបាល​នៅ​ក្នុង​​ការ​កសាង​អនាគត​​នោះ ពួក​គេ​នឹង​ទទួលស្គាល់​កិច្ច​ខិតខំ​នេះ​ តាម​រយ​:​ការ​ផ្តល់​ការ​គាំទ្រ​ដល់​គណបក្សកាន់អំណាច ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨​ ខាង​មុខ​នេះ ​។

សេចក្តី​ប្រាថ្នា​របស់​យុវជន ​និង​យុវតី​ គឺ​ជីវិត​​ដ៏​​រីករាយ​មួយ ​ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត ​ដោយ​មានការ​ងារ​ ឬ​មុខរបរ​ ដែល​អាច​ចិញ្ចឹមជីវិត​​បាន​យ៉ាង​សមរម្យ ​៕