ឪពុក​ម្តាយ ​និង​ផ្នត់​​គំនិត ​​សម្រាប់​កសាង​អនាគត​កូន

សឹងតែ​គ្រប់​គ្រួសារ ឪពុក​ម្តាយ​បានអោយ​កូន​ប្រឹងរៀន​សូត្រ​ ដោយ​ក្តី​សង្ឃឹម​មួយ​ចង់អោយ​កូន​មានការ​ងារ​ធ្វើ​ បន្ទាប់​ពី​បាន​រៀន​ចប់​​ថ្នាក់​មហាវិទ្យាល័យ​ ។

ឪពុក​ម្តាយ​ភាគច្រើន​ណាស់​ អប់រំ​កូន​តម្រង់​ទិស​កូន​​អោយ​មានការ​ងារ​ធ្វើ បន្ទាប់​ពី​ការ​រៀន​ថ្នាក់​មហាវិទ្យាល័យ​ ។ មាន​ឪពុក​ម្តាយ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​អប់រំ​កូន​អោយ​ប្រឹងរៀន​ហើយ​ចេញ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ ដោយ​មិនបាច់​ធ្វើការ​អោយ​អ្នក​ដទៃ​។

មាន​ហេតុផល​មួយ​ចំនួន​ចំពោះ​ផ្នត់គំនិត​នេះ​ ។ នៅ​ក្នុង​សង្គម​ខ្មែរ​ពី​មុន អ្នកធ្វើការ​អាច​មាន​ប្រាក់​កម្រៃ​ច្រើន​សម្រាប់​ចិញ្ចឹម​គ្រួសារ​ហើយ​ទទួល​បានការ​គោរ​​​ពី​មនុស្ស​ទូទៅ​ ។ ចំណែក​ហេតុផល​មួយទៀត​នោះ ការ​ធ្វើ​ការងារ​អោយ​គេ​មាន​លក្ខណ​:​ងាយស្រួល​ដោយ​ដាច់​ខែ​ទទួល​បាន​ប្រាក់ខែ​ទៀងទាត់​ ។ ចំណែក​ហេតុផល​មួយទៀត​​នោះ ​គឺ​វា​មិន​ទាមទារ​ទុន​សម្រាប់​ចាប់​ផ្តើ​មុខរបរ​ឡើយ​។

បើសិនជា​ការ​ធ្វើ​ការងារឱ្យ​​គេ​អាច​មាន​ប្រាក់​ខែ​ខ្ពស់​សមរម្យ ​និង​មានការ​ធានា​សម្រាប់​អនាគតកាល​ត្រឹមត្រូវ​នោះ ការ​ធ្វើ​ការងារ​អោយ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន ឬ​អង្គការ​អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​ សម្រាប់​ការ​រស់នៅ​ដ៏​សាមញ្ញ​ និង​មិន​លោភលន់​ ។

ប៉ុន្តែ​ការ​ធ្វើ​ការងារ​​តាម​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ និង​អង្គការ ​គឺ​មិន​អាច​ផ្តល់​អ្វី​សេសសល់ ​សម្រាប់​កូនចៅ​បាន​ឡើយ នៅ​ពេល​ដែល​មនុស្ស​ចាស់​ទៅ​ធ្វើការ​លែង​កើត ​។ ដូច្នេះ ក៏​គ្មាន​សល់​អ្វី​ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ដែរ​ ។ វា​រឹតតែ​ពិបាក​ទៀត​សម្រាប់​ស្ថាន​ភាព​កម្ពុជា ​ដែល​បុគ្គលិក​រដ្ឋ​មាន​ប្រាក់ខែ​ទាប និង​ក្រុមហ៊ុន​ភាគច្រើន​ មិន​យកចិត្តទុកដាក់​ដល់​បុគ្គលិក​ដែល​ចាស់ជរា​។ រីឯ​ការ​ធ្វើ​ការងារ​​តាម​អង្គការ​វិញ​ ក៏​មិនសូវ​មាន​ស្ថិរភាព​សម្រាប់​អនាគត​។

ការ​មានមុខ​របរ​ផ្ទាល់ខ្លួន​អាច​ត្រូវការ​កិច្ច​ប្រឹងប្រែង​ខ្លាំង ត្រូវការ​ទុន និង​ត្រូវការ​ភាព​ប្រថុយប្រថាន ​។ ប៉ុន្តែ បើសិនជា​មនុស្ស​មាន​មុខ​របរ​រកស៊ី​ខ្លួនឯង​នោះ គេ​អាច​មាន​ប្រភព​ចំណូល​ជាប់​រហូត​ដល់​ពេល​ចាស់​ ហើយ​អាច​បន្សល់​ទុក​មុខរបរ​នោះ​ដល់​កូន​ជំនាន់​ក្រោយ​ទៀត​ផង​ ។

តាម​ពិត​ទៅ​ ការ​បង្កើត​មុខរបរ​មួយ​ចំនួន ​គឺ​មិន​ត្រូវការ​ការ​សិក្សា​ថ្នាក់​ខ្ពង់ខ្ពស់​ពេក ​និង​ពេលវេលា​រៀន​ច្រើន​ពេក​ដែរ ​។ វា​តម្រូវ​អោយ​មានការ​យល់​ច្បាស់​ អំពី​ខ្សែ​សង្វា​ក់​នៃ​មុខរបរ​មួយ ដោយ​មាន​ផលិតផល​ ឬ​សេវាកម្ម​ប្រកបដោយ​គុណភាព​គួប​ផ្សំ​នឹង​យុ​ទ្ធ​សាស្ត្រ​ទីផ្សារ ​។

នៅ​ពេល​ដែល​ទីផ្សារ​ការងារ ​មាន​ភាព​ចង្អៀត​នោះ ការ​បើក​គំនិត​ថ្មី​បង្រៀន​កូន​អោយ​គិតគូរ​ពី​ការ​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន​ អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​ សម្រាប់​អនាគត​កូន​ និង​ក្រុម​គ្រួសារ​ ៕