ដាំ​ស្ពៃ​ក្នុង​ដប​ទឹកក្រូច​1​ដើម​បាន​ផល​1​គីឡូក្រាម

លោកពូ រស់ ម៉ៅ ជា​កសិករ​រស់នៅ​ក្នុងភូមិ​ចម​ពល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ គាត់​បាន​កែ​ច្នៃ​ដាំ​ស្ពៃ​នៅ​ក្នុង​ដប​ទឹកក្រូច​ទទួល​បាន​ផល​ល្អ ដោយ​ស្ពៃ​មួយ​គុម្ព (១​ដើម​) មាន​ទម្ងន់​១​គីឡូក្រាម ។ លោកពូ​បាន​មាន​ប្រសាសន៍​ថា ការ​ដាំ​ស្ពៃ​ក្នុង​ដប​ទឹកក្រូច មាន​លក្ខណៈ​ងាយស្រួល​ជាង​ការ​ដាំ​នៅ​រង ព្រោះ​វា​ងាយស្រួល​ក្នុង​ការ​ថែទាំ ។

ក្នុង​ការ​ដាំ​ស្ពៃ​នេះ លោកពូ​បាន​រៀបចំ​សម្ភារ និង​វត្ថុធាតុដើម​សម្រាប់​ដាំ​មាន​ដូច​ជា ៖

១. សម្ភារ​ប្រើ​ក្នុង​ការ​ដាំ
ដប​ទឹកក្រូច​ដែល​គេ​ប្រើ​ហើយ​ចំណុះ​២​លី​ត្រ ខ្សែ ស្រកីដូង ។

២. ការ​ផ្សំ​ជី​សម្រាប់់​ដាំ
ជី​កំ​ប៉ុ​ស្ដ​៥០​ភាគរយ អង្កាម​ដុត​២០​ភាគរយ ផេះ​១០​ភាគរយ ដី​២០​ភាគរយ ។ ធាតុ​ផ្សំ​ទាំងនេះ​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ សម្រាប់​ត្រៀម​ដាក់​ចូល​ក្នុង​ដប​ដាំ ។

៣. ការ​រៀបចំ​ដាំ
- យក​ដប​ទឹកក្រូច​ចំណុះ​២​លី​ត្រ​ទៅ​កាត់​ជា​២​ផ្នែក​ដាច់​ពី​គ្នា ។ ដប​ផ្នែក​ខាង​គូទ​ចាក់ទឹក​បញ្ចូល​ឱ្យ​បាន​ពាក់កណ្ដាល ។ ចំណែក​ផ្នែក​ខាង​ក្បាល​ដប ត្រូវ​យក​ស្រកីដូង​ញ៉ុ​ក​មាត់​ដប​ឱ្យ​ជិត រួច​ដាក់​ដី​ដែល​បាន​ផ្សំ​ខាងលើ​ឱ្យ​ជិត​ពេញ (​ទុក​ឱ្យ​នៅ​សល់​ប្រវែង​មួយ​ចង្អុល​ដែ​ពី​មាត់​ដប​) ។

- បន្ទាប់​មក ចោះ​មាត់​ដប​ផ្នែក​ខាង​គូទ​ដែល​ដាក់​ទឹក​ដោយ​យក​ខ្សែ​ចង​ព្យួរ​ទៅ​លើ រួច​យក​ដប​ផ្នែក​ដែល​ដាក់​ដី​មក​ស៊ក​ដាក់​ពីលើ​ដប​ដែល​ដាក់​ទឹក (​មើលរូប​) ។
- ដក​កូន​ស្ពៃ​ដែល​បាន​សាប ត្រៀម​ទុក​ទៅ​ដាំ​នៅ​ក្នុង​ដប​ទឹកក្រូច​ដែល​បាន​ត្រៀម​ទុក​នោះ ដោយ​ក្នុង​មួយ​ដប​ដាំ​បាន​តែ​មួយ​ដើម (​ជ្រើសរើស​ដើម​ណា​ដែល​ថ្លោស​ល្អ​) ។

- ក្រោយ​ពី​ដាំ​ហើយ​ប្រោះ​ទឹក​ឱ្យ​សើម​ៗ រួច​យក​ទៅ​ចង​ព្យួរ​នៅ​តាម​សំយាបផ្ទះ​ក៏​បាន ឬ​កន្លែង​ណា​ក៏​បាន ធ្វើ​យ៉ាងណា​ឱ្យ​ស្ពៃ​អាច​ទទួល​ពន្លឺ​បាន​គ្រប់គ្រាន់ ព្រោះស្ពៃ​ជា​ដំណាំ​ត្រូវការ​ពន្លឺ​ថ្ងៃ ។

៤. ការ​ថែទាំ
នៅ​ពេល​កូន​ស្ពៃ​កំពុង​លូតលាស់ គាត់​ស្រោច​ទឹក​បន្ថែម​តិច​ៗ ៤-៥​ថ្ងៃ​អាច​ស្រោច​ម្ដង ព្រោះ​ទឹក​ដែល​បាន​ចាក់​ទុក​នៅ​ក្នុង​ដប ដើម្បី​ឱ្យ​ដី​ស្រូប​ចំហាយ​ទឹក​តាម​រយៈ​ស្រកីដូង​ដែល​បាន​ចុក​នៅ​មាត់​ដប​ខ្លះ​ហើយ ។ គាត់​ឧស្សាហ៍​បន្ថែម​ទឹក​នៅ​ក្នុង​ដប នៅ​ពេល​ដែល​ពិនិត្យ​ឃើញ​ថា ទឹក​នៅ​ក្នុង​ដប​រីង​។ នៅ​ពេល​ស្ពៃ​មាន​អាយុ​១៥-២០​ថ្ងៃ គាត់​ជ្រំ​ជ្រោយ​ដី​ឱ្យ​ផុស ដើម្បី​ឱ្យ​មាន​ខ្យល់​ចេញចូល​ជំនួយ​ដល់​ការ​លូតលាស់​ឫស ។ ចំពោះ​ការ​ដាំ​ស្ពៃ​ក្នុង​ដប​ទឹកក្រូច ពុំ​មាន​ស្មៅ និង​សត្វល្អិត​បំផ្លាញ​ទេ ។

៥. ការ​ប្រមូល​ផល
នៅ​ពេល​ស្ពៃ​អាយុ​៤៨​ថ្ងៃ គាត់​កាត់​ស្ពៃ​យកទៅ​លក់ ដោយ​ក្នុង​១​ដើម បាន​ទម្ងន់​១​គីឡូក្រាម​។ គាត់​ដាំ​ស្ពៃ​បាន​ចំនួន​១៥​ដើម (១៥​ដប​) សរុប​បាន​ប្រហែល​១៣​គីឡូក្រាម ។ គាត់​ដាំ​ស្ពៃ​នេះ​សម្រាប់​បរិភោគ​ក្នុង​គ្រ​សារ ។

សរុប​មក បច្ចេកទេស​សំខាន់​ៗ​ក្នុង​ការ​ដាំ​ស្ពៃ​ក្នុង​ដប​មាន​៖
- លាយ​ដី​សម្រាប់​ដាក់​ដាំ​មាន ជី​កំ​ប៉ុ​ស្ដ អង្កាម​ដុត ផេះ ជី ។
- កាត់​ដប​ទឹកក្រូច​ជា​២​ផ្នែក ដោយ​ផ្នែក​ខាង​គូថ​ដាក់​ទឹក ផ្នែក​ខាង​ក្បាល​ដប​ដាក់​ដី​ដែល​បាន​លាយ​រួច ។
- យក​កូន​ស្ពៃ​ដែល​មាន​ដើម​ថ្លោស​ល្អ​មក​ដាំ​នៅ​ក្នុង​ដប ដោយ​១​ដប ដាក់​បាន​១​ដើម ។
- ចង​ព្យួរ​ដប​នៅ​តាម​ជញ្ជាំង​នៅ​កន្លែង​មាន​ពន្លឺ ដោយ​ដាក់​ដប​ដែល​មាន​ដាំ​ស្ពៃ​ស៊ក​ពីលើ​ផ្នែក​ដប​ដែល​ដាក់​ទឹក ។
- ថែរក្សា​ដោយ​ស្រោច​ទឹក​រយៈពេល​១​អាទិត្យ​ម្ដង និង​ជ្រំ​ជ្រោយ​ដី​នៅ​ជុំវិញ​គល់​ស្ពៃ ដើម្បី​ឱ្យ​ដី​ធូរ ។