អ្នក​ដាំ​កៅ​ស៊ូ​នៅ​ខេត្ត​រតន​គិរី​នាំ​គ្នា​កាប់​ដើម​កៅ​ស៊ូចោលដាំ​ដំណាំ​ផ្សេង ព្រោះជ័រ​កៅ​ស៊ូធ្លាក់​តម្លៃ​ទាប​​ពេក

ខេត្តរតនៈគិរី ៖ ប្រជា​កសិករ​ដែល​ប្រកប​របរ​ដំណាំ​កសិឧស្សាហកម្ម​ គឺ​ដំណាំ​កៅស៊ូ​បាន​នាំ​គ្នា​កាប់​កៅស៊ូ​ចោល​ដើម្បី​ដាំ​ដំណាំ​ផ្សេង​ៗ​ ព្រោះថា​នៅ​ចុងឆ្នាំ​២០១៤​មក​ទល់​បច្ចុប្បន្ន​នេះ​តម្លៃ​នៃ​ជ័រកៅស៊ូ​ត្រូវ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ភាព​អស់សង្ឃឹមយ៉ាង​ខ្លាំងក្នុង​ការ​ប្រមូល​ផល​ពី​ដំណាំ​កៅស៊ូ​នេះ​​ ដោយ​អ្នកខ្លះ​ដាំចេក​រួច​ហើយ​នៅ​ចន្លោះ​ជ័រ​កៅស៊ូ​ដែល​មាន​អាយុ​ជិត​៤​ឆ្នាំ ខ្លះ​ទៀត​គ្រោង​នឹង​កាប់​កៅស៊ូ​ចោល បង្វែរ​មក​ដាំ​ដំណាំ​ម្រេ​ច ឬចន្ទី​វិញ​។

​ជាក់ស្តែង​លោក ឈុំ អូន ជា​ម្ចាស់​ចំការ​កៅស៊ូ​រស់នៅ​ភូមិ​កា​ណា​ង​កេ​ត ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ បាន​សម្រេចចិត្ត​ដាំចេក​នៅ​ក្នុងចំការ​កៅស៊ូ​ដែលដាំ​រួច​រយៈពេល​ជិត​៤​ឆ្នាំ​មក​ហើយ​នោះ លោក​ថា ​ពេល​ដំណាំ​ចេក​បែក​គុម្ព​បន្តិច​លោក​កាប់​កៅស៊ូ​​ទាំង​៣៣​ហិ​កតា​នោះ​ចោល​ហើយ ព្រោះថា ​កៅស៊ូ​របស់​គាត់​ដែល​កំពុង​ជៀរ​មាន​មួយ​ចំនួន​ធំ​ដែរ តែ​ជ័រកៅស៊ូ​សព្វថ្ងៃ​មាន​តម្លៃ​ថោក​ពេក​មិន​គ្រប់​ឈ្នួល​កម្មករ​ផង​ទេ​។

ម្ចាស់​ចំការ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ ដំណាំ​កៅស៊ូ​ត្រូវ​ចំណាយ​ថវិកាអស់​ច្រើន ហើយ​រយៈពេល​យូរ​ទើប​ទទួលផល យើង​ត្រូវ​ចំណាយ​លុយ​ថែទាំ​អស់​ចំនួន​១.៧០០​ដុល្លារ​ក្នុង​១​ហិ​កតា គ្រាន់តែ​ចោល​៣​ឆ្នាំ​ប៉ុណ្ណោះ ជ័រកៅស៊ូ​តម្លៃ​ត្រឹមតែ​ជាង​១.០០០​រៀល ដូច្នេះ​គាត់​មិន​មាន​ទឹកចិត្ត​ថែទាំ​បន្ត​ទៀត​ទេ​។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ដាំ​ដំណាំ​កៅស៊ូ​ទាំងអស់​បាន​សំណូមពរ​ឱ្យក្រសួងពាណិជ្ជកម្ម​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​ចំពោះ​កសិផល​ដំណាំឱ្យ​ផង ព្រោះ​ពួក​គាត់​លំបាក​ណាស់ ម្នាក់​ៗ​សុទ្ធតែ​ជំពាក់​ប្រាក់​ធនាគារ​រាប់​ម៉ឺន​ដុល្លា​រ។

ប្រធាន​មន្ទីរ​កសិកម្ម​លោក សយ សូ​ណា បានឱ្យដឹង​ថា ​ការ​ដែល​ប្រជាពលរដ្ឋ​កាប់​កៅស៊ូ​ចោល​បែប​នេះ ខាង​មន្ទីរ​ក៏​ដូច​ជា​ក្រសួងកសិកម្ម​គ្មាន​វិធានការ​ហាមឃាត់​ពួក​គាត់​នោះ​ទេ ព្រោះ​ជា​លក្ខណៈ​ឯកជន ការ​សម្រេ​ចចិត្ត​កាប់​ចោល​ស្រេច​លើ​ពួក​គាត់​។

លោក​បន្ត​ថា​ ចំពោះ​កៅស៊ូ​ជា​លក្ខណៈ​ឯកជន​នៅ​ខេត្តរតនគិរី​មាន​ចំនួន​៣៨.០៤០​ហិ​កតា​ ក្នុង​នោះ​កៅស៊ូ​ដែល​បានជៀរ​ជ័រ​មាន​ប្រមាណ​ជា​៥.០០០​ហិ​កតា​ ​ហើយ​កាល​ក្នុង​អំឡុង​ចុងឆ្នាំ​២០១៣-២០១៤ តម្លៃ​ជ័រកៅស៊ូ​លក់​បាន​ជាង​៤.០០០​រៀល បន្ទាប់​មក​តម្លៃ​ធ្លាក់​ចុះ​មក​ដល់​ជាង​១.០០០​រៀល ពេល​នេះ​ឃើញ​ថា ​ប្រជាពលរដ្ឋ​មិន​បាន​ពង្រីក​ផ្ទៃដី​ដាំ​កៅស៊ូ​ទៀត​ទេ គឺ​នៅ​ទ្រឹង​ក្នុង​ពេល​ចុង​ក្រោយ​នេះ​។

លោក​ប្រធាន​បន្ត​ទៀត​ថា​ ដោយ​កន្លង​មក​នៅ​ពេល​ដែល​ជ័រកៅស៊ូ​មាន​តម្លៃ​ថ្លៃ​ឃើញ​ថា ​ខេត្តរតនគិរី​មានការ​កើន​ឡើ​ន​ចំពោះ​ដំណាំ​កៅស៊ូ​នេះ​ណាស់​ខាង​ក្រសួងកសិកម្ម​ក៏បាន​ផ្តោត​ការ​យកចិត្តទុកដាក់​អញ្ជើញ​អ្នក​ដែល​ដាំ​កៅស៊ូ​បើក​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​ដង​មក​ហើយ​ដែរ ដោយ​ពន្យល់​ពួក​គាត់​ឱ្យ​ចេះ​ដាំ និង​ចេះ​ថែទាំ​ផង​។ ​

​មក​ទល់​ពេល​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​កាប់​កៅស៊ូ​ចោល​ប្តូរ​មក​ដាំ​ម្រេច​វិញ ខ្លះ​ដាំ​ដំណាំ​ផ្សេង​ទៀត បើ​តាម​ការ​សម្រង់​តួលេខ​បឋម​ទូ​ទាំង​ខេត្ត​ ការ​កាប់​ដើម​កៅស៊ូ​កំពុង​តែ​ទទួលផល​នេះ​អស់​ចំនួន​ប្រមាណ​ជាង​១០​ហិ​កតា​តែ​ប៉ុណ្ណោះ​។ ចំពោះ​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​គឺ​សម្រេច​លើ​ក្រសួងពាណិជ្ជកម្ម​៕