បទ​ពិសោធន៍​ធ្វើ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ (​ប​.​វ​.​ស​)

លោកពូ ហ៊​ន ហឿ​ន ជា​កសិករ​រស់នៅ​ភូមិ​តា​លាក់​ខាងត្បូង ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ នៅ​ពេល​ដែល​អង្គការ​សេ​ដាក បាន​ផ្សព្វផ្សាយ​បច្ចេកទេស ប​.​វ​.​ស ដំបូង​គាត់​ពុំ​មានការ​ជឿជាក់​ទេ បន្ទាប់​មក​គាត់​ក៏​បាន​សាកល្បង​ធ្វើ​លើ​ផ្ទៃដី​៥​អារ ឃើញ​ថា​លទ្ធផល​បាន​ល្អ​ប្រសើរ​ជាង​ការ​ធ្វើ​តាម​ទម្លាប់​មែន ។

គាត់​ក៏​បាន​សម្រេចចិត្ត​អនុវត្ត​លើ​ផ្ទៃដី​៤០​អារ បាន​ទទួល​ទិន្នផល ១ ៦៨០​គីឡូក្រាម (​ស្មើ​៤,២​តោន​ក្នុង​១​ហិ​កតា​) បើ​ប្រៀបធៀប​ការ​ធ្វើ​តាម​ទម្លាប់​នៅ​លើ​ផ្ទៃដី​៤០​អារ​នេះ ទទួល​បាន​តែ​២,១​តោន​ប៉ុណ្ណោះ ។

ចំពោះ​បច្ចេកទេស​ដែល​បាន​អនុវត្ត​មាន ៖
-​ត្រាំ​គ្រាប់ស្រូវ​ជាមួយ​ស្លឹក​ស្ដៅ និង​មើមរំដេង (​ដើម្បី​សម្លាប់​មេរោគ​) ត្រាំ​១​យប់ ផ្អាប់​២​យប់ រួប​ស្រង់​យក​គ្រាប់​អណ្ដែត​ចេញ ។
-​សាប​រង្វើល​ៗ (​ប្រើ​ពូជ​២​គីឡូក្រាម លើ​ផ្ទៃដី​៤​អារ​) ។
-​ភ្ជូ​រ​រាស់​កៀរ​ដី​ឱ្យ​ស្មើ​ល្អ និង​កប់​បញ្ចូល​នូវ​ជី​កំ​ប៉ុ​ស្ត​ទៅ​ក្នុង​ដី ។
-​ស្ទូង​សំណាប​អាយុ​២២​ថ្ងៃ ។
-​ជ្រើសរើស​សំណាប​ថ្លោស​ល្អ យក​មក​ស្ទូង និង​ដក​ភ្លាម​ស្ទូង​ភ្លាម ។
-​ស្ទូង​១​ដើម​ក្នុង​១​គុ​ម្ភ​ៗ ដោយ​ទុក​ចន្លោះ​៣​តឹក ។
ស្ទូង​រាក់​ៗ ជា​ជួរ ដោយ​ប្រើ​ខ្សែ​ទាញ ។
-​ថែទាំ​នៅ​ពេល​ស្រូវ​ដុះ​លូតលាស់ និង​បែក​គុ​ម្ភ​ដូច​ជា ដកស្មៅ គ្រប់គ្រង​ទឹក​ឱ្យ​មាន​តិច​ៗ​នៅ​ក្នុង​ស្រែ បន្ថែម​ជី​ដោយ​ព្រាច​ស្លឹកឈើ​ស្រស់​ក្នុង​ស្រែ ។

ចំណាប់អារម្មណ៍​របស់​កសិករ​លើ​ការ​ធ្វើស្រែ​តាម​បច្ចេកទេស ប​.​វ​.​ស
លោកពូ​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ស្រូវ​នេះ​គាត់​បាន​ផ្លាស់​ប្ដូរ​ពី​ទម្លាប់​ចាស់​ស្ទើរ​ទាំងស្រុង ដូច​ជា​អាយុ​សំណាប ពី​មុន​ធ្លាប់​ស្ទូង​សំណាប​អាយុ​៣៦​ថ្ងៃ សាប​សំណាប់​ញឹក ដកសំណាប​ចង​ជា​កណ្ដាប់ កាត់​ចុង​ស្ទូង​៣​ទៅ​៤​ដើម​ក្នុង​១​គុម្ព ដកស្មៅ​ស្រូវ​តែ​ម្ដង ប្រើ​ជីគីមី ។​ល​។ ក្រោយ​ពី​បាន​ផ្លាស់​ប្ដូរ​ទម្លាប់​ទាំងនោះ​មក​ឃើញ​ថា ទិន្នផល​កើនឡើង​ទ្វេ​ដង ហើយ​ការ​ចំណាយ​ក៏​ធ្លាក់​ចុះ​ច្រើន ជា​ពិសេស​លើ​ពូជ និង​ជីគីមី ។ គាត់​នឹង​បន្ត​ធ្វើ​តាម​បច្ចេកទេស ប​.​វ​.​ស នេះ​រហូត​ទៅ ៕