បទ​ពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ​រួម​នឹង​ការ​ព្យាបាល

លោកពូ ប្រាជ្ញ ពៅ អាយុ​៣៤​ឆ្នាំ ជា​កសិករ និង​ជា​ពេទ្យសត្វ​ម្នាក់ រស់នៅ​ភូមិ​ត្រពាំង​ត្រុំ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មានបទពិសោធន៍​ចិញ្ចឹម​ជ្រូក​មេ ព្រមទាំង​ចេះ​ព្យាបាល​ថែម​ទៀត​ផង ។ ចំពោះ​បទ​ពិសោធន៍​នេះ គាត់​ចេះ​ត​ៗ​គ្នា​តាម​ទម្លាប់ រួម​ផ្សំ​នឹង​ការ​មើល​ឯកសារ​ពី​អង្គការ​សេ​ដាក ។ បច្ចុប្បន្ន លោកពូ​ចិញ្ចឹម​មេ​ជ្រូក​១​ក្បាល មេ​ក្រមុំ​២​ក្បាល និង​ជ្រូក​សាច់​ចំនួន​៤​ក្បាល ។ ខាងក្រោម​នេះ ជា​បទ​ពិសោធន៍​របស់​គាត់​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​មេ ៖

១. របៀប​ជ្រើសរើស​ពូជ​ជ្រូក
ពូជ​ជ្រូក​ដែល​លោកពូ​ទិញ​មក ជា​ពូជ​ជ្រូក​មេ កាត់​យ៉​ក​សៀ ដោយ​ទិញ​មក​ពី​ភូមិ​ជិតខាង​គឹ​ភូមិ​ឈូកស ។ ក្នុង​ការ​ទិញ​នេះ គាត់​ជ្រើសរើស​យក​ជ្រូក​ញី​ដែល​មាន​លក្ខណៈ​ដូច​ជា ៖

-​សុខភាព​ល្អ
-​ត្រគាក​ធំ​ទូលាយ
-​ជើង​ធំ​មាំ​ត្រង់ និង​ខ្ពស់​ល្មម ហើយ​ភ្លៅ​មាំ​ធំ
-​មាន​ដោះ​ចំនួន​៦​គូ​ស្មើគ្នា ហើយ​ដោះ​មិន​ខ្វាក់
-​ខ្នង​មាំ រាង​កោង ស្មា​ទូលាយ ។

លក្ខណៈ​ពិសេស​របស់​ពូជ​នេះ គឺ​មាន​ត្រចៀក​ធ្លាក់់​ទៅ​មុខ សាច់​ក្រហម​ល្អ មិនសូវ​មាន​ខ្លាញ់ ចិញ្ចឹម​រយៈពេល​៣​ទៅ​៤​ខែ អាច​លក់​បាន ។

២. ទ្រុង
កន្លែង​សង់​ទ្រុង គឺ​ក្បែរ​ផ្ទះ​សង់​ជាប់​នឹង​ដី មាន​ដំបូល​ធ្វើ​ពី​ស្លឹក របង​ឈើ និង​បាត​ចាក់សាប​មាន​រាង​ទេរ ព្រមទាំង​មាន​កន្លែង​បង្ហូរទឹក​នៅ​ពេល​លាង​ទ្រុង​ចេញ ហើយ​ទឹកនឹង​ហូរ​ចូល​រណ្ដៅ​ដាក់​លាមក ។ ទ្រុង​ជ្រូក​មាន​ទំហំ​(​បណ្ដោយ ៨​ម៉ែត្រ x ទទឹង ២,៥​ម៉ែត្រ​) ដែល​ខណ្ឌ​ជា​២​ផ្នែក មួ​ួ​យ​សម្រាប់​ដាក់​មេ​ជ្រូក និង​មួ​​យ​ទៀត​សម្រាប់​ដាក់​កូនជ្រូក ។

នៅ​ក្បែរ​ទ្រុងមាន​ស្រះ​ទឹក និង​សួន​បន្លែ​ដែល​មាន​ដាំ​ត្រកួន ត្រាវ និង​រុក្ខជាតិ​ផ្សេង​ទៀត ដែល​ងាយស្រួល​ក្នុង​ការ​ផ្ដល់​ទឹក និង​ត្រកួន​ឱ្យ​ជ្រូក​ស៊ី ។

៣. ចំណី និង​ទឹក
ប្រភេទ​ចំណី​នេះ​អាស្រ័យ​តាម​រដូវ​ផង​ដែរ ដោយនៅ​រដូវវស្សា​សម្បូរ​ត្រី ក្ដាម និង​បន្លែ គាត់​លាយ​ចំណី​ដែល​មាន​ដូច​ជា កន្ទក់ សណ្ដែកសៀង ត្រី ក្ដាម និង​បន្លែ​ត្រ​កូន កំពីងពួយ​ជាដើម ។ ចំណែក​នៅ​រដូវប្រាំង​វិញ គាត់​លាយ​តែ​កន្ទក់ ត្រកួន ឱ្យ​ជ្រូក​សី​ុ ព្រោះ​ខ្វះខាត​ចំណី​ផ្សេង​ៗ​ទៀត​រួម​ផ្សំ​នឹង​ត្រី​ផង ។ ចំពោះ​ទឹក គឺ​ផ្ដល់​ទឹកស្រះ​ឱ្យ​ផឹក ព្រោះ​គាត់​មាន​ទឹកស្រះ​នៅ​ក្បែ​ទ្រុង ។

៤. ការ​ថែទាំ​ជ្រូក
ចំពោះ​ការ​ថែទាំ គាត់​មានការ​យកចិត្តទុកដាក់​ខ្លាំង​លើ​មេ​ជ្រូក​ដែល​ផើម ព្រោះ​មេ​ផើម​តែង​ជួប​បញ្ហា​ក្ដៅ​ដង្ហក់ ដូច្នេះ​គាត់​ថែទាំ​ដូច​ជា​៖
-​ស្រោច​ទឹក​លើ​ខ្លួន និង​ដាក់​ទឹក​ឱ្យ​ផឹក​បាន​ច្រើន
-​តម​អាហារ​ដំណើប បាយ​ស្រា​ខ្លោច ព្រោះ​ធ្វើ​ឱ្យ​ក្ដៅ និង​មិន​មាន​ទឹកដោះ
-​ផ្ដល់​អាហារ​បន្លែ​ឲ្យ​ច្រើន​ជាង​កន្ទក់  ជៀសវាង​ការ​ក្ដៀនលាមក
-​ការពារ​មិន​ឲ្យ​មេ​ផើម​ប៉ះទង្គិច​ខ្លាំង នាំ​ឱ្យ​រលូត​កូន
-​ដុសលាង​សំអាត​ទ្រុង​ជា​ប្រចាំ​គឺ ១​ថ្ងៃ ៣​ទៅ​៤​ដង
-​ផ្ដល់​ចំណី​ឱ្យ​បាន​ទៀងទាត់​គ្រប់ពេល និង​រាល់ថ្ងៃ
-​នៅ​ពេល​ជ្រូក​កើតកូន ត្រូវ​យក​ក្រណាត់​ជូត​កូនជ្រូក​ឲ្យ​ស្អាត ដាល់​ក្នុង​កញ្ឆេ​ដែល​មាន​ក្រាល​ចំបើង ដើម្បី​ឱ្យ​មាន​ភាព​កក់ក្ដៅ
-​កាត់​ធ្មេញ ទងផ្ចិត និង​ដាក់​ឱ្យ​បៅ​ទឹកដោះ​ដំបូង ដើម្បី​ឲ្យ​កូនជ្រូក​មាន​សុខ​ភាពរឹងមាំ
-​កូនជ្រូក​អាយុ​៣​ទៅ​៤​ថ្ងៃ ត្រូវ​ឃាំង​កូន​ដាក់​ផ្ដាច់​ពី​មេ ព្រោះ​ខ្លាច​មេ​ជាន់ ។

៥. ចំណុច​គួរ​កែ​លម្អ
ដើម្បី​ឲ្យ​ការ​ចិញ្ចឹម​បាន​ល្អ​ប្រសើរ​ជាង​នេះ គួរ​កែប្រែ​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម ៖
-​គូរ​ដាំ​បន្ថែម​នូវ​ប្រភេទ​ចំណី​ជ្រូក​ផ្សេង​ទៀត មាន​ដំឡូង​មី ក​ន្ធំ​ថេ​ត ដំឡូងជ្វា
-​ចំពោះ​ទ្រុង​ត្រូវធ្វើ​ឱ្យ​ជិត មិន​ឱ្យ​សត្វ​ដទៃ​ទៀត​ដូច​ជា មាន់ ទា ចូល ព្រោះ​វា​អាច​បង្ក​ភាព​កខ្វក់ និង​ឆ្លង​មេរោគ​ដល់​ជ្រូក​បាន
-​មិន​គួរ​សង់​ទ្រុង​ជិត​ផ្ទះ​ពេក​ទេ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ជះក្លិន​លាមក ។

សរុប​មក បច្ចេកទេស​សំខាន់​ៗ​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​មាន ៖
-​ជ្រើសរើស​ពូជ​ជ្រូក​ចិញ្ចឹម​ឱ្យ​បាន​ល្អ
-​សង់​ទ្រុង​ឱ្យ​មាន​ទំហំ​សម​ស្រប និង​មាន​ដំបូល​ការពារ​កម្ដៅថ្ងៃ ភ្លៀង
-​ផ្ដល់​ទឹក និង​ចំណី​ឱ្យ​បាន​ទៀងទាត់ ដោយ​មាន​លាយ​ចម្រុះ កន្ទក់ ត្រី ក្ដាម បន្លែ ។​ល​។
-​ថែទាំ​សម្អាត​ជ្រូក និង​ទ្រុង​ជា​ប្រចាំ និង​ដាក់​ជ្រូក​មេ និង​ជ្រូក​កូន ខ័​ណ្ឌ​ដាច់​ដោយឡែក​ពី​គ្នា
-​យកចិត្តទុកដាក់​ថែទាំ​លើ​មេ​ជ្រូក​ផើម ដោយ​ស្រោច​ទឹក​ឱ្យ​ត្រជាក់ និង​តម​អាហា​ក្ដៅ ។​ល​។