បទ​ពិសោធន៍​ដាំ​ដំណាំ​ត្រាវ​នៅ​តាម​វាលស្រែ

រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល​ស្រូវ ក្រោយ​ពី​ប្រមូល​ផល​ហើយ​កសិករ​ភាគ​ច្រេ​ើ​ន​ទុក​ដី​ឱ្យ​នៅ​ទំនេរ ដោយ​មិន​បាន​ទាញ​យក​ផល​ពី​ដី​នេះ​ទៀត​ឡើយ ។ ដូច្នេះ​ដើម្បី​ទាញ​យក​ផល​ឱ្យ​បាន​ច្រើន ខ្ញុំ​សូម​លើកយក​បទ​ពិសោធន៍​របស់​កសិករ សូរ ទិ​ត្យ រស់នៅ​ភូមិ​កា​ហែង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ គាត់​មានមុខ​របរ​ធ្វើស្រែ និង​ដាំ​ដំណាំ ។ គាត់​មានបទពិសោធន៍​ដាំ​ដំណាំ​ត្រាវ​តាំងពី​ឆ្នាំ​១៩៩៦​មក​ម្ល៉េះ ។ បច្ចេកទេស​នេះ គាត់​បាន​ចេះ​មក​ពី​អ្នក​ភូមិ​ផ្សេង ។

១-​ការ​ជ្រើសរើស​កូន​ត្រាវ​ដាំ
គាត់​ជ្រើសរើស​ពូជ​ត្រាវស្លា​មក​ដាំ ពីព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ក្លិន​ឈ្ងុយ និង​ត្រូវ​តាម​តម្រូវការ​របស់​ទីផ្សារ ។ ត្រាវ​ដែល​ល្អ​ម ា​ន​លក្ខណៈ​សម្គាល់​ដូច​ខាងក្រោម ៈ
-​មើមត្រាវ​ត្រូវ​បំបែក​យក​ពី​ដើម​មេ​ដែល​មាន​អាយុ​ពី​៦-៧​ខែ
-​មើមត្រាវ​មាន​ទំហំ​ប៉ុន​មេដៃ ឬ​មេជើង មាន​ពណ៌​ក្រមៅ និង​មាន​ប្រវែង​ពី​១-២​ថ្នាំងដៃ

ក្រោយ​ពី​ការ​ជ្រើសរើស​ពូជ​ត្រាវ​ដាំ​បាន​ហើយ គាត់​ដាក់​សំដិល​ក្រោមផ្ទះ កន្លែង​ម្លប់​កុំឱ្យ​ត្រូវ​កម្ដៅថ្ងៃ​នាំ​ឱ្យ​រលួយ ។ រយៈពេល​៣-៥​ថ្ងៃ ត្រូវ​វែក​វា​ម្ដង​ដើម្បី​ឱ្យ​មើមត្រាវ​ស្ងួត​បន្តិច ។ ក្រោយ​ពី​រក្សា​មើម​ទុក​បាន​រយៈពេល​២​ខែ អាច​យក​ទៅ​ដាំ​បាន តែ​ជា​ទូទៅ​អ្នក​ភូមិ​អាច​ទុក​រហូត​ដល់​បាន​រយៈពេល​៣​ខែ ។

២-​ការ​រៀបចំ​ថ្នាល​បណ្តុះបណ្តាល
ដើម្បី​បណ្តុះ​កូន​ត្រាវ គាត់​បាន​លើក​រង​ដែល​មាន​កម្ពស់​១​តឹក ទទឹង​១​ម៉ែត្រ រីឯ​បណ្តោយ​ទៅ​តាម​ស្ថានភាព​ដី ។ បន្ទាប់​មក យក​មើមត្រាវ​ទៅ​ត្រាំ​ទឹក​ចំនួន​២​យប់ រួច​ស្រង់​យក​ទៅ​ផ្អាប់​ទុក​រយៈពេល​២​ថ្ងៃ​២​យប់​ទៀត ។ ក្រោយ​ពី​ផ្អាប់​ឃើញ​មើមត្រាវ​ដុះ​ពន្លក​ខ្លះ​ហើយ ទើប​គាត់​យក​មើម​នោះ​ទៅ​កប់​ដាំ​លើ​ថ្នាល​ដែល​បាន​រៀបចំ​រួច ។ ការ​កប់​នេះ​លៃ​យ៉ាង​ណា​កុំឱ្យ​លិចពន្លក ដោយ​ទុក​ចន្លោះ​ពី​មើម​មួយ​ទៅ​មួយ​១​តឹក ។ ចំពោះ​មើម​ណា​ដែល​បែកខ្នែង ត្រូវ​កាត់​ខ្នែង​ខាងក្រោម​ចេញ​រួច​ជ្រលក់​ផេះ ដើម្បី​ការពារ​សត្វល្អិត និង​មេរោគ​បំផ្លាញ ។ ក្រោយ​ការ​បណ្តុះ​បាន​រយៈពេល​១០​ថ្ងៃ មើមត្រាវ​ដុះ​ចេញ​ស្លឹក​មួយ ពេល​នោះ​គេ​អាច​យក​វា​ទៅ​ដាំ​បាន​យា​៉​ង​ល្អ ។

៣-​ការ​រៀបចំ​ដី​ដាំ
មុន​ដាំ គាត់​បាន​ភ្ជួរ​ដី​ចំនួន​២​ដង និង​រាស់​១​ដង ។ ភ្ជួរ​លើក​ទី​១ កប់​កាក​សំណល់​រុក្ខជាតិ រួច​ហាល​ចោល​រយៈពេល​១​អាទិត្យ ទើប​ចាប់​ភ្ជួរ​លើក​ទី​២ និង​រាស់​ដី​ឱ្យ​ស្អាត​រួច​កាប់​ចង្អូរ​ដាំ​។ គាត់​កាប់​ចង្អូរ​ដែល​មាន​ទំហំ​ពី​២-២,៥​តឹក ជា​ជួរ ដោយ​មាន​ដាក់​ខ្សែ​ឱ្យ​ត្រង់ ចម្ងាយ​ពី​ជួរ​មួយ​ទៅ​មួយ (​ពី​ចង្អូរ​មួយ​ទៅ​មួយ​១​ម៉ែត្រ​) ។

៤-​របៀប​ដាំ
ជា​ទូទៅ គាត់​ដាំ​នៅ​ខែចេត្រ (​មីនា​-​មេ​សា​) ដែល​ជា​រដូវប្រាំង ។ គាត់​យក​កូន​ត្រាវ​ដែល​បាន​បណ្តុះ​ហើយ មាន​អាយុ​ពី​១០​ទៅ​១៥​ថ្ងៃ ទៅ​ដាំ​នៅ​ក្នុង​ចង្អូរ​ដែល​បាន​កាប់​រួច ដោយ​ទុក​ចម្ងាយ​ពី​គុម្ព​មួយ​ទៅ​មួយ ៥​ទៅ​៦​តឹក ហើយ​កប់​ឱ្យ​លុប​ឫស​កំណើត ។ បន្ទាប់​មក ស្រោច​ទឹក​ឱ្យ​ជោក ។

៥-​ការ​ថែទាំ
ដើម្បី​ឱ្យ​ត្រាវ​ដុះ​លូតលាស់​លឿន គាត់​បាន​យកចិត្តទុកដាក់​លើ​ការ​ស្រោច​ទឹក ព្រោះ​ត្រាវ​ជា​ដំណាំ​មួយ​ដែល​ត្រូវការ​ទឹក​ខ្លាំង ។ នៅ​រដូវប្រាំង​ដែល​គាត់​ដាំ​២​ទៅ​៣​ខែ​ដំបូង គាត់​ស្រោច​ទឹក​១​ថ្ងៃ​២​ដង ព្រឹក​-​ល្ងាច ស្រោច​រហូត​បាន​រយៈពេល​១​ខែ ទើប​គាត់​ចាប់​បូមទឹក​ដាក់​ម្តង ធ្វើ​យ៉ាង​ណា​ឱ្យ​ដី​មាន​សំណើម​ជាប់​ជា​និច្ច ។ ចំពោះ​រដូវវស្សា​មិន​ចាំបាច់​ធ្វើការ​ស្រោចស្រព​ទេ ។ ក្រៅពី​ការ​ស្រោច​ទឹក នៅ​មានការ​ជម្រះ​ស្មៅ និង​ពូន​គល់ ។ នៅ​ពេល​ត្រាវ​មាន​អាយុ​១​ទៅ​១​ខែ​កន្លះ គាត់​ចាប់ផ្តើម​ជម្រះ​ស្មៅ​ពូន​គល់ ដោយ​លុប​ចង្អូរ​រង ។ កន្លះ​ខែ​បន្ទាប់​មក​ទៀត គាត់​បាន​ធ្វើ​ស្មៅ និង​ពូន​គល់​លើក​ជា​រង​ខ្ពស់ ដោយ​មាន​កម្ពស់​ប្រមាណ​៧​តឹក ការ​ធ្វើ​ដូចនេះ​ដើម្បី​ឱ្យ​ត្រាវ​ចុះ​មើម​ធំ​ល្អ ។ ចំពោះ​ការ​ដាក់​ជី គាត់​ដាក់​នៅ​ចន្លោះ​គុម្ព​គឺ​នៅ​ពេល​ធ្វើ​ស្មៅ និង​ពូន​គល់​ដោយ​ប្រើ​ជី​លាមក​សត្វ ។

៦-​ការ​ប្រមូល​ផល
គាត់​ចាប់​ប្រមូល​ផល​ត្រាវ​នៅ​ខែភទ្របទ​កំឡុង​ខែកញ្ញា​-​តុលា នៅ​ពេល​ដែល​ត្រាវ​មាន​អាយុ​ពី​៥-៦​ខែ ។ ចំពោះ​ការ​លក់​គឺ​មិន​ពិបាក​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​ទេ មាន​ឈ្មួញ​មក​ពី​ភ្នំពេញ ម៉ៅ​យក​តែ​ម្តង ។ ជា​ទូទៅ គាត់​អាច​លក់​បាន​ក្នុង​១​គុម្ព​ពី​៨០០​រៀល​ទៅ​១០០០​រៀល ទៅ​តាម​ប្រភេទ​ត្រាវ​ល្អ ឬ​មិនសូវ​ល្អ ។ ជាក់ស្តែង​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០០៤  លើ​ផ្ទៃដី​៦​អារ គាត់​លក់​បាន​តម្លៃ​៦៨០.០០០​រៀល ។

៧-​ការ​សរុប​នូវ​បច្ចេកទេស​សំខាន់​ៗ
សរុប​មក​បច្ចេកទេស​ដាំ​ត្រាវ​សំខាន់​ៗ​មាន​៖
-​ជ្រើសរើស​ពូជ​ត្រាវ​ពី​ដើម​ដែល​មាន​អាយុ​៦-៧​ខែ មើម​ដែល​មាន​ទំហំ​ប៉ុន​មេដៃ និង​ប្រវែង​១-២​ថ្នាំងដៃ ហើយ​មើម​មាន​ពណ៌​ក្រមៅ
-​បណ្តុះ​មើម​ឱ្យ​ដុះ​នៅ​លើ​ថ្នាល​រយៈពេល​១០​ទៅ​១៥​ថ្ងៃ (​កូន​ត្រាវ​មាន​ស្លឹក​១) អាច​ដក​ដាំ​នៅ​ចម្ការ​បាន
-​កាប់​ចង្អូរ​ដែល​មាន​ទទឹង​២​ទៅ​២​តឹក​កន្លះ ដាំ​ជា​ជួរ​ចម្ងាយ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​៥​ទៅ​៦​តឹក
-​នៅ​ពេល​ដាំ​ដំបូង​រយៈពេល​១​ខែ ស្រោច​ទឹក​១​ថ្ងៃ​២​ដង បន្ទាប់​មក​បូមទឹក​ដាក់​ចង្អូរ​ឱ្យ​ដី​សើម​ជាប់
-​ធ្វើ​ស្មៅ​ពូន​គល់​២​ដង ពូន​លើក​ជា​រង និង​ដាក់​ជី​លាមក​សត្វ​បំប៉ន​នៅ​ពេល​ពូន​គល់ (​ជី​បំប៉ន​ដាក់​នៅ​ចន្លោះ​គុម្ព​ត្រាវ​) ៕