កសិករ​ច្រើន​ពាន់​គ្រួសារ​ដែល​រស់នៅ​ជុំវិញ​តំបន់​ទេសចរណ៍​ខេត្តសៀមរាប កំពុង​ប្រឹងប្រែង​កែប្រែ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​ការ​ដាំ​បន្លែ​គ្មាន​ជាតិ​គីមី

ខេត្តសៀមរាប ៖ កសិករ​ខ្មែរ​ច្រើន​ពាន់​គ្រួសារ ដែល​រស់នៅ​ជុំវិញ​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​នៅ​ខេត្តសៀមរាប កំពុង​ប្រឹងប្រែង​នាំ​គ្នា​កែប្រែ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ តាម​រយៈ​ការ​ដាំ​បន្លែ​មិន​ប្រើ​ជីគីមី ដើម្បី​យក​ទៅ​លក់​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំ​ៗ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​នៃ​ខេត្តសៀមរាប ។

បច្ចុប្បន្ន ប្រជា​កសិករ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្តសៀមរាប បាន​ចាប់ផ្ដើម​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ ផ្លែ​ឈើ នៅ​ក្នុង​ទិស​ដៅ​បម្រើ​ឱ្យ​ភ្ញៀវ​ទេសចរ គឺ​មាន​ន័យ​ថា​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ទៅ​ឱ្យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធ្វើ​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​ទេសចរ​ផង និង​កន្លែង​ខ្លះ​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ទៅ​កម្សាន្ត​និង​ស្វែង​យល់​នៅ​ទីនោះ​ផង ។

ចំណែក​នៅ​សង្កាត់​ជ្រាវ​ភាគ​ខាងត្បូង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​សៀមរាប ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​២.៥០០​គ្រួសារ គឺ​ប្រហែលជា​៨៥%​នៃ​ចំនួន​ប្រជាពលរដ្ឋ​នោះ កំពុង​ប្រកប​របរ​កសិកម្ម​ជា​ច្រើន​ប្រភេទ ។

លោក ក​យ ហាក់ អ្នក​ភូមិ​វាល ក្នុង​សង្កាត់​ជ្រាវ ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ជា​ច្រើន​ទៀត មាន​ប្រសាសន៍​ថា បច្ចុប្បន្ន គ្រួសារ​របស់​គាត់​បាន​ដាំ​បន្លែ​ជា​ច្រើន​មុខ ដូច​ជា ខាត់ណា​,​ស្ពៃចង្កឹះ និង​ត្រកួន ដោយ​មិន​ប្រើ​ជីគីមី​ដើម្បី​លក់​ទៅ​ឱ្យ​ទីផ្សារ ។ លោក​បាន​បញ្ជាក់​ថា ការ​ដាំ​បន្លែ​នេះ បាន​ជួយ​ដល់​គ្រួសារ​របស់​គាត់​ច្រើន តាំងពី​មិនបាច់​ទិញ​បន្លែ​ពី​ផ្សារ​មក​ហូប ព្រមទាំង​លក់​បាន​លុយកាក់​សម្រាប់​ឱ្យ​កូន​បាន​ទៅ​សាលារៀន​នឹង​គេ​ទៀត​ផង ។ កសិករ​រូប​នេះ​បាន​បន្ថែម​ឱ្យ​ដឹង​ថា ប្រជា​កសិករ​នៅ​ក្នុង​សង្កាត់​ជ្រាវ ក៏​ដូច​រូប​លោក​ដែរ នៅ​តែ​មាន​បញ្ហា​ដោយសារ​តែ​បន្លែ​ដែល​កសិករ​ផលិត​បាន នៅ​មាន​តម្លៃ​ថោក​នៅឡើយ ។ សព្វថ្ងៃ ស្ពៃ​លក់​នៅ​ផ្សារ​១​គីឡូក្រាម​ថ្លៃ​១.០០០​រៀល ចាំ​មើល​បន្តិចទៀត​នៅ​ពេល​រដូវក្តៅ​ខ្លាំង គឺ​បន្លែ​កាន់តែ​ចុះថោក តែបើ​យើង​មិន​ធ្វើ​វា​អត់​អី​ហូប​។ ចំណែក​ស្ត្រី​ឈ្មោះ ក​យ ទួ​ប ជា​កសិករ​ម្នាក់​ទៀត រស់នៅ​ភូមិ​វាល សង្កាត់​ស្រងែ បាន​មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា បន្លែ​ដែល​គាត់​ដាំ គឺ​ប្រើប្រាស់​តែ​ជីធម្មជាតិ មិន​ប្រើ​ជីគីមី​ទេ ។​បន្លែ​ប្រភេទ​នេះ បាន​ជួយ​សុខភាព​អ្នក​បរិភោគ ខុស​ពី​បន្លែ​ដែល​ប្រើ​ជីគីមី ក៏​ប៉ុន្តែ​បច្ចុប្បន្ន បន្លែ​ដែល​គាត់​ដាំ គឺ​ទីផ្សារ​នៅ​ឱ្យ​តម្លៃ​ទាប​ស្រេច​តែ​ចិត្ត ។ ជូន​កាលបើ​អីវ៉ាន់​ឡើងថ្លៃ​ទៅ​បាន​ប្រាក់​ច្រើន​ដែរ​១០-២០​ម៉ឺន​រៀល តាម​ថ្ងៃ​ណា​បន្លែ ចុះ​និង​ឡើងថ្លៃ ។ អ្នកស្រី​បាន​បន្ត​ថា ចំពោះ​អ្នកស្រី​ចង់ឱ្យ​មានការ​គាំទ្រ​ជួយ​ទិញ​បន្លែ​ខ្មែរ​ឱ្យ​បាន​ច្រើន កុំ​នាំ​គ្នា​យក​បន្លែ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ច្រើន​ពេក។

លោក ក្រួច លី ប្រធាន​មជ្ឈមណ្ឌលព័ត៌មាន​សហគមន៍​នៅ​សង្កាត់​ជ្រាវ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ជា​ច្រើន​នៃ​សង្កាត់​របស់​លោក បាន​ប្រែក្លាយ​ពី​ភាព​គ្មាន​ការងារ​ធ្វើ​និង​គ្មាន​ចំណូល មក​ជា​អ្នក​ដែល​ដាំ​បន្លែ​ដើម្បី​លក់ដូរ ។ លោក ក្រួច លី បញ្ជាក់​ទៀត​ថា នៅ​ក្នុង​សង្កាត់​ជ្រាវ​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​២.៥០០​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​ប្រមាណ​១២.០០០​នាក់ គឺ​៨៥%​បាន​ចាប់​យកមុខ​របរ​ដាំ​បន្លែ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ និង​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទៅ​លេង​ក​ម្សា​ន​ផង​ដែរ ។

ការ​ដាំ​បន្លែ​នេះ អាច​ធ្វើ​ឱ្យ​កសិករ​មាន​ជីវភាព​ធូរធារ​មួយ​កម្រិត ក៏​ប៉ុន្តែ​អ្វី​ដែល​លោក​មើលឃើញ​ថា កសិករ​នៅ​ជួប​ការ​លំបាក គឺ​តម្លៃ​បន្លែ​របស់​កសិករ​ខ្មែរ​នៅ​មិន​ទាន់​មាន​ភាព​នឹងនរ​នៅឡើយ​។

លោក​បាន​ទទូច​សូម​ឱ្យ​រដ្ឋាភិបាល​គាំទ្រ ដល់​ផលិតផល​សហគមន៍​ក្នុង​សង្កាត់​ជ្រាវ តែ​ម្ដង ដោយ​ជួយ​ស្វែងរក​ទីផ្សារ​ឱ្យ​បន្លែ​របស់​ខ្មែរ​មាន​តម្លៃ​សមរម្យ​ផង​។ លោក​បន្ថែម​ទៀត​ថា សូម​ឱ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​តាម​រយៈ​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្តសៀមរាប ព្រមទាំង​ជួយ​សហការ​ជាមួយ​អង្គការ​ដៃគូ ជី​ធី​ហ្សិត (GTZ) ដែល​បាន​ខំប្រឹង​ប្រែង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​លើ​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា​ខ្សែក្រវាត់​ពណ៌​បៃតង (Green Belt) ដើម្បី​ជួយ​ប្រជាពលរដ្ឋ អ្នក​រស់នៅ​ជុំវិញ​តំបន់​បេតិកភណ្ឌ អាច​រក​ចំណូល​បាន​ដោយ​ប្រយោល​ពី​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​ដាំ​បន្លែ​ផ្លែ​ឈើ និង​ចិញ្ចឹមសត្វ​លក់​ឱ្យ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​នានា ។

លោក គឹ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ខេត្តសៀមរាប​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​១​លាន​៤​ម៉ឺន​នាក់​គឺ​កសិករ​ប្រហែល​៨០%​។ ការ​ស្រាវជ្រាវ​ក្រៅផ្លូវការ កសិករ​ដែល​ដាំ​បន្លែ​លក់ ឱ្យ​ទីផ្សារ​នៅ​ក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ន​គឺ​អាច​រក​ចំណូល​បានជា​មធ្យម​ប្រហែល​២០០​ដុល្លារ ឬ​ក៏​ច្រើន​ជាង​នេះ​ក្នុង​១​ខែ​ៗ ។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា ការ​ដាំ​បន្លែ​នេះ ក្រៅ​តែ​ពី​លក់​បាន​ប្រាក់​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ គឺ​សួន​បន្លែ​ក៏​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​ចង់ទៅ​ទស្សនា​ដែរ​។ លោក​គឹ​ម ឆៃ​ហៀ​ង បញ្ជាក់​ថា អាជ្ញាធរ​កំពុង​លើកទឹកចិត្ត​ឱ្យ​កសិករ​ដាំ​បន្លែ ហើយ​ក៏​កំពុង​ប្រឹងប្រែង​រក​កន្លែង​ឱ្យ​កសិករ​អាច​ជញ្ជូន​មក​ដាក់​លក់​នៅ​តាម​ទីផ្សារ​ក្នុង​ខេត្ត​ឱ្យ​បាន​ច្រើន​និង​ងាយស្រួល​ដែរ ។ យើង​បាន​ពិភាក្សា​គ្នា​ជាមួយ​អ្នក​ពាក់ព័ន្ធ​ហ្នឹង ដើម្បី​រក​វិធីសាស្ត្រ​យ៉ាងណា​ជួយ​សម្របសម្រួល​ឱ្យ​គាត់​បាន​កន្លែង​ធំ​ទូលាយ​និង​ដឹក​បន្លែ​មក​លក់​ឱ្យ​បាន​កាន់តែ​ច្រើន ។

អាជ្ញាធរ​ខេត្តសៀមរាប​មើលឃើញ​ថា បើ​ទោះបីជា​កសិករ​ខ្មែរ​ជា​ច្រើន​កំពុង​ប្រឹងប្រែង​ផលិត​បន្លែ​ដើម្បី​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​ក៏​ដោយ ក៏​បច្ចុប្បន្ន​ចំណូល​ដែល​បាន​ពី​ទេសចរណ៍​ប្រមាណ​៣០% បាន​ធ្លុះធ្លាយ​ទៅ​វិញ​តាម​រយៈ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ធំ​ៗ​យក​ទៅ​ទិញ​បន្លែ ផ្លែ​ឈើ និង​សាច់សត្វ​ពី​បរទេស ដោយសារ​តែ​នៅ​កម្ពុជា អត់​ទាន់​មាន​បន្លែ​ផ្លែ​ឈើ ព្រមទាំង​សាច់សត្វ​ខ្លះ​ដែល​មក​ពី​តំបន់​អឺរ៉ុប​នៅឡើយ ៕