​កសិករ​​​​ស្រុក​ពាម​ជ​រ៍​សប្បាយ​ចិត្ត​​ដោយ​ទិន្នផល​ពោតក្រហម​មាន​​ទី​ផ្សារ

ខេត្តព្រៃវែង​ ៖​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ ​២០១៦​ នេះ​ ប្រជា​កសិករ​នៅ​ក្នុងភូមិ​ឧត្តម​ ឃុំ​ព្រែក​ក្របៅ​ ក៏​ដូច​ប្រជា​កសិករ​​ស្រុក​ពាម​ជ​រ៍​ សប្បាយ​រីករាយ​ដោយ​ទិន្នផល​ពោតក្រហម​របស់​ពួក​គាត់​ឆ្នាំ​២០១៦​នេះ ​មាន​ទិន្នផល​ខ្ពស់​ និង​មាន​ទីផ្សារ​ក្នុងស្រុក ​និង​​​ក្រៅប្រទេស​ ។

បើ​តាម​លោក ​វឿ​ន ​វ៉ា​ត ​អាយុ​៣៨​ឆ្នាំ​ ជា​កសិករ ​និង​ជា​អ្នក​ប្រមូល​ទិញ​ពោត​មាន​ទីលំនៅ​ក្នុងភូមិ​ឧត្តម ​ឃុំ​ព្រែក​ក្របៅ​ បាន​​និយាយ​​ថា​ ឆ្នាំ​២០១៦​នេះ​ ​​ពោត​ក្រហម​​ទទួល​បាន​​​ទិន្នផល​ខ្ពស់ ជា​មធ្យម​ក្នុង​១​ហិ​កតា​ ទទួល​​បាន​ទិន្នផល​​៦​តោន​ទៅ​៧​តោន​ ហើយ​មាន​ទីផ្សារ​នៅ​ក្នុងស្រុក ​និង​នៅ​ក្រៅប្រទេស​​(​វៀតណាម​)​ទៀត​ផង ​។

​ប្រភព​ដ​ដែល​​បាន​បន្ត​​​ថា​ ពោតក្រហម​មាន​ទីផ្សារ​នេះ​ ក៏​ដោយសារ​ប្រជា​កសិករ​ដាំពោត​ពាក់កណ្តាល​ ​ដាំ​សណ្តែក​ខ្លះ និង​​ធ្វើ​ស្រូវប្រាំង​ខ្លះ​ ​ទើប​ធ្វើ​ឲ្យ​ពោត​មាន​ទីផ្សារ​​បែប​នេះ ​​បើ​ទិញ​ពីកសិករ​ផ្ទាល់​ពោតក្រហម​ប្រឡេះ​គ្រាប់​រួច ​នៅ​សើម​ ក្នុង​១​គីឡូក្រាម​ តម្លៃ​៦០០​រៀល​ ​បើ​​ហាល​ស​ម្ងួ​ត​ស្ងួត​ល្អ យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា ម៉ុង ​ឫទ្ធី ដល់​កសិដ្ឋាន​ស្រុក​កែវ​ផុស ​ខេត្ត​ព្រះ​សីហ​នុ ពោតក្រហម​១​គីឡូក្រាម​តម្លៃ​១.០០០​រៀល​ ។​ ​

លោកបាន​​បន្ត​ថា ​​ពោតក្រហម​ចាប់​ប្រមូល​ផល​ពី​ដើមខែ​កុម្ភៈ ​២០១៦ ​​គាត់​បាន​ដើរ​ប្រមូល​ទិញ​ពីកសិករ​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​ ម៉ុង ​ឫ​ទ្ធី​ ចំនួន​២​លើក​មក​ហើយ ​នៅ​ថ្ងៃ​ទី​១១​ កុម្ភៈ​ នេះ​ ប្រមូល​ទិញ​បាន​ចំនួន​៦០​តោន​ និង​នៅ​​តែ​ប្រមូល​ទិញ​រហូត​ដល់​ខែមេសា​ ។​ ចំពោះ​ឈ្មួញ​ប្រមូល​ទិញ​ពោត​នេះ​នៅ​ក្នុងភូមិ​ឧត្តុ​ង​ មាន​គ្នា​៣​នាក់​​​ បើទូ​ទាំង​ស្រុក​ពាម​ជ​រ៍​មាន​ឈ្មួញ​ប្រមូល​ទិញ​ពោត​ចំនួន​២៨​នាក់​ ក្នុង​ឆ្នាំ​២០១៦​នេះ​ ។ ពោតក្រហម​មាន​រាប់​ពាន់​តោន​ ហើយ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​ក៏​មាន​ដែរ​វៀតណាម​គេ​ទិញ​ពោត​យក​ទៅ​ធ្វើ​ជា​ចំណី​សត្វ​ ​ឯក្រុមហ៊ុន​លោក​ឧកញ៉ា​ ម៉ុង​​ ឫ​ទ្ធី​ ក៏​ទិញ​ធ្វើ​ចំណី​សត្វ​ដែរ​ ​​​ទើប​តែ​​ឆ្នាំ​២០១៦​នេះ​ពោត​មាន​ទីផ្សារ ​និង​តម្លៃ​ថ្លៃ​ជាង​ឆ្នាំ​២០១៥​​ ៕