គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​២​នាក់​ទាំង​ព្រឹក​នៅ​ព្រែក​ព្នៅ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ ។

ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​មណ្ឌល​សុខភាព​ព្រះសង្ឃ ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ហ្ស៊ូ​មមើ អត់​ស្លាក​លេខ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ទិស​ដៅ​បញ្ច្រាស​ដោយសារ​ផ្លូវ​កំពុង​ស្ថាបនា ក៍​បុក​ជាមួយ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ព៌​ណ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF 4176 ដែល​កំពុង​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​ស្លាប់​ទាំង​ពីរ​នាក់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​យុវជន​ដែល​ស្លាប់​ម្នាក់​ឈ្មោះ វ៉ា​ន់ វិ​ច្ឆ័​យ អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឡៃ វ៉ា​ន់​នុ​ត អាយុ​២០​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ក្នុងភូមិ​ពាម​ជំនី​ត ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។

បច្ចុប្បន្ន​ទាំង​រថយន្ត​និង​ម៉ូតូ បាន​ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕