រត់​ម៉ូតូឌុប​ពេល​យប់ ត្រូវ​រថយន្ត​បុក​កិន​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដឹក​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​កៀរ​ដួល​ផ្លោង​ទៅ​ម្ខាង ហើយ​ត្រូវ​រថយន្ត​១​គ្រឿង​ទៀត​បុក​ហើយ​កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោច​អាធ័ម ចំណែក​ស្ត្រី​ដែល​រួម​ដំណើរ​ជា​មួយ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៦ ចំណុច គង់ ហេង ធ្វើ​ម្ហូប​ការ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ អ៊ឹម ស៊ី​ធន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​ស្លាប់​) មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ម្នាស់ ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ កណ្ដាល 1I-0674 ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដឹក​ស្ត្រី​ម្នាក់​ពី​ផ្សារ​ស៊ី​ឡិ​ប​ទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង​បើក​មក​ពីក្រោយ​កៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​បោក​នឹង​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​ផ្លោង​ខាងឆ្វេង​ដៃ ស្រប​ពេល​នោះ​មាន​រថយន្ត​១​គ្រឿង​ទៀត​មិន​ចាំ​ម៉ា​កមក​ដល់​ក៏​បុក​ហើយ​កិន​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​ស្ត្រី​ដែល​រួម​ដំណើរ​ជាមួយ​ដួល​បោក​នឹង​ថ្នល់​នៅ​ជិត​ម៉ូតូ​រង​របួសធ្ងន់ ។ ចំណែក​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល​អស់ទាំង​២​គ្រឿង ។

បើ​តាម​សំដី​បងប្អូន​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ សាយ ថាំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​បាយ​នៅ​ផ្សារ​ស៊ី​ឡិ​ប ស្នាក់​នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ស្ទឹង​ត្រែង ស្រុក​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ជា​រៀង​រាល់​យប់​គាត់​លក់​អស់ហើយ​តែងតែ​ជិះ​ម៉ូតូឌុប​ត្រលប់​ទៅ​ផ្ទះ​វិញ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​អ្នក​របួសធ្ងន់​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ជា​បណ្ដោះអាសន្ន រង់ចាំ​ដោះស្រាយ​គ្នា​ក្រោយ ៕