ឡិច​ស៊ី​ស​បុក​មេឃុំ​ស្លាប់ និង​បើក​រត់​ដេញចាប់​បាន​វិញ

ខេត្តកណ្ដាល ៖ លោក​មេឃុំ​ពើក ស្រុក​អង្គស្នួល បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ខណៈ​ពេល​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឆ្លងផ្លូវ ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-330 បើកបរ​ច្រាស់​គ្នា បាន​ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែប​នេះ​តែ​ម្ដង ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​ផង​ដែរ​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៩ មេ​សា ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤~២៥​មុខ​សាលាស្រុក​អង្គស្នួល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ចំណែក​រថយន្ត​បង្ក​បាន​បើករ​ត់ទៅ​ដល់​ផ្សារ​ថ្នល់ទទឹង ទើបត្រូវ​បាន​កម្លាំង​ប៉ូលិស​ដេញ​តាម​ចាប់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ និង​ត្រូវ​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕