យុវជន​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​អត់​ឃើញ​សាច់ញាតិ​មក​សួរ​រក

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​សន្លប់​ស្តូកស្តឹង​អស់​រយៈពេល​១​យប់​១​ថ្ងៃ​ទៅ​ហើយ នៅ​មិន​ទាន់​ដឹងខ្លួន ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​បែក​មុខ រយះ​មាត់ ដាច់​អណ្តាត បាក់​ធ្មេញ ត្រូវ​បាន​រថយន្ត​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ តែ​អស់​រយៈពេល​១​យប់​១​ថ្ងៃ​ទៅ​ហើយ គេ​មិនឃើញ​មាន​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​ណា​ម្នាក់​ចូល​មក​សួរសុខទុក្ខ​មើលថែ​រក្សា ឬ​លាង​របួស​ស្នាម​នោះ​ឡើយ បាន​លោកគ្រូ​ពេទ្យ ជួយ​ជំនួស ហើយ​ក៏​អំពាវនាវ​រក​ឪពុក​ម្តាយ​ផង​ដែរ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ មេ​សា ២០១៦ ស្ថិត​នៅ​ភូមិ​សាលា​ក្រៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ផ្លូវ​កោង ដោយសារ​បើកបរ​លឿន​ពេក បណ្តាល​ឱ្យ​ជ្រុល​ចង្កូត​ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ  ហើយ​ក៏​ត្រូវ​បាន​រថយន្ត​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែ ក​ខេត្ត ។ ប្រភព​បន្ត​ទៀត​ថា ខណៈ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជន​រង​គ្រោះ​មិនដឹង​ខ្លួន​នោះ​ឡើយ ហើយ​ឈាម​ហូរ​ជោគ​ខ្លួន និយាយ​មិន​រួច ហូប​បាយ​ក៏​មិនកើត លុះ​រើ​ខ្លាំង​ពេក ទើប​គ្រូពេទ្យ​បាន​យក​ខ្សែ​ចង​ជាប់​នឹង​គ្រែ ដើម្បី​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម ។

លោកគ្រូ​ពេទ្យ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មិន​អាច​និយាយ​ចេញ​នោះ​ទេ ហើយ​ពេល​នេះ​សូម​អំពាវនាវ​ដល់​ក្រុម​គ្រួសារ​ឱ្យមក​មើល​ផង​ដែរ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ជួយ​ថែរក្សា ឬ​ផ្តល់​ចំណីអាហារ​នោះ​ឡើយ ។ ម្យ៉ាងវិញទៀត ជន​រង​គ្រោះ​មាន​តែ​ខោ​វ​ខាវ​ប​យ​ជើងវែង អត់​មាន​អាវ អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ប៉ុណ្ណោះ ៕