រន្ធត់! បើកគេចមិនទាន់ ក្លាយជាចំណីរថភ្លើង

ខេត្តកណ្តាល ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ ខណៈរថភ្លើងមួយគ្រឿងបុកគ្នាជាមួយរថយន្តម៉ាកឡិចស៊ីស​មួយគ្រឿង​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៦នាក់បានរងរបួសធ្ងន់-ស្រាល ហើយត្រូវគេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យឯ​រាជធានីភ្នំពេញភ្លាមៗ កាលពីវេលាម៉ោង០៩ និង៣០​នាទីព្រឹកថ្ងៃទី១៤ មេសា ២០១៦ នេះ ស្ថិតនៅចំណុចភូមិអង្គក្លឺ ឃុំខ្សែ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះទាំង៦នាក់នៅក្នុងរថយន្ត ត្រូវគេស្គាល់អ្នកបើក​​ឈ្មោះរស់ សាខុន អាយុ​៥៩ឆ្នាំ មានទីលំនៅភូមិត្បូងក្តី ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជនរងគ្រោះ៥នាក់ទៀត(ជាកូន និងប្រពន្ធ) មិនបានស្គាល់អត្តសញ្ញាណទេ ព្រោះប​ន្ទាប់​ពី​កើត​ហេតុ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ឯរាជធានីភ្នំពេញ ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស RX300មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AH-8108 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយរថភ្លើងធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដោយ​អ្នកបើករថយន្តខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលរថភ្លើងបើកមក ក៏បុកគ្នាយ៉ាងពេញទំហឹងតែម្តង បណ្តាល​អ្នកជិះក្នុងរថយន្តរងរបួសទាំងអស់តែម្តង ហើយរថយន្ត​​រងការខូចខាតយ៉ាងដំណំ ។