សម្រែក​ឈឺចាប់​ទារក​អាយុ​៩​ខែ គ្រប់​គ្នា​ទប់ទឹក​ភ្នែក​មិន​បាន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យស​ង្វែ​ក ​ពេល​បាន​ឃើញនឹងភ្នែក​មួយ គឺ​ឪពុក​ត្រូ​វបាន​ស្លាប់​ពេល​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ និង​ទារក​អាយុ​ទើបតែ៩​ខែ ត្រូវ​បែកក្បាល​ទ្រហោយំ​ហូរ​ឈាម​ស្រោច​ជោក​ពាសពេញ​ផ្ទៃមុខ និង​ដង​ខ្លួន បន្ទាប់​ពី​បុរស​ជា​កម្មករ​ថែ​សួរ​ផ្កា​លក់​តាម​ផ្លូវម្នាក់ ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក Mini Cooper របស់​ម្ចាស់ខ្លួន បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​ជន​រង​គ្រោះ​ ដែល​កំពុង​ជិះ​ឌុ​ប​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​បោក​អូស​ជា​ច្រើន​ម៉ែត្រ​នឹង​​ថ្នល់ កាលពី​​វេលា​ម៉ោង៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​មេសា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​វត្ត​ជ្រោយ​អំពិល ស្ថិត​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ ​១​-ឈ្មោះជីវ ផល្លា ​អាយុ​៣០​ឆ្នាំ ជា​​រកស៊ី​លក់​រថយន្ត ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាលកោះ រង​របួសធ្ងន់​សន្លប់​ស្តូប ( ជា​ឪពុក ) និង​កូនប្រុស​តូច​ឈ្មោះ ជីវ លីអៀង អាយុ​៩​ខែ រង​របួស​ធ្ងន់ធ្ងរ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​នោះ​ឈ្មោះសៅ សុខ​នាង អាយុ៥០​ឆ្នាំ ស្នាក់​នៅ​ភូ​និ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ មានមុខ​របរ​ថែ​សួន​ដាំ​ផ្កា​លក់ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​មាន​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​​ថា នៅ​មុន​ពេល​កើតហេតុ គឺដំបូង​ឡើយ​ គេ​​ឃើញ បុរស​រង​គ្រោះជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​សា្ល​ក​លេខ​ភ្នំពេញ 1BS–3364 ជិះ​ឌុ​ប​កូនប្រុស​អាយុ​ទើប៩​ខែ ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពីលិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក្បែរ​នឹង​វត្ត​ជ្រោយ​អំពិល ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Mini Cooper ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-2109 បើកបរ​ធ្វើ​ដំណើរ​ដោយ​បុរស​ជា​អ្នក​ថែ​សួនផ្កា​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ដូច​គ្នា ក្នុង​ទិស​ដៅ​បញ្ច្រាស គឺពី​កើតមក​លិច​វិញ ដោយ​ក្នុង​ល្បឿន​លឿន ក៏​រេ​ចង្កូត​ជ្រុល​​បុក​ផ្ទប់​នឹង​ម៉ូតូ​ជន​រង​គ្រោះ​ទាំង២​នាក់ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ទាំង​មនុស្ស និង​ម៉ូតូ​ខ្ទាត​ជាង១០​ម៉ែត្រ​ប៉ើង​ដូច​ចំ​ប៉ើង រង​របួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់ ដោយ​ក្នុង​នោះ បុរស​ជា​ឪពុក​ត្រូវ​បាក់ដៃបាក់ជើង​ទាំង​សងខាង និង​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​មុខ សល់​តែ​ដង្ហើមចង្រិត ។ ដោយឡែក ទារក​ទើប​អាយុ៩​ខែ ដែល​ជា​កូនត្រូវ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​មុខ និង​ដងខ្លួន ទ្រហោយំ​ខ្លាំង​ៗ រក​អ្នក​ជួយ មើលទៅ​គួរ​អោ​យស​ង្វែ​ក​បំផុត ។

ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទាក់ទង​ទៅ​កាន់​រថយន្ត​សា​មុ​យ​អោយមក​ដឹក ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​កូន យក​ទៅ​សង្គ្រោះ​​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​បុរស​ជា​ឪពុក​ធ្ងន់ធ្ងរ​ពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ ក៏​ត្រូវ​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ទៅ ចំណែក​កូនប្រុស បច្ចុប្បន្ន​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ផ្ផា ។