បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​២​នាក់ ត្រូវ​រថយន្ត​តួ​រី​ស​បុក​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​២​នាក់​ត្រូវ​រថយន្ត​តួ​រី​ស​បុក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​ភ្នំ​ធំ ត្បូង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។ ជន​រង​គ្រោះ​ដែល​ស្លាប់​២​នាក់​១.​ឈ្មោះ ហល់ ហៀ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ២.​ឈ្មោះ ញ៉េ​ប ត្រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​រំដេង ឃុំ​ត្រាំសសរ ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

លោក ផុ​ន ទី​ណូ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ជន​រង​គ្រោះ​២​នាក់​ដែល​ជា​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​បាន​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ សៀមរាប​1R-8557 ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បាន​ជិះ​ក្នុង​ល្បឿន​លឿន​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ពីមុខ​បណ្តាល​បុក​រថយន្ត​តួ​រី​ស​ដែល​ពាក់​ស្លាក​លេខ ឧត្តរមានជ័យ 2A-0407  ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ក្នុង​ល្បឿន​លឿន​ដូច​គ្នា​បាន​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ម្នាក់​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ និង​បុក​រុញ​ម៉ូតូ​ម្នាក់​ទៀត​ស្លាប់​ក្រោម​រថយន្ត​ភ្លាម​ៗ​។

លោក​បាន​បន្ត​ថា ពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង​គឺ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង គឺ​ម៉ូតូ​ជា​អ្នក​ខុស​ដោយ​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៅ​បុក​រថយន្ត​តួ​រី​ស​បណ្តាល​ឲ្យ​ស្លាប់​ចំណែក​អ្នកបើកបរ​ត្រូវ​បាន​រត់គេច​ខ្លួន​បាត់​។ ចំណែក​រថយន្ត និង​ម៉ូតូ​ក្រោយ​ពេល​វាស់វែង​ហើយ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕