​ម្ចាស់លែង​​គោតាមផ្លូវ បង្កគ្រោះថ្នាក់​យ៉ាងរន្ធត់

ខេត្តពោធិ៍សាត់ ​៖ ​រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​លាន់​ដូច​រន្ទះ​ បណ្ដាល​ឱ្យ​​ស្លាប់​ម្នាក់ និង​​របួសធ្ងន់​​២​នាក់ កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​​ថ្ងៃទី​១៩ មេសា ២០១៦ ស្ថិត​នៅ​​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ភូមិ​ឈើទាល​ខ្ពស់ ​ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់​ ។

ជន​​រង​​គ្រោះ​ ១-​ឈ្មោះ​ទុន​ ភេទ​ប្រុស​ អាយុ​ជាង​២០​ឆ្នាំ​ ជា​ព្រូ​រថយន្ដ​ (​ស្លាប់​) ​២-​​ឈ្មោះ​សួន វ​លក្ខណ៍ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជា​អ្នកបើក (​របួសធ្ងន់​) ទាំង​២​នាក់​រស់នៅ​ខេត្ត​ត្បូងឃ្មុំ​ និង​៣-​ឈ្មោះ​គឹ​ម ឡេ​ង​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ផ្សារ​ព្រំ​ ខេត្ត​ប៉ៃលិន​ ជា​ម្ចាស់​ទំនិញ​ផ្លែ​ឈើ​ (​របួសធ្ងន់​)​ ។​ ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​​ដាយ​បាន​គេចខ្លួន​បាត់​ ​។

លោក​វរ​​សេនីយ៍​ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​ឱ្យ​​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្ក​ឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​កុងតឺន័រ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-8072 របស់​ក្រុមហ៊ុន​គា​ធី​ បុក​ជាមួយ​រថយន្ត​មី​នី​ទួរី​ស​ដឹក​ផ្លែ​ឈើ​ ពាក់​ស្លាក​លេខ​2F-2024 ​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា​ ។​

លោក​អធិការ​បន្ត​ថា នៅ​យប់​នោះ​ គេ​ឃើញ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​កុងតឺន័រ​ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ឯ​រថយន្ត​មី​នី​តូ​រី​ស​ដឹក​ផ្លែ​ឈើ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ ។​ ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​​គេច​សត្វ​គោ​​ មក​ខាងឆ្វេង ក៏ជ្រុល​​បុក​ជាមួយ​ទួ​រី​ស​ ដែល​កំពុង​បោះពួយ​មក​ពីមុខ​យ៉ាង​ពេញ​ទំហឹង​​តែ​ម្ដង ​បណ្ដាលឱ្យ​​រថយន្ត​ទួរី​ស​​ខ្ទេច​មួយ​​កំណាត់​មុខ​​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់ ​ខ​ណៈ​​រថយន្ត​ហ៊ី​យ៉ា​ន់​ដា​យ ក៏​​ខ្ទេច​មុខ​ដែរ ​តែ​មិន​មាន​អ្នក​គ្រោះថ្នាក់​នោះ​ទេ​ ។