អាជ្ញាធរ​រាជធានី​ប្តេជ្ញា​ចាត់វិធានការ​ទប់ស្កាត់​រថយន្ត​ធំ​ចូល​ក្រុង

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​និង​មន្ទីរ​សាធា​រណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ រួម​នឹង​ផ្នែក​ពាក់ព័ន្ធ បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​បន្ទាប់​ពី​ចូល​ឆ្នាំ​រួច​ក៏​ដូច​ជា​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ លែង​ឲ្យ​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ចូល​ក្រុង​ជា​ដាច់ខាត ដោយ​គោរព​អនុវត្ត​ទៅ​តាម​ច្បាប់​ក្នុង​បំណង​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​សព្វថ្ងៃ​មាន​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ និង​ធំ​ៗ​ចូល​ក្រុង​កាន់តែ​កើនឡើង បំផ្លាញ​ផ្លូវ​សាធារណៈ​ខូច​ខ្ទេចខ្ទី​អស់​ស្ទើរ​គ្រប់កន្លែង និង​ខាតបង់​ថវិកាជាតិ ។

លោកស្រី បុប្ផា ផា​នី អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹង​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា​ថា បន្ទាប់​ពី​សង្កេត​ឃើញ​រថយន្តឈ្នួល​រត់​តាម​ខេត្ត ក៏​ដូច​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន និង​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ចេញចូល​មិន​គោរព​តាម​ច្បាប់​នោះ សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ ចាប់ផ្តើម​រៀប​ចំណតរថយន្ត​នៅ​ជាយក្រុង​ទៅ​តាម​ផែនការ បង្វែរ​រថយន្ត​ធុន​ធ្ងន់​មិន​ឲ្យ​ចូល​ក្រុង​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ។ ចំណែក​តាក់ស៊ី​តាម​ខេត្ត​ក៏​ដូច​រថយន្តក្រុង​របស់​ក្រុមហ៊ុន ត្រូវ​រៀបចំ​ចំណត​ឲ្យ​នៅ​ជាយក្រុង ដើម្បី​កាត់​បន្ថយ​ភាព​អនាធិបតេយ្យ និង​ការ​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ ។

លោកស្រី​បន្ត​ថា ការ​ចាប់ផ្តើម​រៀបរយ​ចំណតរថយន្ត​នៅ​ជាយក្រុង​មាន​ដូច​ជា ចំណត​ចាក់​អង្រែ ជ្រោយចង្វា ឫស្សី​កែវ ច្បារ​អំពៅ និង​ចំណត​ចោម​ចៅ ដែល​មុខព្រួញ​មាននៅ​គ្រប់​ទិស​សម្រាប់​ចេញ​ទៅ​តាម​ខេត្ត ។  ការ​ចេញចូល​នៃ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​មិន​គោរព​តាម​ច្បាប់​នេះ បើ​ទោះបី​មានការ​ណែនាំ​ពី​អាជ្ញាធរ​ច្រើន​លើក​ច្រើន​សា​ក៏​ដោយ ក៏​នៅ​តែ​រថយន្ត​ធុន​ធ្ងន់​ចូល​ដដែល ។

ចំពោះ​បញ្ហា​នេះ មានការ​ចោទប្រកាន់​និង​រិះគន់​មក​លើ​អាជ្ញាធរ​ថា រាល់​ច្បាប់ សារាចរ សេចក្តីណែនាំ សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ទាំង​ប៉ុន្មាន​គ្មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បន្ទាប់​ពី​ចូល​ឆ្នាំ​រួច អាជ្ញាធរ​នឹង​ចុះ​ដល់ទី​តាំង​ចំណតរថយន្ត​ដោយ​ដាក់​ឲ្យ​នៅ​ក្រៅ​ក្រុង​វិញ ។

លោកស្រី​បន្ត​ថា ការ​ចាត់វិធានការ​នេះ វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធុន​ធ្ងន់​ទាំងនោះ គេ​សង្កេត​ឃើញ​នៅ​តែ​មាន​ចេញចូល​ដដែល ដែល​ប៉ះពាល់​ខ្លាំង​ដល់​សណ្តាប់ធ្នាប់ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ខូច​ផ្លូវថ្នល និង​បង្ក​គ្រោះថ្នាក់​ស្ទើរតែ​មិន​លស់​ថ្ងៃ ។ ការ​ទុក​បណ្តោយ​ឲ្យ​មធ្យោបាយ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ចូល​ក្រុង​បន្ត​ទៀត ជា​ហេតុ​បង្ក​ឲ្យ​សិស្ស និស្សិត មន្ត្រីរាជការ កម្មករ ទៅ​ធ្វើការ​មិន​ទាន់​ពេល ជួប​ការ​លំបាក ខាត​ពេលវេលា ប៉ះពាល់​សុខភាព ។

លោកស្រី​អនុប្រធាន​មន្ទីរ​បញ្ជាក់​ថា ឆ្នាំ​២០១៦ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​មាន​វិធានការ​ទៅ​លើ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ចូល​រាជធានី​នេះ ព្រោះ​តាម​ស្មារតី​អង្គប្រជុំ​កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៥​កន្លង​មក សាលា​រាជធានី​បាន​កោះ​អញ្ជើញ​តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ ទាំង​រថយន្ត​ដឹក​ទំនិញ រថយន្ត​ធុន​ធ្ងន់​ជាង​៣០​ក្រុមហ៊ុន ហើយ​ក្នុង​ខ្លឹមសារ​អង្គប្រជុំ គឺ​លោក​អភិបាល​សុំ​ឲ្យ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ត្រូវ​រក​ទីតាំង​ឲ្យ​ហើយ​ចេញ​នៅ​ក្រៅ​ក្រុង ឥឡូវ​ពេលវេលា​បាន​មក​ដល់​ហើយ ។ ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ លោក​អភិបាល​បញ្ជា​ឲ្យ​មូលដ្ឋាន​ខណ្ឌ​ទាំង​១២ ត្រូវ​រឹត​បន្តឹងបន្ថែម​ទៅ​លើ​គោលការណ៍​ដែល​មាន​ស្រាប់​ពី​មុន​ដែល​រដ្ឋសភា​បាន​អនុម័ត កាលពី​ខែធ្នូ និង​ការ​អនុវត្ត​ការ​ផាកពិន័យ​ចាប់ពី​ថ្ងៃ​ទី​១ ខែ មក​រា ឆ្នាំ​២០១៦​យ៉ាង​តឹង​រឹ​ុ​ង​ទៅ​លើក​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​នេះ ។

តំណាង​អ្នក​រត់​តាក់ស៊ី​ចំណត​ផ្សារ​ដេប៉ូ​ទៅ​ស្រែអំបិល កោះកុង និង​តំណាង​អ្នក​រត់​តាក់ស៊ី​ចំណត​ផ្សារ​ថ្មី​ទៅ​ពោធិ៍សាត់ បាត់ដំបង បានលើក​ឡើង​ស្រ​ដៀង​គ្នា​ថា ការ​រៀបចំ​ចំណត​តាក់ស៊ី និង​ការ​ចាត់វិធានការ​ទៅ​លើ​រថយន្ត​ធំ​ៗ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ចូល​រាជធានី​ភ្នំពេញ​នេះ លោក​គាំទ្រ ប្រសិនបើ​សាលាក្រុង​អនុវត្ត​បាន​។ អ្នកតំណាង​ទាំងនោះ​បន្ត​ថា ការ​ហាមប្រាម​រថយន្ត​ធុន​ធ្ងន់​មិន​ឲ្យ​ចូល​រាជធានី​នេះ ធ្វើ​ឡើង​គ្មាន​យន្តការ​ច្បាស់លាស់ គ្មាន​ប្រសិទ្ធភាព អ្នកមាន​ខ្សែ​នៅ​តែ​ចូល​បាន អ្នក​មិន​គោរព​ច្បាប់ ពេល​ប៉ូលិស​ចាប់​ឲ្យ​តែ​លុយ​ជា​ថ្នូរ ដូច្នេះ​ត្រូវ​តែ​មាន​តម្លាភាព​រាល់​វិធានការ​ដែល​ត្រូវ​អនុវត្ត ។

សូម​បញ្ជាក់​ថា ការ​ចុះបញ្ជី និង​ធ្វើ​លិខិត​ចេញចូល​រាជធានី​ភ្នំពេញ នៃ​រថយន្ត​ដឹក​ជញ្ជូន​រថយន្ត​ធុន​ធ្ងន់ រហូត​មក​ដល់​ពេល​នេះ ទើបតែ​ទទួល​បាន​ចំនួន​១៨.២០០​គ្រឿង​ប៉ុណ្ណោះ ។ បើ​តាម​លក្ខណៈ​បច្ចេកទេស​នៃ​រថយន្ត គឺ​អនុញ្ញាត​ឲ្យ​ផ្ទុក​ទម្ងន់​ត្រឹមតែ​២៤​តោន ដែល​ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ។

មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​បាន​ស្ទង់​មតិ​និយាយ​ថា វិធានការ​ដែល​ដាក់​ចេញ​នា​ពេល​នេះ​គ្មាន​អ្វី​ដែល​ថ្មី​ទេ គឺ​ធ្លាប់​មាន​ច្រើន​មក​ហើយ តាំងពី​អាណត្តិ​អភិបាល​រាជធានី​មុន​ម្ល៉េះ តែ​ធ្វើ​មិនកើត ទីបំផុត​រថយន្ត​ធំ​ៗ​នៅ​តែ​ចូល​ពេញ​រាជធានី បង្ក​ការ​កកស្ទះ​តាម​ដងផ្លូវ ។ មន្ត្រី​ទាំងនោះ​បាន​ស្នើ​ឱ្យ​កុំ​មានការ​ផ្តល់​អាទិភាព​ណាមួយ​សម្រាប់​រថយន្ត​ធុន​ធំ​ចូល​រាជធានី​ដូច​មុន​ទៀត ព្រោះ​វា​បង្ហាញ​ពី​អំពើ​ពុក​រលួយ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ដោះស្រាយ​លើ​ការងារ​បន្ទាន់​អ្វី​នោះ​ទេ ។  ទោះបីជា​បែប​ណា មន្ត្រី​ទាំងនោះ​បាន​ត្រឹមតែ​និយាយ​ថា វា​ឆាប់​ពេក​ក្នុង​ការ​វាយតម្លៃ គួរ​រង់ចាំ​មើល​សិន  ៕