បើកបរ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន ដួល​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

ខេត្តកំពង់ធំ ៖ ឧបទ្ទវហេតុ​មួយ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅ​តំបន់​ប្រឡាយ​អូរ​ក្រូច ក្នុងភូមិ​អូរ​ក្រូច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ជិះ​ឌុ​ប​គ្នា​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿ​ង​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ ដែល​ជិះ​ឌុ​ប​គ្នា​នេះ​បាន​រេ​ចង្កូត​ដួល​ធ្លាក់​ថ្នល់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ទី ប៉ែន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិធំ ឃុំ​ទួល​គ្រើល ស្រុក​ប្រសាទ​បល្ល័ង្ក  រង​របួសធ្ងន់​បោក​ក្បាល​ទៅ​នឹង​ទ្វារ​ទឹក រួច​ប្រកាច់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត ឈ្មោះ យ៉ុ​ង  ញ៉េ​ប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ដូច​គ្នា រស់នៅ​ភូមិ​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រសាទ​បល្ល័ង្ក រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ ។ ក្រោយ​ពី​សមត្ថកិច្ច​ចរាចរ​ធ្វើការ​វាស់វែង​រួច ក៏​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណីចំណែក​វត្ថុ​តាង​គឺ​ម៉ូតូ​វ៉េវ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​នោះ​ត្រូវ​បាន​យក​មក​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​៕