មិនដឹងយ៉ាងម៉េច ជិះទៅបុកកុងតឺន័រពីក្រោយ​

​រាជធានីភ្នំពេញ ​៖ បុរស​ម្នាក់​​​ស្លាប់​​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ​និង​​ម្នាក់​ទៀត​​​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​ហើយ​ត្រូវ​​គេ​ដឹក​​បញ្ជូនទៅ​​សង្គ្រោះ​​បន្ទាន់​ភ្លាម​ៗ នៅ​​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ​បន្ទាប់ពី​ពួកគេ​​ជិះ​ម៉ូតូ​​ជ្រុល​ទៅ​បុក​​ពីក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​យ៉ាង​ពេញទំហឹង ​ខណៈ​​បើក​ស្របទិស​គ្នា ដែល​ហេតុ​ការណ៍​​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ​មេសា ​២០១៦ ស្ថិត​នៅ​លើ​​ផ្លូវ​លេខ​​២១៧ ​​ក្បែរ​វត្ត​សំបួរមាស ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​។

ប្រភពឱ្យ​ដឹងថា ជន​​រង​គ្រោះ​ដែល​ស្លាប់ និង​រង​របួស ​មិន​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​មិន​មាន​លិខិត​ស្នាម ឬ​អត្ត​សញ្ញាណ​ប័ណ្ណ ​គឺ​មាន​តែ​វិ​ក័យ​​ប័ត្រ​ហាង​ខារ៉ាអូខេ​១​សន្លឹក​ប៉ុណ្ណោះ ។ ​​ទាំង​​២នាក់​​ជិះ​ម៉ូតូ​​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី ស្មាស់​វី ពណ៌​ក្រហម ពាក់​​ស្លាក​លេខ​ភ្នំពេញ​1AR-7902 ។ ​ចំណែក​រថយន្ត​​កុងតឺន័រ​មិន​​ស្គាល់​ម៉ាក​​ បាន​បើក​បន្តដំណើរ​ទៅ​មុខ​បាត់​​ស្រមោល​។

បើតា​ម​ប្រភព​​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​​ជិះ​ម៉ូតូ​១​គ្រឿង​​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​​លឿន​​ជែង​គេ​ជែង​ឯង​ ។ លុះ​ពេល​ទៅ​ដល់​​ចំណុច​កើតហេតុបាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដក​កុងតឺន័រ​១​គ្រឿង ​ដែល​កំពុង​​បើក​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឱ្យ​​ដួល​ច្រ​ង៉ា​ប់​ច្រ​ងិលស្លាប់​ម្នាក់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ និង​ម្នាក់​យ៉ាងធ្ងន់ធ្ងរតែម្តង ​។