គួរ​សង្វេគ​ណាស់ បុក​ស្លាប់​ហើយ​បើក​រត់​បាត់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ មេ​សា ២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ហុ​ក ឈូក អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ក្បែរ​កន្លែង​កើតហេតុ មាន​ប្ដី​ឈ្មោះ ឆុង រាយ អាយុ​២៤​ឆ្នាំ មុខ​បរ​រត់​ម៉ូតូឌុប ។

តាម​សម្តី​របស់​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់​តែងតែ​ទៅ​ជួយ​លក់​ទឹកក្រឡុក​អ្នក​ជិតខាង មុន​ពេល​កើតហេតុ​មាន​ភ្ញៀវ​ចូល​ទិញ​ទឹកក្រឡុក ហើយ​បាន​ប្រើ​ឲ្យ​ប្រពន្ធ​របស់​គាត់​ដើរ​ឆ្លងផ្លូវ​ទៅ​ទិញ​បារី ខណៈ​ពេល​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល នៅ​សល់​តែ​ស្ត្រី​រង​គ្រោះ​នៅ​កន្លែង កើតហេតុ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕