ជិះ​ម៉ូតូ​ពេល​យប់​ត្រូវ​តែ​ប្រយ័ត្ន​គ្រោះថ្នាក់​ជាយថាហេតុ

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​បាន​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​បន្ទាប់​ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​ដែល​កំពុង​ឈប់​ស្ងៀម​នៅ​ចិញ្ចើម​ថ្នល់​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦ លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ផាត ភឿន អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​វត្ត​កណ្ដាល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ក្រហម រីឯ​រថយន្ត​ម៉ាក​ហ៊ីយ៉ា​ន់​ដាយ​ប្រភេទ​ដឹក​ទំនិញ ពាក់​ស្លាក​លេខ កំពង់ចាម 3A-4264 បើកបរ​ដោយ​ឈ្មោះ ពុំ យ​ន អាយុ​២៤​ឆ្នាំ រស់នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែល​រថយន្ត​មាន​ដឹក​ខ្សាច់​រាប់​សិប​តោន​ផង ។

សមត្ថកិច្ច​និយាយ​ថា រថយន្ត​ដឹក​ខ្សាច់​បាន​ឈប់​លើ​ចិញ្ចើមថ្នល់ ដោយសារ​មាន​បញ្ហា តែ​មិន​បាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ទេ ស្រប​ពេល​អ្នក​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ផង ក៏​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​បោក​ក្បាល​នឹង​គូទ​រថយន្ត​បាក់​ក​ស្លាប់​តែ​ម្ដង ។

តាម​ការ​បំភ្លឺ​ពី​ម្ចាស់​រថយន្ត​ឈ្មោះ ឌៀប ខុ​ម អាយុ​៥៩​ឆ្នាំ ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ដែរ​បាន​និយាយ​ថា នៅ​ពេល​ម៉ូតូ​មក​បុក​គូទ​រថយន្ត​គាត់ គឺ​រថយន្ត​គាត់​មិន​ទាន់​ឈប់​ស្ងៀម​នៅ​ឡើយទេ ។ គាត់​និយាយ​ថា ពេល​កំពុង​ធ្វើ​ដំណើរ​រថយន្ត​គាត់​ហាក់​មាន​បញ្ហា ទើប​គាត់​ប្រាប់​ឲ្យ​អ្នកបើកបរ​បន្ថយល្បឿន​រក​កន្លែង​ឈប់​ដើម្បី​ត្រូ​ត​ពិនិត្យ ហើយ​អ្នក​បើកបរ​ក៏​បាន​អែប​កៀន​រក​កន្លែង​ឈប់ តែ​មិន​ទាន់​ឈប់​ស្រួល​បួល​ផង ស្រាប់តែ​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ជិះ​មក​បុក​ពីក្រោយ​ពេញទំហឹង​បោក​ក្បាល​ស្លាប់​តែ​ម្ដង ។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​និយាយ​ថា បើ​តាម​សាក្សី​ថា អ្នក​ជិះ​ម៉ូតូ​ហាក់​ប្រើប្រាស់​ល្បឿន​លឿន​ដែរ ហើយ​ហាក់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង ទើបជួប​ស្ថានភាព​​ជា​យថា​ហេតុ​មិន​អាច​បន្ថយល្បឿន​បាន ហើយ​បុក​គូទ​រថយន្ត​តែ​ម្ដង ។

មន្ត្រី​នគរបាល​ចរាចរណ៍​បន្ត​ថា ក្រោយ​ពី​ធ្វើការ​វាស់វែង​ស្លាកស្នាម​នៅ​កន្លែង​កើតហេតុ មន្ត្រី​ជំនាញ​បាន​នាំ​យក​ទាំង​រថយន្ត ទាំង​ម៉ូតូ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ហើយ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕