ហ៊្វុយ​ហ្សូ​និង​ហ៊ី​យ៉ា​ន់​ដាយ​បុក​គ្នា ស្លាប់​១ របួសធ្ងន់​១

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ខ្នាចរមាស ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​រវាង​រថយន្ដ​ម៉ាក​ហ៊្វុយ​ហ្សូ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5825 ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ប៉ៃលិន 3A-0194 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ នៅ​ថ្ងៃ​នោះ​គេ​ឃើញ​រថយន្ត​ហ៊្វុយ​ហ្សូ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ទៅ​ដល់​ចំណុច​កើតហេតុ​បាន​រ៉េ​ចង្កូត​ទទឹង​ផ្លូវ ខណៈនោះ​ក៏​បុក​គ្នា​ជាមួយ​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​មក​ពី​កើត​បណ្ដាល​ឲ្យ​ព្រូ​រថយន្ត​ហ្វ៊ុ​យ​ហ្សូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ឯ​អ្នកបើកបរ​របួស​យ៉ាងធ្ងន់ធ្ងរ ។

លោក​អធិការ​នគរបាល​ស្រុក​បាកាន បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឆ​ន សា​រុំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​អ្នក​រង​របួសធ្ងន់​ឈ្មោះ អូន វុ​ត្ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ដោយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​គ្រោះថ្នាក់​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ពេល​ក្រោយ ៕