ស៊យនោះស៊យ! ឈប់ស្តុបហើយ ចៀស​មិនរួច​ទៀត​

រាជធានីភ្នំពេញ ៖ រថយន្ត​​ស៊េរី​ទំនើប​២​គ្រឿង ​​មួយ​ហាយ​ឡែ​ន​ឌ័​រ ​និង​​​កា​ម៉ា​រី​បា​ឡែ​ន​បាន​រង​ការ​ខូចខាត​​ ខណៈ​​​កំពុង​តែ​​ឈប់​ភ្លើង​ស្តុប ក៏​ត្រូវ​រថយន្ត​ក្រឡុក​​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​GCM​មួយ​គ្រឿង ​បើក​មក​ពីក្រោយ​​ដាច់​ហ្វ្រាំង​ ជ្រុល​ទៅ​បុក​បន្តកន្ទុយ​គ្នា​​នោះ​ ​ដែល​ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង១ និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​មេសា ២០១៦ ស្ថិតនៅ​ចំណុច​ភ្លើង​ស្តុប​ទូត​ចិន លើផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​ ។

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ខាងលើ​ម៉ាក​FUSO ព​ណ៌​ខៀវលា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៥A-០០៦៦ ជា​របស់​ក្រុមហ៊ុន GCM បើកបរ​ដោយ​​បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ ​។ ចំណែក​​រថយន្ត​រង​គ្រោះ​​មាន​ម៉ាក​ហាយ​ឡែ​ន​ឌ័រ ពណ).​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AA-០៩៣៣​មួយ​គ្រឿង ​(​ក្រពិត​​កាង​​ខាង​ក្រោយ​) និង​មួយ​គ្រឿង​ទៀត ​ម៉ាក​កា​ម​រី​​បា​ឡែ​ន ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២l-០៤៨១ (​នៅ​កណ្តា​លកំ​ពិត​ទាំង​មុខ និង​ក្រោយ​)​ រង​ការ​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា​ ។​

ប្រភពបន្តថា នៅមុន​ពេល​កើតហេតុ​ ខណៈ​ដែល​​​រថយន្ត​ជា​ច្រើន​គ្រឿង​កំពុង​តែ​ឈប់​ភ្លើងស្តុប​បន្តបន្ទាប់​គ្នា​នោះ ក៏​ស្រាប់តែ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ​បង្កបើក​មក​ពីក្រោយ​បំណង​ឈប់​ភ្លើងស្តុប​ដែរ​នោះ​ ត្រូវ​អ្នកបើក​​បាន​ព្យាយាម​ជាន់​ហ្វ្រាំង​រថយន្ត​ឈប់​ភ្លើង​ ស្រាប់​តែ​​ហ្វ្រាំង​បាន​ដាច់ និង​ជាន់​មិន​ស៊ី​ ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ទាំង​២​គ្រឿ​បន្តកន្ទុយ​គ្នា​ខាង​មុខ បណ្តាល​​ឱ្យ​​​ខូចខាត​យ៉ាងដំណំ​​ តែ​សំណាងល្អ​ មិន​​​បណ្តាល​ឱ្យ​​មាន​មនុស្ស​គ្រោះថ្នាក់​​ឡើយ​ ។

ក្រោយ​ពេល​កើតហេតុ ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន ​ក៏​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​​ឱ្យ​រថយន្ត​ទាំង​៣​គ្រឿង​ចត​​ទៅ​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា និង​មាន​តំណាង​ភាគី​ខាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បង្ក​ចេញ​មុខ​មក​ធ្វើការ​ដោះ​ស្រាយ​បញ្ចប់រឿង​ ​​។