ថ្ងៃស្អែក មេធាវី​លោក អ៊ុំ សំ​អាន ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ នៅ​ថ្ងៃ​ទី​២១​មេ​សា​ស្អែក​នេះ លោក ជូ ជូ​ង​ងី មេធាវី​ការពារ​ក្តី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំ​អាន នឹង​ដាក់​ពាក្យសុំ​ឲ្យ​លោក អ៊ុំ សំ​អាន នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។

តំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំ​អាន ត្រូវ​បាន​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាស​ន្ត កាលពី​យប់​ថ្ងៃ​ទី​១១ មេ​សា ២០១៦ ដោយ​សង្ស័យ​ជាប់ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៥​និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក អ៊ុំ សំ​អាន បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មេ​សា ពោល​គឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​លោក​វិល​ត្រលប់​ពី​សហរដ្ឋអាមេរិក​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ២០១៦ នៅ​ខេត្តសៀមរាប ។

ការ​ចាប់ខ្លួន​លោក​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូប​នេះ ពាក់​ព័​ន្ឋ​នឹង​ការ​បង្ហោះ​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម​តាម​បណ្តាញ ទំនាក់ទំនង​សង្គម ហើយ​ដែល​ផែនទី​ដែល​លោក​អ៊ុំ សំ​អាន​បាន​បង្ហោះ​នោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​រាជរដ្ឋាភិបាល​អះអាង​ថា​ជា​ផែនទី​ក្លែងក្លាយ​និង​ចោទប្រកាន់​លោក អ៊ុំ សំ​អាន ថា​មាន​ចេតនា​កេង​ចំណេញ​ផ្នែក​នយោបាយ និង​បង្កចលាចល​សង្គម ៕