យុវជន​ត្រូវ​ប្រយ័ត្ន​ក្លាយ​ខ្លួន​ជា​ឧបករណ៍​នយោបាយ

អ្នកកាសែត​ប្រមាណ​ជា​៨០​នាក់​ កាលពី​ថ្ងៃ​ទី​២២​ ​មេសា​ បាន​ធ្វើការ​ពិភាក្សា​អំពី​អនាគត​នយោបាយ​កម្ពុជា​ ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ ។ តួនាទី​របស់​យុវជន​ និង​យុវតី ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ​នឹង​មាន​សារសំខាន់​ខ្លាំង​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​។

ដោយ​យុវជន ​និង​យុវតី​ តំណាង​ឱ្យ​​មនុស្ស​ភាគច្រើន​​នៅ​ក្នុង​ការ​បោះ​ឆ្នោត ការ​ដណ្តើម​​បានការ​គាំទ្រ​ពី​​ពួក​គេ​អាច​នឹង​ធ្វើឱ្យ​​គណ​បក្ស​នយោបាយ​មួយ ​ទទួល​បាន​ជោគជ័យ​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​​ខាង​មុខ​ ។ គេ​ចាត់​ទុក​កម្ពុជា​ គឺជា​សង្គម​ដ៏​វ័យក្មេង​មួយ​។ គេ​ប៉ាន់​ស្មានថា ​ប្រជាជន​កម្ពុជា​ជាង​៥​លាន​នាក់​ គឺជា​យុវជន​ និង​យុវតី ​។

ភាព​សកម្ម​មួយ​របស់​​យុវជន​ និង​យុវតី ​នៅ​ក្នុង​នយោបាយ​ បាន​ត្រូវ​សង្កេត​ឃើញច្បាស់​​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដែល​ពួក​គេ​បញ្ចេញ​ទស្សន​ :​ដោយ​សេរី​អំពី​បញ្ហា​នានា​ ដែល​កំពុង​តែ​កើត​មាននៅ​ក្នុង​សង្គម ​។

ដោយសារ​តែ​យុវជន​ និង​យុវតី ​កាន់តែ​ច្រើន​មាន​សេចក្តី​ក្លាហាន ​នៅ​ក្នុង​សកម្មភាព​នយោបាយ​មួយ​នោះ គេ​ក៏​មានការ​ព្រួញ​បារម្ភ​ផង​ដែរ​ថា​ ពួក​គេ​អាច​នឹង​ត្រូវ​​បាន​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​ ។

នៅ​ក្នុង​ការ​ពិភាក្សា​សារព័ត៌មាន​ ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​ និង​គាំទ្រ​ដោយ​មូលនិធិ​ ខុន​រ៉ា​ដ អា​ដិ​ន​ណៅ​អ៊ែរ អា​ល្លឺ​
ម៉​ង់​នោះ យុវជន​បាន​ត្រូវ​ប្រាប់ឱ្យ​​ប្រយ័ត្ន​ ដើម្បី​ចៀសវាង​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ផលប្រយោជន៍​នយោបាយ​ ។

ដើម្បី​បំពេញ​តួនាទី​នយោបាយ​ឱ្យ​​មាន​ប្រ​សិ​ទ្ធ​ភាព យុវជន​ និង​យុវតី​កម្ពុជា​ ត្រូវ​ចូលរួម​ការ​បោះ​ឆ្នោត​ជាមួយនឹង​ចំណេះដឹង​គ្រប់​គ្រាន់​ អំពី​កម្មវិធី​នយោបាយ​គណបក្ស​នានា​ ដើម្បី​ធានា​ថា​ ពួក​គេ​អាច​ចូលរួម​ជ្រើសរើស​មេដឹកនាំ​ ដែល​នឹង​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​ និង​សង្គម​កម្ពុជា​ទាំងមូល​ ។ យុវជន​ និង​យុវតី ​មិន​ត្រូវ​ចូលរួម​សកម្មភាព​នយោបាយ​ ដោយ​គ្រាន់តែ​បញ្ចេញ​អារម្មណ៍​​ស្អប់ ​និង​ស្រឡាញ់​ឡើយ​ ។ គេ​ត្រូវ​នាំ​គ្នា​ចូលរួម​ពិភាក្សា​ឱ្យ​ល្អិតល្អន់​ អំពី​កម្ម​វិ​អី​នយោបាយ​របស់​គណបក្ស​ទាំ​ង​អស់ ដើម្បី​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ប្រៀបធៀប​រក​គណបក្ស​ណា​ ដែល​មានកម្ម​វិធី​នយោបាយ​ល្អ ​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ ។

ចំណែក​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ​ក៏​ត្រូវ​ចូលរួម​ផង​ដែរ​ ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ឱ្យ​​បាន​ច្រើន ​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស ​ដែល​នឹង​ចូលរួម​ការ​បោះ​ឆ្នោត ​ដើម្បី​ធ្វើ​ឱ្យ​​អ្នកបោះឆ្នោត​ ពិសេស​​យុវជន​ និង​យុវតី​ ទទួល​បាន​ព័ត៌មាន ​និង​ចំណេះ​ដឹង​គ្រប់គ្រាន់ ​សម្រាប់​ការ​សម្រេចចិត្ត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ។

ការ​បោះ​ឆ្នោត​ ត្រូវ​តែ​យន្តការ​មួយ ​សម្រាប់​ឆ្ពោះទៅ​កាន់​ដំណោះស្រាយ​ចំពោះ​បញ្ហា​សង្គម​នានា​ ដូច​ជា​បញ្ហា​ពុក​រលួយ បញ្ហា​
ជម្លោះ​ដីធ្លី បញ្ហា​អប់រំ បញ្ហា​សុខាភិបាល បញ្ហា​ព្រៃឈើ​ ។​ល​។ ​និង​។​ល​។

ការ​បោះ​ឆ្នោត​ មិន​គួរ​ក្លាយជា​យន្តការ​មួយ​ សម្រាប់​មនុស្ស​បង្ហាញ​កំហឹង ការ​ស្អប់ និងស្រឡាញ់់​នោះ​ឡើយ​។

នៅ​ពេល​ដែល​អ្នកបោះឆ្នោត​ទាំងអស់​ ពិសេស​យុវជន​ និង​យុវតី​ យល់​ច្បាស់​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ទាំង​អស់ហើយ ពួក​គេ​នឹង​មាន​សមត្ថភាព​អាច​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ​និង​មាន​ប្រ​សិ​ទ្ធភាព​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ដែល​នឹង​បម្រើ​ដល់​ផលប្រយោជន៍​ប្រទេស​ជាតិ​ទាំងមូល​ ៕