លោក កែម ឡី មិន​ជំទាស់​នឹង​ការ​ប្រកាស​របស់​សម្តេច​តេ​ជោ​សែន

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​នយោបាយ​និង​ជា​អ្នក​ស្រាវជ្រាវ​សង្គម លោក​បណ្ឌិត កែម ឡី បាន​មាន​ប្រសាសន៍​ដោយ​មិន​ជំទាស់​ទៅ​នឹង​ការ​ប្រកាស​ប្រើ​វិធានការ​ច្បាប់​ទៅ​លើ​អ្នក​អត្ថាធិប្បាយ​និង​អ្នកវិភាគ​នយោបាយ​ដែល​និយាយ​មួលបង្កាច់​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នោះ​ឡើយ ។

យ៉ាងណា​ក៍ដោយ ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​គេហទំព័រ​កោះសន្តិភាព​នៅ​ប៉ុន្មាន​នាទី​មុន​នេះ លោក​បណ្ឌិត​បាន​បញ្ជាក់​ដែរ​ថា "​គាត់ (​សម្តេច​តេ​ជោ​សែន​)​មាន​អំណាច​តាម​ផ្លូវច្បាប់ ប៉ុន្តែ​ថា​វិធានការ​នោះ​ត្រូវ​តែ​ស្រប​តាម​ច្បាប់ ហើយ​បើ​មិន​ស្រប​ទេ ត្រូវធ្វើ​វិសោធនកម្ម​ច្បាប់​តាម​ស្តង់ដា ។​"

លោក កែម ឡី បាន​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​មាន​សេរីភាព​ក្នុង​គំនិត​និង​ការ​បញ្ចេញ​មតិយោបល់​ទៅ​លើ​អ្នក​ទទួល​អំណាច​ពី​គាត់ (​ពលរដ្ឋ​) ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​អំណាច​នោះ​ប្រើ​អំណាច​ហួស ។

បើ​តាម​លោក​បណ្ឌិត អ្នក​ដែល​គ្រាន់តែ​បញ្ចេញ​មតិយោបល់​និង​គំនិត​ចូលរួម​ដោយ​សន្តិភាព គួរ​ត្រូវ​បាន​លើកទឹកចិត្ត​ពី រាជរដ្ឋាភិបាល ។

ការ​លើក​ឡើង​របស់​លោក កែម ឡី ខាងលើ​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន ប្រកាស​តាម Facebook ដោយ​ឲ្យ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​រៀបចំ​មេធាវី​ដើម្បី​ត្រៀម​ប្តឹង​ទៅ​កាន់​តុលាការ ក្នុង​ករណី​មានការ​មួលបង្កាច់​រំលោភ​សិ​ទ្ឋិ​គណបក្ស​ប្រជាជន​កម្ពុជា  ដោយ​ជន​ណា​ក៏​ដោយ ដោយ​មិន​អត់ឱន​ឲ្យ​ចំពោះ​អ្នក​អត្ថាធិប្បាយ​និង​អ្នកវិភាគ ដែល​ព្យាយាម​ក្លែងបន្លំ​ពណ៌​ក្រហម និង​ពណ៌​ផ្កាឈូក ថា​វា​ដូច​គ្នា​។

សម្តេច​បាន​បន្ថែម​ទៀត​ថា "​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា "​យើង​គោរព​សិ​ទ្ឋិ​បញ្ចេញមតិ ប៉ុន្តែ​យើង​ប្រឆាំង​ដាច់ខាត ចំពោះ​អ្នក​មូល​បង្កាច់បង្ខូច​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ចំពោះ​គណបក្ស​ប្រជាជន​។​សិ​ទ្ឋិ​បញ្ចេញមតិ និង​ការ​មួលបង្កាច់​មាន​ចរិត​ខុស​គ្នា​ដូច​មេឃ​និង​ដី ។ សិ​ទ្ឋិ​របស់​អ្នកមាន​ព្រំប្រទល់​ជាមួយនឹង​សិ​ទ្ឋិ​អ្នក​ដទៃ​។ គណបក្ស​ប្រជាជន​ចាំបាច់​ត្រូវ​រក្សា​ន​នូវ​សិ​ទ្ឋិ​របស់​ខ្លួន ដើម្បី​ការពារ​កិត្តិយស និង​សេស​ចក​តី​ថ្លៃថ្នូ​ក្នុង​នាម​បក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​៕"