3​ខែ​ដើមឆ្នាំ​នេះ ចំណូល​ពន្ធគយ បាន​ចំនួន​472 លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​ប្រារព្ធ​កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំ​ខែមីនា និង​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​អគ្គនាយក​ដ្ឋាន ។

នៅ​ក្នុង​របាយការណ៍​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ លោក​បណ្ឌិត គុណ ញឹ​ម ប្រធាន​អង្គប្រជុំ បាន​ថ្លែង​ថា ៖ « ចំណូល​សរុប​ប្រមូល​ដោយ​គយ​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ សម្រេច​បាន​ជាង​៤៧២​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ប្រមាណ​៣០% ធៀប​នឹង​ចំណូល​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ ។ លទ្ធផល​ចំណូល​នេះ បើ​ប្រៀបធៀប​នឹង​ផែនការ​ដែល​បាន​ដាក់ចុះ​ដោយ​រាជរដ្ឋាភិបាល គឺ​សម្រេច​បាន​ប្រមាណ​២៨,៧% នៃ​ផែនការ​ឆ្នាំ​២០១៦ » ។

នា​ឱកាស​នោះ​ដែរ លោក​បណ្ឌិត​ក៏​បាន​សម្តែង​ការ​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ការ​លះបង់​របស់​មន្ត្រី​គយ និង​រដ្ឋាករ​គ្រប់​រូប ។ ដោយ​កត់សម្គាល់​នូវ​បញ្ហា​ជា​ច្រើន​ដែល​អង្គភាព​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវ​ប្រឈម​មុខ​នា​ពេល​អនាគត លោក​ក៏​បាន​ក្រើនរំឭក​ដល់​មន្ត្រី​គយ​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​លើ​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ជូន​រដ្ឋ ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។

លោក​បណ្ឌិត​អគ្គនាយក​គយ ក៏​បាន​ណែនាំ​ជា​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ពេល​ខាង​មុខ​ក្នុង​ឆ្នាំ​២០១៦​នេះ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​មួយ​ចំនួន រួម​មាន ៖
១-​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​នានា​របស់​លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ពេល​កន្លង​មក ។
២-​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ពន្ធ​អាករ​ឱ្យ​បាន​ត្រឹមត្រូវ​លើ​មុខទំនិញ​ចម្រុះ ជា​ពិសេស គ្រឿងសំណង់ គ្រឿង​អេ​ឡិច​ត្រូ​និក ទូរស័ព្ទ ភេសជ្ជៈ និង​ផលិតផល​តេ​ល​សិលា ។
៣-​ពង្រឹង​ការ​ប្រមូល​ចំណូល​លើ​ការ​នាំ​ចូល និង​ការ​កែសម្រួល​តម្លៃ​គិត​ពន្ធគយ​លើ​មុខទំនិញ​អង្ករ ។
៤-​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​គ្រប់គ្រង​ការ​នាំ​ចូល​ទំនិញ​តាម​រូបភាព​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ទំនិញ​ពិព័រណ៍​ពាណិជ្ជកម្ម ។
៥-​ត្រូវ​ត្រៀម​ជា​មុន​ឱ្យ​បាន​ល្អ​នូវ​ការ​រៀបចំ​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន ព្រមទាំង​ការ​ប្រារព្ធ​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ទិវា​បង្កើត​អង្គភាព​គយ និង​រដ្ឋាករ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៕