3​ខែ​ដើមឆ្នាំ​នេះ​កម្ពុជា​នាំ​ចេញ​អង្ករ​កើនឡើង​ជាង​8% តែ​បារម្ភ​នៅ​គ្រា​បន្ទាប់

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៦​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស មាន​ចំនួន​សរុប​១៦២.២២០​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ បាន​កើនឡើង​ប្រមាណ​៨,៥% ។ នេះ​បើ​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ។

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ក្នុង​រយៈពេល​៣​ខែ​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​នៅ​គ្រា​បន្ទាប់ ដោយសារ​តែ​ការ​នាំ​ចេញ​កាលពី​ខែមីនា​កន្លង​ទៅ​បាន​ធ្លាក់​ចុះ​ជាង​១៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ បាន​មាន​ប្រសាសន៍​ថា ៖ « ការ​នាំ​ចេញ​អង្ករ​កម្ពុជា​មានការ​កើនឡើង​នៅ​រដូវ​កាល​ច្រូតកាត់ គឺ​ក្នុង​អំឡុង​ចាប់ពី​ខែមករា​ដល់​មីនា ហើយ​នាំ​ចេញ​បាន​ច្រើន​ទៅ​កាន់​ទីផ្សារ​ចិន ។ ប៉ុន្តែ​សម្រាប់​ការ​នាំ​ចេញ​នៅ​ក្នុង​ត្រីមាស​បន្ទាប់ នឹង​មានការ​ធ្លាក់​ចុះ​វិញ ដោយសារ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទិញ​ស្រូវ​ស្តុក​ទុក និង​ម្យ៉ាងទៀត ដោយសារ​ខ្វះ​ទឹក​សម្រាប់​ធ្វើស្រែ​ប្រាំង​នៅ​រដូវ​កាល​ថ្មី​នេះ ។ ការ​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ខែ​ទី​៣ (​មីនា​) ឆ្នាំ​២០១៦​នេះ បាន​ធ្លាក់​ចុះ​ប្រហែល​១៤% សម្រាប់​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទេ ។ ប៉ុន្តែ​នៅ​ខែមេសា ដល់​ខែមិថុនា អាច​ប៉ះពាល់​ដោយសារ​អត់​មាន​ស្រូវ​កិន និង​ម្យ៉ាងទៀត​អត់​មាន​ថវិកាបម្រុង​ដើម្បី​ទិញ​ស្រូវ​ស្តុក​ទុក » ។

ចំណែក​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​កម្ពុជា លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ​បាន​កើនឡើង​ជាង​៨% តែបើ​យើង​មើល​ការ​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ខែ​ទី​៣ (​មីនា​) វិញ គឺ​មានការ​ធ្លាក់​ចុះ ។ ដូចនេះ វា​បង្ហាញ​ថា ជា​សញ្ញា​មួយ​ដែល​មិនល្អ ។ នៅ​ពេល​បញ្ចប់​របាយការណ៍​៣​ខែ​នេះ ខ្ញុំ​សន្និដ្ឋាន​ថា វា​ជា​សញ្ញា​មួយ​ដែល​គួរ​ឲ្យ​បារម្ភ និង​គួរតែ​ពិនិត្យ​ដោះស្រាយ​ជា​បន្ទាន់ ហើយ​បើ​ការ​នាំ​ចេញ​នៅ​តែ​បន្ត​ថយ​ចុះ​ក្នុង​ខែមេសា​ទៀត​នោះ វា​កាន់តែ​ធ្វើ​ឲ្យ​យើង​មានការ​បារម្ភ​ខ្លាំង » ។

លោក​បណ្ឌិត​មាន​ប្រសាសន៍​បន្ត​ថា ៖ « ស្រូវ​របស់​ប្រជា​កសិករ​នៅ​សល់​ប្រហែលជា​៤​លាន​តោន ក្រៅពី​ការ​នាំ​ចេញ​ក្នុង​មួយ​ឆ្នាំ​ៗ​។ រឿង​ត្រូវ​ដោះស្រាយ​មិនមែន​តែ​បញ្ហា​ថវិកា​មួយ​មុខ​នោះ​ទេ គឺ​មានរឿង​ច្រើន​ដែល​យើង​ត្រូវ​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​លើក​ពី​បញ្ហា និង​ដំណោះស្រាយ ។ ដូចនេះ បើ​គិតតែ​លើ​ថវិកា​មួយ​មុខ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ យើង​ឃើញ​ហើយ​ថា ម្ចាស់​រោង​ម៉ាស៊ីន​គាត់​ខ្វះ​ថវិកា តើ​យើង​ដោះស្រាយ​ថវិកា​ឲ្យ​រោង​ម៉ាស៊ីន ឬ​យើង​មើល​បញ្ហា​ជា​រួម ។ បើ​យើង​ដោះស្រាយ​ឲ្យ​តែ​រោង​ម៉ាស៊ីន​នោះ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា គឺ​ផ្តោត​សំខាន់​តែ​ទៅ​លើ​វិស័យ​ឯកជន​មួយ ដោយ​មិន​គិត​ទៅ​ដល់​ស្រទាប់​ក្រោម​កសិករ​ដែល​ពួក​គាត់​ជា​អ្នក​ផលិត​នោះ » ។

លោក​បណ្ឌិត​បន្ថែម​ថា ៖ « ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ​នេះ គឺ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ជាង​៣៧​ពាន់​តោន​ច្រើន​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ៗ​ដែល​កម្ពុជា​បាន​នាំ​ចេញ ។ គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ចំនួន​៥៣៨.៣៩៦​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៤ មាន​ចំនួន​៣៨៧.០៦១​តោន បាន​កើនឡើង​ប្រមាណ​៣៩% » ៕