វត្តមាន​រោងចក្រ​ផលិត​ស្ករស​ដ៏​ធំ​នៅ​កម្ពុជា នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​ស្ករ​ឬ​ផលិតផល​នានា​ពី​ក្រៅប្រទេស

ខេត្តព្រះវិហារ ៖ រោងចក្រ​ផលិត​ស្ករស​ដ៏​ធំ​របស់​ក្រុមហ៊ុន​រូ​យ​ហ្វេ​ង ខេ​ម​បូ​ឌា អីុន​ធើ​ណេ​ត​សិន​ណ​ល​ខម​ភេ​នី លីមីត​ធី​ត ក្រោម​ការ​វិនិយោគ​របស់​វិនិយោគិន​មក​ពី​ប្រទេស​ចិន បាន​ចាប់ផ្ដើម​បើក​ដំណើរការ​ផលិត​ជា​ផ្លូវការ​ហើយ នៅ​លើ​ទឹកដី​ស្រុក​ឆែប​នៃ​ខេត្តព្រះវិហារ ។ វត្តមាន​រោងចក្រ​នេះ​នៅ​កម្ពុជា នឹង​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​ស្ករស​ពី​បរទេស និង​ផលិតផល​ផ្សេង​ៗ​ទៀត ដែល​រោងចក្រ​នេះ​ផលិត ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ស្ករស​ក្រុមហ៊ុន​រូ​យ​ហ្វេ​ង ខេ​ម​បូ​ឌា អុ​ី​ន​ធើ​ណេ​ត​សិន​ណ​ល​ខម​ភេ​នី លីមីត​ធី​ត ស្ថិត​នៅ​ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់​ទុក​ការ​វិនិយោគ​មួយ​នេះ គឺជា​ការ​វិនិយោគ​ដ៏​ធំ​សម្បើម​មួយ បើ​ប្រៀប​ជាមួយនឹង​ការ​វិនិយោគ​ធ្វើ​រោងចក្រ​ស្ករស​ពី​មុន​ៗ​នោះ ដែល​ការ​វិនិយោគ​នេះ​នាំ​ទៅ​ដល់​ការ​ផលិត​ច្រើន​យ៉ាង ក្នុង​នោះ​មានការ​ផលិត​ស្ករស​ផង​ដែរ ។ សម្ដេច​បាន​មាន​ប្រសាសន៍​ថា ៖ « ជំហាន​នៃ​ការ​ចាប់ផ្តើម​ដំបូង​នេះ គឺ​ប្រើប្រាស់​ទឹកប្រាក់​អស់​៣៦០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ទៅ​ហើយ ហើយនឹង​បន្ត​ផលិត​តទៅ​ទៀត​បន្ត​ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ ក្នុង​នោះ​នឹង​ផលិត​បាន​ថាមពល​អគ្គិសនី​រហូត​ទៅ​ដល់​ជាង​៣០​មេ​ហ្គា​វ៉ា​ត់ » ។

សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា ៖ « ក្រៅពី​នេះ រោងចក្រ​នេះ​នៅ​មាន​ផលិត​អាល់កុល​ផង​ដែរ ហើយ​អនាគត កម្ពុជា​មិន​ចាំបាច់​នាំ​ចូល​អាល់កុល​ពី​ប្រទេស​ក្រៅ​ទេ គឺ​ផលិត​ជំនួស​ឱ្យ​ការ​នាំ​ចូល និង​បន្ថែម​ពីលើ​នោះ​ទៀត អាល់កុល​អាច​នាំ​ចេញ​ទៅ​ប្រទេស​ក្រៅ​បាន​ទៀត និង​មានការ​ឈាន​ទៅ​ផលិត​ជីរ​សរីរាង្គ​ដើម្បី​ប្រើប្រាស់​សម្រាប់​ជំនួយការ​ដាំ​អំពៅ និង​សម្រាប់​កសិករ​កម្ពុជា​ផង​ដែរ » ។

សម្ដេច​បន្ថែម​ទៀត​ថា ៖ « ការ​វិនិយោគ​មិនធំ​ទេ តែ​ជា​ការ​លើកទឹកចិត្ត​ដ៏​ធំ​សម្រាប់​យើង ហើយ​ក៏​ជា​ការ​ដោះស្រាយ​បញ្ហា​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​ផង​ដែរ ។ ក្នុង​នោះ​ការ​ដោះស្រាយ​ជាមួយ​ប្រជា​ពល​ដ្ឋ បញ្ហា​ដំបូង​គឺ​របៀប​រៀបចំ​នៃ​ការ​ផលិត នៃ​ការ​វិនិយោគ​ផ្នែក​កសិកម្ម​នេះ ដែល​ខ្ញុំ​តែង​និយាយ​កាលពីមុន កន្លែង​ខ្លះ​ក៏​ធ្វើ​បាន​ល្អ កន្លែង​ខ្លះ​ក៏​ធ្វើ​មិន​បាន​ល្អ នៅ​ត្រង់​ថា យើង​ត្រូវធ្វើ​សុខដុម​នី​យ​កម្ម​រវាង​ទីតាំង​វិនិយោគ​កសិឧស្សាហកម្ម​នេះ ដំណាំ​ឧស្សាហកម្ម​ជាមួយ​ប្រជាពលរដ្ឋ » ។

សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​រូ​យ​ហ្វេ​ង​ផង​ដែរ ដែល​បាន​ជ្រើសរើស​កម្ពុជា ធ្វើ​ជា​កន្លែង​វិនិយោគ​ដ៏​ធំ ហើយ​ទំហំ​វិនិយោគ​ដែល​ចាប់ផ្តើម​ពេល​ដំបូង​ត្រឹមតែ​៣៦០​លាន​ដុល្លារ ប៉ុន្តែ​ជា​កញ្ចប់​នៃ​ការ​វិនិយោគ ត្រូវ​ឱ្យ​មានការ​វិនិយោគ​រហូត​ដល់​១​ពាន់​លាន​ដុល្លារ​ឯណោះ  ។

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​មាន​ប្រសាសន៍​ថា ៖ « រោងចក្រ​នេះ គឺជា​រោងចក្រ​ទី​២៩ បន្ទាប់​ពី​រោងចក្រ​ចំនួន​២៨ ដែល​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​រូ​យ​ហ្វេ​ង​នៅ​ប្រទេស​ចិន និង​ជា​រោងចក្រ​ធំ​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​រោងចក្រ​ដែល​មាន​សកម្មភាព​ផលិត​ធំ​ជាងគេ​នៅ​អាស៊ី​ផង​ដែរ » ។

លោក​ទេស​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា ការ​អភិវឌ្ឍ​គម្រោង​ដ៏​ធំ​នេះ ត្រូវ​រៀបចំ​អភិវឌ្ឍន៍​ពង្រីក​ផលិតកម្ម​បន្ថែម​ជា​៣​ដំណាក់កាល​គឺ ៖
១-​រោង​ចក្រ​នឹង​ចាប់ផ្តើម​ដំណើរការ​ផលិត​ស្ករស​ចំនួន​៣៦០.០០០​តោន​ក្នុង​១​ឆ្នាំ និង​មាន​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ជីវម៉ាស ដែល​អាច​ផលិត​បាន​៣៩​មេ​ហ្គា​វ៉ា​ត់ ។ នៅ​ដំណាក់កាល​នេះ​មាន​ទុន​វិនិយោគ​៣៦០​លាន​ដុល្លារ​អា​មេ​រិ​ក ។

២-​ក្រុមហ៊ុន​រៀបចំ​ដំណើរការ​រោងចក្រ​ចំនួន​២​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៧ គឺ​រោងចក្រ​ផលិត​អាល់កុល ដែល​មាន​សមត្ថភាព​ផលិត​បាន​៥០​ពាន់​តោន​ក្នុង​១​ឆ្នាំ និង​រោងចក្រ​ផលិត​ជីរ​សរីរាង្គ ដែល​មាន​សមត្ថភាព​ផលិត​បាន​១០០​ពាន់​តោន​ក្នុង​១​ឆ្នាំ សម្រាប់​ប្រើ​ក្នុង​ចម្ការ​អំពៅ​ក្រុមហ៊ុន​ផ្ទាល់ ។

៣-​ក្រុមហ៊ុន​ត្រូវការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ចំនួន​៦០.០០០​ហិ​កតា និង​ប្រើប្រាស់​ទុន​ដល់​១​ពាន់​លាន​ដុល្លារ និង​តម្រូវការ​កម្លាំង​ពលកម្ម​ដំណាក់កាល​ទី​១ ចំនួន​៧​ពាន់​នាក់ ហើយ​នៅ​ដំណាក់កាល​ទី​២ និង​ទី​៣ នឹង​កើនឡើង​រហូត​ដល់​២១.០០០​នាក់ ក្នុង​នោះ​ផ្នែក​រោងចក្រ​ចំនួន​១.២០០​នាក់ » ។

លោក Liu Feng ប្រធាន​ក្រុមហ៊ុន​រូ​យ​ហ្វេ​ង ក៏​បានឱ្យ​ដឹង​ដែរ​ថា ៖ « សមិទ្ធផល​ថ្មី​ដ៏​ធំធេង​នៅ​លើ​ទឹកដី​ខេត្តព្រះវិហារ​នេះ គឺ​ឆ្លងកាត់​ការ​រៀបចំ​ឈូស​ឆាយ​ស្ថាបនា​អស់​រយៈ​ពេល​៦​ឆ្នាំ​គត់ រាប់​ទាំង​កិច្ច​ដំណើរការ​រៀបចំ​រោងចក្រ​អស់​រយៈពេល​ជិត​២​ឆ្នាំ ដោយ​មានការ​សហការ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ផង​ដែរ​។ នេះ​គឺជា​រោងចក្រ​ទី​២៩ របស់​ក្រុមហ៊ុន​យើងខ្ញុំ បន្ទាប់​ពី​រោងចក្រ​ទី​២៨​នៅ​ប្រទេស​ចិន ដែល​មានបទពិសោធន៍​ក្នុង​ការ​ផលិត​ស្ករស​តាំងពី​ឆ្នាំ​១៩៩៨ មក​ម្ល៉េះ » ។

គួរ​បញ្ជាក់​ថា ចម្ការ​អំពៅ​ដែល​ដាំ​អំពៅ សម្រាប់​ផ្គត់ផ្គង់​ក្នុង​រោងចក្រ​នេះ​ផលិត មាននៅ​បី​ស្រុក​នៃ​ខេត្តព្រះវិហារ ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​ចំនួន​៥ រួម​គ្នា ។ រោងចក្រ​នេះ​បាន​ចាប់ផ្ដើម​សាងសង់​ចាប់តាំងពី​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​២០១៤ ។ បន្ទាប់​ពី​រោងចក្រ​នេះ​ដំណើរការ​រលូន​ហើយ​នោះ រំពឹង​ថា​នឹង​អាច​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន​មួយ​ផ្នែក ដោយ​ផ្ដល់​ការងារ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ  ៕