Phnom Penh SEZ ប្រកាស​បោះផ្សាយ​ភាគហ៊ុន​ក្នុង​ផ្សារមូល​ប​ត្រ​កម្ពុជា​ជា​ផ្លូវការ​សម្រាប់​វិនិយោគិន

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (Phnom Penh SEZ) បាន​ប្រកាស​បោះផ្សាយ​ភាគហ៊ុន​របស់​ខ្លួន​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​១១,៦​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្មើនឹង​២០%​នៃ​ភាគហ៊ុន​សរុប​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ដល់​អ្នក​វិនិយោគ​ទូទៅ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល​ឡឺ​រ៉ូ​យ៉ា​ល់ លោក​ជំទាវ លឹ​ម ឈី​វ​ហូ អគ្គ​នាយិកា​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ៖ « បច្ចុប្បន្ន​នេះ តំបន់​សេដ្ឋកិច្ច​ភ្នំពេញ គឺជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​បង្កើត​អាជីវកម្ម​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​របស់​យើង គឺជា​គោលដៅ​ទី​១ សម្រាប់​ការ​វិនិយោគ​របស់​ជប៉ុន​ក្នុង​ប្រទេស​កម្ពុជា ។ ភាគច្រើន​នៃ​អ្នក​វិនិយោគ​របស់​យើង​គឺជា​ក្រុមហ៊ុន​ល្បីឈ្មោះ​ជា​អន្តរជាតិ ដែល​ត្រូវ​បាន​ទាក់ទាញ​ដោយ​វិសាលភាព​សេដ្ឋកិច្ច​ដែល​ផ្ដល់​ជូន​ពី​ក្រុមហ៊ុន​យើង និង​ប្រទេស​កម្ពុជា ដែល​ជា​ទិស​ដៅ​វិនិយោគ​ដ៏​ល្អ» ។

លោក​ជំទាវ​បន្ត​ថា ៖ « ការ​ប្រកាស​ខ្លួន​ជា​សាធារណៈ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ និង​ជា​ក្តី​សុបិន​ក្លាយជា​ការ​ពិត​សម្រាប់​ម្ចាស់​អាជីវ​-​កម្ម ។ ម្យ៉ាងទៀត ប្រទេស​កម្ពុជា​នៅ​តែ​ជាទី​ផ្សារ​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន ដូច​គ្នា​ទៅ​នឹង​ក្នុង​ទសវត្សរ៍​កន្លង​មកនេះ​ដែរ នៅ​ពេល​ដែល​ប្រទេស​បាន​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន » ។

លោក​ជំទាវ​បន្ថែម​ទៀត​ថា ៖ « ខណៈ​ពេល​ដែល​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ជិត​មក​ដល់ ប្រទេស​យើង​នឹង​ក្លាយជា​តំបន់​សំខាន់​សម្រាប់​ត​ភ្ជាប់​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​។ ជាមួយនឹង​ការ​វិនិយោគ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​យើង​មាន​បំណង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​តំណ​ភ្ជាប់​នេះ ។ ការ​ចាប់ផ្ដើម IPO របស់​យើង​នៅ​ពេល​នេះ គឺជា​សញ្ញា​យ៉ាង​សំខាន់​នៃ​ទំនុកចិត្ត​នៅ​ក្នុង​ទីផ្សារ​សម្រាប់​អាជីវកម្ម និង​សម្រាប់​ប្រទេស​កម្ពុជា » ។

លោក Hiroshi Uematsu នាយក​ប្រតិបត្តិ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ៖ « ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អាជីវកម្ម​របស់​យើង​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​កា​រវិ​វត្ត​របស់​ខ្លួន និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន ដូច​ជា Ajinomoto, Minebea, Denso មក​ពី​ប្រទេស​ជប៉ុន និង​ក្រុមហ៊ុន Laurelton Diamonds, Coca-Cla របស់​សហរដ្ឋអាមេរិក ហើយ​ក្នុង​ពេល​ថ្មី​នេះ ក្រុមហ៊ុន​តូ​យូ​៉​តា ក៏​បាន​បោះទីតាំង​នៅ​ទីនោះ​ផង​ដែរ » ។

លោក​បន្ត​ថា ៖ « យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ ២០១៥​កន្លង​មក ប្រទេស​កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន​១០៦​គម្រោង​មក​ពី​ប្រទេស​ជប៉ុន ក្នុង​នោះ​៦៧​គម្រោង​បាន​ចាប់អារម្មណ៍​ទៅ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​មាន​ដើមទុន​វិនិយោគ​ចំនួន​២៧៩​លាន​ដុល្លារ​អា​មេ​រិ​ក » ។

ចំណែក​លោក Fong Nee Wai ប្រធាន​ហិរញ្ញវត្ថុ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ភី​អិ​ល​ស៊ី ក៏​បាន​ថ្លែង​ដែរ​ថា ៖ « តម្លៃ​របស់​បាន​កំណត់​ក្នុង​រយៈពេល​ធ្វើ​ប៊ុ​ក​បៀ​ល​ឌី​ង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២២ មេ​សា ២០១៦ ក្នុង​តម្លៃ​ចាប់ពី​០,៧០​ដុល្លារ​អា​មេ​រិ​ក រហូត​ដល់​១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ហ៊ុន ។ បើ​តាម​គម្រោង ក្រុមហ៊ុន​នឹង​ឡើង​ផ្សារ​ហ៊ុន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៣ មិថុនា ២០១៦ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុមហ៊ុន​នឹង​ព្យាយាម​ឡើង​ផ្សារ​ហ៊ុន​ឱ្យ​បាន​ឆាប់​បំផុត​អាច​នៅ​ដំណាច់​ខែឧសភា ២០១៦ ខាង​មុខ » ។

គួរ​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន​ចំនួន​៧៦ កំពុង​ធ្វើ​ប្រតិបត្តិការ​ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ជា​៤៦០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៃ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា និង​ធ្វើ​ឱ្យ​ក្លាយទៅជា​តំបន់ឧស្សាហកម្ម​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​គម្រោង​របស់​ក្រុមហ៊ុន​អន្តរជាតិ​ឱ្យ​ចូល​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ៕