វិស័យ​កសិកម្ម​ធ្លាក់​ចុះ​ជា​កត្តា​រួមចំណែក​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​ធនាគារពិភពលោក​ព្យាករណ៍​មក​នៅ​ត្រឹម​៦,៩%​ប៉ុណ្ណោះ ខណៈ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក កំណើនសេដ្ឋកិច្ច​កម្ពុជា​កើនឡើង​៧% ។ បើ​ទោះបីជា​មានការ​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​មក​នៅ​ត្រឹម​៦,៩%​ក្តី តែ​វា​នៅ​តែ​មាន​កំណើន​ខ្ពស់​នៅឡើយ និង​មិន​ទាន់​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ ។

ទោះបីជា​យ៉ាងណា ការ​ព្យាករ​ទៅ​លើ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ថា វា​មាន​កម្រិត​ទាប​ជាង​ឆ្នាំ​២០១៥​បន្តិច​ក្តី ហើយ​មាន​កត្តា​មួយ​ចំនួន​ដែល​បាន​ទាញ​ឱ្យ​កំណើន​នេះ​ធ្លាក់​ចុះ ក្នុង​នោះ​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​ស្នូល​មួយ​របស់​កម្ពុជា ក៏​ជា​កត្តា​រួមចំណែក​ធ្វើ​ឱ្យ​កំណើន​នេះ​ធ្លាក់​ចុះ​បន្តិច​ដែរ ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) និង​ក្រសួង​សេដ្ឋកិច្ច នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម ក៏​ជា​ការ​រួមចំណែក​នៃ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ផង​ដែរ ។ វិស័យ​កសិកម្ម ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មកនេះ​មាន​កំណើន​ខ្ពស់​ជាង​៥%​ជា​មធ្យម តែ​នៅ​រយៈពេល​ចុង​ក្រោយ​២-៣​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ ដែល​បណ្ដាល​មក​ពី​តម្លៃ​កសិផល​ធ្លាក់​ចុះ កត្តា​អាកាសធាតុ​ប្រែប្រួល និង​ការ​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​ធ្វើ​អន្តរជាតិ​រចនាសម្ព័ន្ធ​មួយ​ចំនួន​ក្នុង​វិស័យ​កសិកម្ម » ។

លោក​បន្ត​ថា ៖ « តាម​ន័យ​ធម្មជាតិ និង​វិទ្យាសាស្ត្រ វិស័យ​កសិកម្ម​នៅ​តែ​ដើរតួ​នាទី​ធំ​ដដែល ដោយ​បាន​ធ្វើ​ជា​ជ​ន្ទ​ល់​សេដ្ឋកិច្ច ជំរុញ​កំណើនសេដ្ឋកិច្ច និង​សម្រាប់​ដោះ​ស្រាយ​​បញ្ហា​ជាតិ ។ គ្រាន់តែ​វិស័យ​កសិកម្ម​កើន​គឺ​ល្អ ពីព្រោះ​វា​បាន​ធ្វើ​ឱ្យ​ទំនិញ​នានា​ចុះថោក ហើយ​ធ្វើ​ឱ្យ​វិស័យ​ផ្សេង​ៗ​ទៀត​ដូច​ជា ឧស្សាហកម្ម សេវាកម្ម និង​ទេសចរណ៍​កើនឡើង ។ ប្រទេស​មួយ​មិន​អាច​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​បាន​ដោយសារ​តែ​ទំនិញ​ឡើងថ្លៃ ម្ហូបអាហារ​ឡើងថ្លៃ​បាន​ទេ គឺ​ពិបាក​ណាស់ វា​ជះ​ឥទ្ធិពល​ដល់​កម្មករ តែ​បើសិនជា​ទំនិញ​ចុះថោក គឺ​ធ្វើ​ឱ្យ​វិស័យ​ផ្សេង​ទៀត​ល្អ​ប្រសើរ​វិញ » ។

លោក​រដ្ឋលេខាធិការ​រូប​នេះ​បន្ថែម​ថា ៖ « ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​បាន​ល្អ វា​នឹង​ជះ​ឥទ្ធិពល​ល្អ​ដល់​វិស័យ​ផ្សេង​ៗ​ទៀត ។ កាលណា​កសិកម្ម​អភិវឌ្ឍន៍​ល្អ មាន​ន័យ​ថា មនុស្ស​មានការ​ងារ​ធ្វើ​ច្រើន ទទួល​បាន​ចំណូល​ច្រើន និង​ចាយ​លុយ​ច្រើន ដែល​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ទៀត ។ មួយវិញទៀត កាលណា​ប្រជា​កសិករ​ធ្វើ​កសិកម្ម​ច្រើន តម្លៃ​អាច​ធូរ នឹង​ធ្វើ​ឱ្យ​តម្លៃ​ម្ហូបអាហារ​ថោក ដែល​ជា​ការ​សម្រួល​ដល់​ការ​ចាយវាយ​របស់​មន្ត្រីរាជការ និង​ពលរដ្ឋ ដោយសារ​តែ​តម្លៃប្រើប្រាស់​ថោក » ។

ចំណែក​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក ប្រចាំ​ការិយាល័យ​កម្ពុជា ថ្លែង​ថា ៖ « គម្រោងការ​ព្យាករ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ឆ្នាំ​២០១៦ គឺ​មិន​ទាន់​ដឹង​ច្បាស់​ថា​៦,៩% ឬ​៦,៨%​នោះ​ទេ ដោយសារ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា វិស័យ​កសិកម្ម​រីក​ចម្រើន​ឡើង​វិញ​ឬ​យ៉ាងណា ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល ។ តែ​ទោះ​យ៉ាងណា វិស័យ​ផ្សេង​ៗ​ទៀត​នឹង​ជំរុញ​ឱ្យ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​ល្អ​ប្រសើរ » ។

លោក​បន្ត​ថា ៖ « ប្រទេស​ជឿនលឿន ឬ​ប្រទេស​ដែល​ឡើង​មក​ពី​ប្រទេស​ចំណូល​ទាប មក​ចំណូល​មធ្យម​កម្រិត​ទាប គឺ​តែង​មានការ​ថយ​ចុះ​នៃ​ការងារ​ក្នុង​វិស័យ​កសិកម្ម ហើយ​​វា​មិនមែន​ជា​សញ្ញា​អាក្រក់​អី​ទេ ក្នុង​ពេល​ប្រទេស​ជឿនលឿន​ថយ​ចុះ​ក្នុង​វិស័យ​កសិកម្ម ។ អុ​ី​ចឹ​ង​ហើយ​យើង​ឃើញ​បញ្ហា​ហ្នឹង​កើតឡើង យើង​គួរតែ​សប្បាយចិត្ត​ទៅ ព្រោះ​ថា ​ប្រទេស​កាន់តែ​ជឿនលឿន កសិករ​កាន់តែ​តិច ។ ជាក់ស្ដែង​ប្រទេស​អា​មេ​រិ​ក វិស័យ​កសិកម្ម​គេ​ផ្ដល់​ការងារ​ឱ្យ​កសិករ​តែ​ជាង​២%​ប៉ុណ្ណោះ ចំណែក​យើង​វិញ វិស័យ​កសិកម្ម​ផ្ដល់​ការងារ​រហូត​ដល់​ជាង​៤៥,៣%​ឯណោះ ។ ដូចនេះ ការ​ថយ​ចុះ​នេះ​ជា​ការ​ល្អ ប៉ុន្តែ​យើង​ត្រូវ​បង្កើន​ផលិតភាព​កសិកម្ម គឺ​មាន​ន័យ​ថា យើង​ត្រូវ​បង្កើន​ទិន្នផល​ឱ្យ​បាន​ខ្ពស់ ហើយ​ទិន្នផល​មិន​បាន​ខ្ពស់​នា​ពេល​នេះ​ទេ គឺ​ដោយសារ​តែ​អាកាសធាតុ » ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​ធនាគារពិភពលោក កាលពី​ឆ្នាំ​២០០៨​កន្លង​មក បាន​បង្ហាញ​ថា វិស័យ​ស្រូវ​អង្ករ​ដែល​ជា​ផ្នែក​មួយ​នៃ​វិស័យ​កសិកម្ម បាន​រួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច​ប្រមាណ​១៣,៧% ។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១៣ ស្រូវ​អង្ករ​បាន​រួមចំណែក​ប្រមាណ​តែ​១,២%​ប៉ុណ្ណោះ ។ រហូត​មក​ដល់​ឆ្នាំ​២០១៥​កន្លង​មក​ថ្មី​ៗ​នេះ ការ​រួម​ចំណែក​​របស់​វិស័យ​ស្រូវ​អង្ករ គឺ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹមតែ​០,៦%  ។

ទោះបីជា​វិស័យ​ស្រូវ​អង្ករ​ដែល​ជា​ផ្នែក​មួយ​នៃ​វិស័យ​កសិកម្ម​បាន​ធ្លាក់​ចុះ​ក្តី ក៏​ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​កម្ពុជា​មិន​បាន​ធ្លាក់​ចុះ​នោះ​ដែរ ដោយសារ​តែ​វិស័យ​ផ្សេង​ៗ​បាន​រីក​ចម្រើន និង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ជំនួស​ឱ្យ​វិស័យ​ស្រូវ​វិញ ដូច​ជា វិស័យ​កាត់ដេរ និង​វិស័យ​សំណង់ ជាដើម ៕