៤​ចំណុច​ទទួល​បាន​ប្រាក់​ចំណូល​ជា​បន្ត​បន្ទាប់

យើង​មិន​អាច​បដិសេធ​ខ្លួនឯង​ថា មិន​ត្រូវការ​ប្រាក់ ឬ​អាច​រស់នៅ​ដោយ​គ្មាន​ប្រាក់​នោះ​ទេ​។ ប្រាក់​បាន​មក​ពី​ការ​ប្តូរ​អ្វីមួយ ហើយ​គ្មាន​អ្វី​ដែល​បាន​មក​ទទេ​ៗ និង​ងាយស្រួល​ឡើយ ។ យើង​អាច​ប្រើ​កម្លាំង​ដើម្បី​ធ្វើការ​ប្តូរ​យក​ប្រាក់ ឬ​អាច​លក់​ផលិតផល​ដើម្បី​បាន​ប្រាក់​មក​ដូច​គ្នា ហើយ​ផលិតផល​អ្វី​ដែល​យើង​គួរ​លក់ ។

អាជីវកម្ម គឺជា​រឿង​ដែល​មនុស្ស​គ្រប់​គ្នា​ចាំបាច់​ត្រូវ​តែ​មាន ។ អាជីវកម្ម​អាច​បង្កើត​ប្រាក់​ចំណូល​បាន​តាម​វិធី​ផ្សេង​ៗ ប៉ុន្តែ​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវការ​នោះ គឺ​ការ​រកស៊ី​ដែល​អាច​ទទួល​បាន​ប្រាក់​ចំណូល​ឥត​ឈប់​ឈរ ។ យើង​ត្រូវការ​ប្រាក់​គ្រប់ពេលវេលា ហើយ​អ្វី​ដែល​សំខាន់ គឺ​នៅ​ពេល​មានការ​ចាំបាច់ ឬ​មាន​ជំងឺ​ផ្សេង​ៗ យើង​មិន​អាច​ខ្វះ​ប្រាក់​បាន​ទេ ។ ខាងក្រោម​នេះ គឺជា​វិធី​ដែល​អាច​ទទួល​បាន​ប្រាក់​ចំណូល​ជា​បន្តបន្ទាប់ ដូច​ជា ៖

១-​ផលិតផល​ស្រប​នឹង​តម្រូវការ ៖
ផលិតផល​ដែល​អាច​លក់​ចេញ​បាន​ជាប់​ៗ​គ្នា គឺជា​ផលិតផល​ដែល​គ្រប់​គ្នា​មាន​តម្រូវការ ដូច​ជា​ត្រូវការ​ទិញ​មក​ទទួលទាន ប្រើប្រាស់ សម្រាប់​ធ្វើ​ជា​របស់​បញ្ញើ និង​នៅ​មាន​តម្រូវការ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

យើង​អាច​លក់​ផលិតផល​ណា​ដែល​ប្រើ​ហើយ​ខូច នោះ​អ្នកទិញ​នឹង​ត្រឡប់​មក​ទិញ​ម្តងទៀត​។ ប្រសិនបើ​ផលិតផល​នោះ​ជា​ប្រភេទ​អាហារ ក៏​ត្រូវ​តែ​ជា​អាហារ​ដែល​ឆ្ងាញ់ មាន​អនាម័យ ហើយ​អ្វី​ដែល​សំខាន់ គឺ​ងាយស្រួល​រក​ទិញ ។

២-​ការ​ចែកចាយ​ផលិតផល ៖
វិធី​នេះ​ចាត់​ទុក​ថា ជា​វិធី​ដែល​គេ​និយម​ប្រើ​ជា​ទូទៅ ពីព្រោះ​យើង​មាន​តួនាទី​ត្រឹមតែ​ជា​អ្នក​ផលិត​ប៉ុណ្ណោះ ហើយ​ព្យាយាម​បញ្ជូន​ផលិតផល​នោះ​ទៅ​ដល់​អ្នក​ទទួល​ទិញ​យក​ទៅ​លក់​បន្ត​ទៀត ។ វិធី​នេះ គឺ​មិន​ចាំបាច់​លំបាក​មក​អង្គុយ​លក់​ដោយ​ខ្លួនឯង​ទេ ជា​ពិសេស យើង​មាន​តួនាទី​ត្រឹមតែ​ផលិត​តែ​ម្យ៉ាង ហើយ​ស្វែងរក​អ្នកលក់​បន្ត ។ ការ​ធ្វើ​បែប​នេះ គឺជា​ការ​ចែកចាយ​ផលិតផល​ទៅ​តាម​កន្លែង​ផ្សេង​ៗ​ក្នុង​ពេល​តែ​មួយ ។

ប្រសិនបើ​អតិថិជន​មាន​តម្រូវការ​ច្រើន វា​ជា​ឱកាស​ដែល​យើង​ត្រូវ​បង្ហាញ​ពី​ផលិតផល មាន​ន័យ​ថា អាជីវកម្ម​របស់​យើង​ទទួល​បាន​ជោគជ័យ​ហើយ ។

៣-​ការ​បង្កើត​សាខា ៖
ពេល​ខ្លះ​ផលិតផល​មាន​តម្រូវការ​ច្រើន​នៅ​លើ​ទីផ្សារ ដូច្នេះ អាច​សាកល្បង​លក់​វា​នៅ​តាម​តំបន់​ផ្សេង​ៗ ។ ប្រសិនបើ​រវល់​តែ​លក់​នៅ​ក្នុងផ្ទះ ឬ​ហាង​តូច​ៗ​នោះ មាន​ន័យ​ថា យើង​បាត់បង់​ឱកាស​ធំ​បំផុត​ដើម្បី​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិតប្រាកដ ។ ចំណុច​នេះ​អាច​កែប្រែ​បាន ដោយ​ត្រូវ​ពង្រីក​សាខា ពីព្រោះ​ការ​ពង្រីក​សាខា គឺ​អាច​បង្កើន​ការ​លក់​ទៅ​កាន់​តំបន់​ផ្សេង​ៗ​បាន ។

ម្យ៉ាងទៀត អ្នក​ដែល​ចង់​ទិញ​ផលិតផល ពួក​គេ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​នោះ​ទេ ប៉ុន្តែ​អាច​រក​ទិញ​នៅ​សាខា​ដែល​នៅ​ជិត​បំផុត ។ ការ​ពង្រីក​សាខា​នេះ គឺ​ងាយស្រួល​ក្នុង​រក​ទិញ​ផលិតផល​ផង​ដែរ ហើយ​មាន​ផលិតផល​មិន​តិច​នោះ​ទេ ដែល​ទទួល​បាន​ប្រាក់​ចំណូល​ជា​បន្តបន្ទាប់ ។

៤-​ការ​បង្កើត Francise ឬ​លក់​សិទ្ធិ ៖
នៅ​ពេល​ដែល​ផលិតផល​ឈាន​ដល់​ចំណុច​ជោគជ័យ​ហើយ មនុស្ស​ជា​ច្រើន​មានការ​ចាប់អារម្មណ៍ និង​ត្រូវការ ក៏​ដូច​ជា​វិនិយោគិន​បាន​សម្លឹង​ឃើញ​ពី​អាជីវកម្ម​របស់​យើង​ដែល​សម​ស្រប​ក្នុង​ការ​លក់​សិទ្ធិ​បន្ត​ទៀត ។ យើង​អាច​បង្កើត​ជា Francise ថង់​ក្រដាស (​បង្ហាញ​ពី​ឈ្មោះ​ផលិតផល​នៅ​លើ​ថង់​ក្រដាស​) ដោយ​ផ្តល់​ទៅ​ឱ្យ​ហាង​លក់​ភេសជ្ជៈ ដែល​ឆុង​ភេសជ្ជៈ​ដាក់​ក្នុង​ថង់​មាន​រូប Francise របស់​យើង ។

វិធី​នេះ​ថ្មី ហើយ​ប្លែក និង​អាច​រក​ទិញ​បាន​ដោយ​ងាយ​ផង​ដែរ ។ ការ​បង្កើត Francise គឺ​ដើម្បី​ឱ្យ​អតិថិជន​ស្គាល់ និង​ទទួល​បាន​កម្រៃ​យ៉ាង​ឆាប់រហ័ស ៕