តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ប្រែប្រួល​ផ្អែក​លើ​វិនិយោគិន​ចិន និង​តៃវ៉ាន់

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​ដីធ្លី​នៅ​កម្ពុជា​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស នៅ​រាជធានី​ភ្នំពេញ ។ អ្នកជំនាញ​ខាង​ផ្នែក​អចលនទ្រព្យ​មួយ​ចំនួន​ធ្លាប់​បាន​និយាយ និង​ទទួលស្គាល់​ថា តម្លៃ​ដី​នៅ​តំបន់​បឹង​កេងកង​ឡើងថ្លៃ​ខ្ពស់​ជាងគេ ។

ទាក់ទង​នឹង​ការ​ប្រែប្រួល​នៃ​តម្លៃ​ដីធ្លី​នេះ បើ​តាម​លោក គី​ម ហ៊ា​ង នាយក​ក្រុមហ៊ុន Khmer Real Estate និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ « តម្លៃ​ដីធ្លី​នៅ​ស្រុក​ខ្មែរ​ឡើង​ចុះ វា​មិន​អាស្រ័យ​ដោយសារ​កម្ពុជា​ទេ គឺ​ដោយសារ​មក​ពី​បរទេស ។ អ្នក​វិនិយោគ​ច្រើន​ជាងគេ​លើ​វិស័យ​ដីធ្លី គឺ​វិនិយោគិន​ចិន ហើយ​អ្នក​វិនិយោគ​លើ​ផ្នែក​ខុន​ដូ​ច្រើន​ជាងគេ គឺ​មក​ពី​តៃវ៉ាន់ ។ អុ​ី​ចឹ​ង​ហើយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​មក​ពី​តៃវ៉ាន់ និង​ចិន គឺជា​មូលហេតុ​ដែល​ធ្វើ​ចរន្ត​ដីធ្លី​នៅ​កម្ពុជា​មានការ​ប្រែប្រួល » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « បើ​និយាយ​អំពី​ចរន្ត​សេដ្ឋកិច្ច នយោបាយ​ស្រុក​ខ្មែរ​មិនមែន​ជា​កត្តា​កំណត់​តម្លៃ​ដីធ្លី​ស្រុក​ខ្មែរ​ទេ ។ ដីធ្លី​នៅ​ស្រុក​ខ្មែរ​ឡើង​ចុះ ឬ​នៅ​ទ្រឹង គឺ​អាស្រ័យ​ទៅ​លើ​កត្តាសេដ្ឋកិច្ច​របស់​តៃវ៉ាន់ ចិន និង​សិង្ហ​បុរី​។ បច្ចុប្បន្ន​នេះ ស្ថានភាព​ដីធ្លី​នៅ​តៃវ៉ាន់ និង​ចិន វា​មិនមែន​ជា​ដំណាក់កាល​ល្អ​សម្រាប់​គេ​ទេ ។ ប៉ុន្តែ​នៅ​ពេល​សេដ្ឋកិច្ច​នៅ​តៃវ៉ាន់ និង​ចិន​មានដំណើរ​ការ​ល្អ គេ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន នោះ​តម្លៃ​ដីធ្លី​ក្នុងស្រុក​ខ្មែរ​នឹង​ឡើង​តាម​ហ្នឹង​ដែរ​។ អ្នក​វិនិយោគទុន​ផ្នែក​ខុន​ដូ​នៅ​ស្រុក​ខ្មែរ​ច្រើន​ជាងគេ គឺ​តៃវ៉ាន់ ដែល​សាងសង់​លើស​ពី​៦០% ចំណែក​វិស័យ​ដីធ្លី​ធំ​ៗ គឺ​ចិន​ជា​អ្នក​វិនិយោគ » ។

ចំណែក​លោក Li Min អគ្គនាយក​ក្រុមហ៊ុន Prince Real Estate ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ តម្លៃ​អាច​នឹង​មានការ​កើនឡើង​ប្រហែល​១០% ហើយ​តម្លៃ​ខុន​ដូ​អាច​នឹង​កើនឡើង​ប្រហែល​៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ តម្លៃ​ដី​នៅ​ក្នុង​ក្រុងភ្នំពេញ សម្រាប់​នៅ​ភាគ​ខាងជើង​នៅ​ឆ្នាំ​នេះ គឺ​មិន​អាច​ឡើងថ្លៃ​ទៀត​ទេ ពីព្រោះ​នៅ​ឆ្នាំ​២០១៥ វា​បាន​កើនឡើង​រួច​ទៅ​ហើយ ប៉ុន្តែ​នៅ​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ​អាច​នឹង​មាន​សក្តានុពល​ខ្លាំង » ។

លោក​បន្ត​ថា ៖ « តម្លៃ​ដី​ឡើងថ្លៃ​នេះ គឺ​បញ្ជាក់​ពី​ការ​មាន​ទំនុក​ទៅ​លើ​ការ​វិនិយោគ ហើយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​សាងសង់​ខុន​ដូ​ទេ ។ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកទិញ​ខុន​ដូ និង​អ្នក​វិនិយោគ ដែល​ទាមទារ​ឱ្យ​បណ្តាក់ទុន​ច្រើន​ជាង​មុន ។ ការ​ប្រែប្រួល​នៃ​តម្លៃ​ដីធ្លី​នេះ គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​នូវ​ភាពរឹងមាំ កម្ពុជា​បាន​អនុគ្រោះ​ច្រើន​ដល់​វិនិយោគិន ហើយ​ម្យ៉ាងទៀត ដោយសារ​តែ​តម្រូវការ​នៅ​ក្នុងស្រុក​មានការ​កើនឡើង​ផង​ដែរ » ៕