ស្ថាបនា​ក្លាយជា​ធនាគារ តែ​មិន​បោះបង់​អតិថិជន​មីក្រូហិរញ្ញវត្ថុ

រាជធានី​ភ្នំពេញ ៖ ធនាគារ​ស្ថាបនា ភី​អិ​ល​ស៊ី ដែល​ក្លា​យមក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លីមីត​ធី​ត បាន​ប្រកាស​ថា ទោះបីជា ខ្លួន​បាន​ក្លាយជា​ធនាគារ​ក្តី តែ​នៅ​រក្សា​និង​បន្ត​លើក​ស្ទួយ​កម្រិតជីវភាព​របស់​អតិថិជន​របស់​ខ្លួន​ដដែល ហើយនឹង​មិន​បោះបង់​ចោល​អតិថិជន​កាល​នៅ​ជា​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​២២ មេ​សា នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា លោក​ឧកញ៉ា ប៊ុ​ន មុន្នី នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ស្ថាបនា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ « ពេល​ដែល​ក្លាយជា​ធនាគារ ស្ថាបនា​នឹង​មិន​បោះបង់​ចោល​អតិថិជន​ចាស់​របស់​ខ្លួន​នោះ​ទេ ដោយនៅ​តែ​បន្ត​ជួយ​ទំនុកបម្រុង​រហូត​ដល់​អតិថិជន​មានការ​រីក​ចម្រើន ។ រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​ដែល​យើង​បាន​ធ្វើ​ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហើយ​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ អតិថិជន​យើង​មួយ​ចំនួន​ក៏​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ទៅ​លើ​ការងារ​អាជីវកម្ម​របស់​ពួក​គាត់ ដូចនេះ​ហើយ​យើង​នៅ​តែ​បន្ត​ជួយ​ពួក​គាត់​បន្ត​ទៀត » ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « យើង​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំង​ទៅ​លើ​អតិថិជន​ចាស់​របស់​យើង​ដែល​មាន​ស្រាប់​កាល​នៅ​ជា​មីក្រូហិរញ្ញវត្ថុ ហើយ​យើង​នឹង​បន្ថែម​សេវាកម្ម​ជា​ច្រើន​ទៀត​ក្នុង​វិស័យ​ធនាគារ ដែល​យើង​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​អតិថិជន​របស់​យើង ។ តាម​ធម្មតា យើង​ជា​មីក្រូហិរញ្ញវត្ថុ​មាន​គោលដៅ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា តែ​អ្នក​ក្រីក្រ​ទាំងអស់​មិនមែន​សុទ្ធតែ​បាន​ទទួល​ជំនួយ​ពី​យើង​ទេ តែ​យើង​នឹង​ជួយ​អ្នក​ក្រីក្រ​ណា​ដែល​ចង់​រំដោះខ្លួន​គាត់​ចេញពី​ភាព​ក្រីក្រ ដោយ​ធ្វើ​អ្វី ដើម្បី​ឱ្យ​យើង​ឃើញ​ថា សកម្មភាព​របស់​ពួក​គាត់ គឺ​ពិតជា​ចង់​រំដោះខ្លួន​ចេញពី​ភាព​ក្រីក្រ » ។

គួរ​រំឭក​ដែរ​ថា ការ​ក្លាយ​ខ្លួន​ពី​ប្រតិបត្តិការ មីក្រូហិរញ្ញវត្ថុ ទៅ​ជា​ប្រតិបត្តិការ​ធនាគារ ស្ថាបនា ក៏​មានការ​ចូលរួម​សហការ​ជាមួយ​ធនាគារ​ជប៉ុន​ម៉ា​រ៉ូ​ហាន់​ផង​ដែរ ដោយ​ក្នុង​នោះ ធនាគារ​ស្ថាបនា​បាន​បន្ថែម​ទុន​រហូត​ដល់​ជាង​១២០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារ​នេះ ។

លោក​ឧកញ៉ា ប៊ុ​ន មុន្នី បន្ថែម​ទៀត​ថា ៖ « កត្តា​ដែល​ធ្វើ​ឱ្យ​ស្ថាបនា​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ម៉ា​រ៉ូ​ហាន់​របស់​ជប៉ុន គឺ​ដោយសារ​តែ​ស្ថាប័ន​ទាំង​ពីរ​មាន​ភាគ​ហ៊ុ​និក​តែ​មួយ ហើយ​មាន​ជំនឿ​ថា នៅ​ពេល​ស្ថាប័ន​ទាំង​ពីរ​ចូលរួម​ជាមួយ​គ្នា នឹង​មាន​កម្លាំង​ថ្មី​មួយ​ដើម្បី​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ ។ កាលពី​បើក​ជា​មីក្រូហិរញ្ញវត្ថុ ស្ថាបនា​បាន​ដាក់​ទុន​១៨​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្រោយមក​ម៉ា​រ៉ូ​ហាន់ ក៏​បាន​ដាក់​ទុន​៧៨​លាន​ដុល្លារ ដែល​បាន​កើនឡើង​ជិត​១០០​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ពេល​ក្លាយជា​ធនាគារ ធនាគារ​ជប៉ុន​ម៉ា​រ៉ូ​ហាន់​បាន​បន្ថែម​ទុន​ជិត​៣០​លាន​ដុល្លារ​ទៀត ធ្វើ​ឱ្យ​ទុន​របស់​យើង​កើនឡើង​រហូត​ដល់​ជាង​១២០​លាន​ដុល្លារ​អា​មេ​រិ​ក » ។

ចំណែក​លោក Han Chang-Woo ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ស្ថាបនា ភី​អិ​ល​ស៊ី និង​ជា​តំណាង​ធនាគារ​ម៉ា​រ៉ូ​ហាន់ ក៏​បានឱ្យ​ដឹង​ដែរ​ថា ៖ « មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ម៉ា​រ៉ូ​ហាន់​សម្រេច​បោះទុន​បន្ថែម​ជាមួយ​ធនាគារ​ស្ថាបនា គឺ​ដោយសារ​ក្រុមហ៊ុន​ទាំង​ពីរ​មាន​ចំណុច​ល្អជា​ច្រើន ហើយ​ការ​រួម​គ្នា​នេះ នឹង​បង្កើត​ជា​ធនាគារ​មួយ​ដែល​មាន​ភាព​រឹងមាំ ។ ម្យ៉ាងវិញទៀត ខ្ញុំ​មើលឃើញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​រីក​ចម្រើន​ក្នុង​កម្រិត​មួយ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​តំបន់​អាស៊ី​នេះ​ដែរ ។ ដោយឡែក ដោយ​មើលឃើញ​ថា ស្ថាបនា​មាន​ជំនាញ​ក្នុង​ការ​ផ្ដល់​ឥណទាន​ជូន​ដល់​ប្រជាជន​ក្រីក្រ​នៅ​តាម​ជនបទ ដែល​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ក្នុង​ការ​គាំទ្រ​ប្រទេស​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន » ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ធនាគារ​ស្ថាបនា ភី​អិ​ល​ស៊ី មានទ្រព្យ​សកម្ម​ចំនួន​៧៣១​លាន​ដុល្លារ​អា​មេ​រិ​ក ប្រាក់​បញ្ញើ​ប្រមាណ​៣៨០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឥណ​ទាន​ដែល​អតិថិជន​បាន​ខ្ចី​សព្វ​ថ្ងៃនេះ ប្រមាណ​៤៧០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មាន​សាខា​ចំនួន​១៦០​សាខា​ការិយាល័យ​បាន​គ្របដណ្ដប់​លើ​២៥​រាជធានី​-​ខេត្ត ៕