4​ខែ​ដើមឆ្នាំ ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​លើ​ម៉ាក​នៅ​ក្រសួងពាណិជ្ជកម្ម​កើន​ជាង​12%

រាជធានី​ភ្នំពេញ ៖ ចំនួន​នៃ​ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​លើ​ម៉ាក​សញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម​កាល​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង​៦​ពាន់​ម៉ាក បើ​ធៀប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មាន​កំណើន​ពី​១៥% ទៅ​២០% ។ ដោយឡែក​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៦​នេះ ការ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​លើ​ម៉ាក​នៅ​ក្រសួង មាន​ចំនួន​១.៤៨៥​ម៉ាក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ មាន​ចំនួន​១.៣១៨​ម៉ាក ពោល​គឺ​កើនឡើង​១២,៦៧% ។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម ។

ថ្លែង​ក្នុង​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក នៅ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ៖ « យើង​បាន​ប្រារព្ធ​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក​នេះ​ចំនួន​៣​លើក​មក​ហើយ ដើម្បី​ទទួលស្គាល់​កម្មសិទ្ធិបញ្ញា​ពិភពលោក ។ កម្មសិទ្ធិបញ្ញា គឺជា​កិច្ចការ​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ត្រូវធ្វើ ហើយ​ក៏​ជា​កិច្ចការ​សំខាន់​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម ជា​ពិសេស សម្រាប់​សហគ្រិន​ធុន​តូច និង​មធ្យម​ដែល​មានគំនិត​ច្នៃប្រឌិត » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖ « យើង​នឹង​ធ្វើ​កិច្ចការ​នេះ​បន្ត​ទៀត​តាម​រយៈ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​បាន​យល់ ពីព្រោះ​កន្លង​មក ទាក់ទង​នឹង​ការ​ចុះបញ្ជី​កម្មសិទ្ធិ​បញ្ញា​​លើ​ម៉ាក​នេះ ប្រជាពលរដ្ឋ​កម្ពុជា​យើង​នៅ​មិន​ទាន់​បានដឹង​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ចុះបញ្ជី​ការពារ​ម៉ាក​នេះ​នៅឡើយ​ទេ ។ បើ​គាត់​ចុះបញ្ជី​នៅ​ក្រសួង យើង​នឹង​មានការ​ពារ​ជូន​គាត់​បាន​តាម​ផ្លូវច្បាប់​នូវ​កិច្ចការ​ធ្វើ​អាជីវកម្ម ក៏​ដូច​ជា​ការ​ច្នៃប្រឌិត » ។

តាម​ការ​ធ្វើ​បទ​បង្ហាញ​របស់​ក្រសួង​ពាណិជ្ជ​- កម្ម ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា​នេះ កម្ពុជា​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ និង​កិច្ចព្រមព្រៀង​ជាមួយ​បណ្តា​ប្រទេស​នានា​ដូច​ជា ៖ កម្ពុជា​-​អា​មេ​រិ​ក ស្តី​ពី​កិច្ច​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​ការពារ​កម្មសិទ្ធិបញ្ញា ឆ្នាំ​១៩៩៦, កម្ពុជា​-​ថៃ ឆ្នាំ​១៩៩៧, កម្ពុជា​-​ចិន ឆ្នាំ​២០១១, កម្ពុជា​-​ជប៉ុន ឆ្នាំ​២០១៤, កម្ពុជា​-​កូរ៉េ ឆ្នាំ​២០១៤, កម្ពុជា​-​សិង្ហ​បុរី ឆ្នាំ​២០១៥, អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ឆ្នាំ​១៩៩៥, អនុសញ្ញា​ទី​ក្រុងប៉ារីស ស្តី​ពី​ការ​ការពារ​កម្មសិទ្ធិបញ្ញា ឆ្នាំ​១៩៩៨, កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​កម្មសិទ្ធិបញ្ញា ឆ្នាំ​១៩៩៩, កិច្ចព្រមព្រៀង​ស្តី​ពី​ទិដ្ឋភាព​ពាណិជ្ជកម្ម​ពាក់ព័ន្ធ​នឹង កម្មសិទ្ធិបញ្ញា (TRIPS) ឆ្នាំ​២០០៤, អាស៊ាន​-​ចិន ឆ្នាំ​២០០៩, តំបន់​សេដ្ឋកិច្ច​សេរី​-​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា ឆ្នាំ​២០១០, អាស៊ាន​-​ជប៉ុន ឆ្នាំ​២០១២, អាស៊ាន​-​សហភាព​អឺរ៉ុប ឆ្នាំ​២០១៤, ពិ​ធិ​សារ​ទីក្រុង​ម៉ា​ឌ្រី​ដ ស្តី​ពី​ការ​ចុះបញ្ជី​ម៉ាក​ជា​លក្ខណៈ​សិទ្ធិ​បញ្ញា ឆ្នាំ​២០១៤ ជាដើម ៕