វិនិយោគិន​រុ​ស្ស៊ី​កំពុង ពិចារណា​បណ្តាក់ទុន​វិនិយោគ​បន្ថែមនៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​រុ​ស្ស៊ី លោក នី​កូ​ឡាយ ហ្វី​ដូ​រ៉ូ​វ (Nikolay Fedorov) បាន​ឲ្យ​ដឹង​ថា មាន​អ្នក​វិនិយោគទុន​រុ​ស្ស៊ី​មួយ​ចំនួន​បាន​និង​កំពុង​ពិចារណា​ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ។ ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២០ មេ​សា កន្លង​មក ។

លោក នី​កូ​ឡាយ ហ្វី​ដូ​រ៉ូ​វ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ « ខ្ញុំ​ធ្លាប់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែមីនា ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​បានឃើញ​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ហើយ​មាន​អ្នក​វិនិយោគទុន​រុ​ស្ស៊ី​មួយ​ចំនួន បាន​និង​កំពុង​ពិចារណា​ក្នុង​ការ​ទៅ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា បន្ថែម​ទៀត » ។

លោក នី​កូ​ឡាយ បាន​សន្យា​ថា នឹង​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រុ​ស្ស៊ី និង​កម្ពុជា ជា​ពិសេស គឺ​ការ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​វិនិយោគទុន​បានដឹង​ពី​ការ​រីក​ចម្រើន​នៅ​កម្ពុជា ដើម្បី​ជំរុញ​អ្នកទេសចរ និង​វិនិយោគ​រុ​ស្ស៊ី​ទៅ​កាន់​ប្រទេស​កម្ពុជា ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង ។ លោក​ថា ៖ « កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមប្រឹក្សា​សហ​ព័ន្ធ​នៃ​សភា​សហព័ន្ធ​រុ​ស្ស៊ី​បាន​អនុម័ត​បង្កើត​នូវ​គណៈកម្មការ​មិត្តភាព​រុ​ស្ស៊ី​-​កម្ពុជា ដើម្បី​សម្របសម្រួល​ការងារ​ជាមួយ​ព្រឹទ្ធសភា​កម្ពុជា​រួច​មក​ហើយ​ដែរ ក្នុង​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ខ្លាំងក្លា និង​ស៊ីជម្រៅ​រវាង​សភា​ប្រទេស​ទាំង​ពីរ » ។

ក្នុង​ឱកាស​នោះ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​ថ្លែង​ថា ៖ « ប្រទេស​កម្ពុជា និង​រុ​ស្ស៊ី​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជា​យូរណាស់​មក​ហើយ ។ ចំណែក​នៅ​ឆ្នាំ​២០១៦​នេះ គឺជា​ឆ្នាំ​ខួប​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ ដែល​អាច​ចាត់​ទុក​ថា រុ​ស្ស៊ី​គឺជា​មហាមិត្ត​ចាស់ និង​ជា​អ្នក​ជិតខាង​ដ៏​ល្អ​របស់​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ » ។
សម្តេច​បញ្ជាក់​ថា ៖ « អតីត​សហភាព​សូ​វៀត គឺជា​ប្រទេស​ដែល​ធ្លាប់​មានគុណ​បំណាច់​យ៉ាង​ធំធេង​ចំពោះ​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ បន្ទាប់​ពី​កម្ពុជា​ទើបតែ​បាន​រំដោះ​ចេញពី​របប​ប៉ុ​ល​ពត ។ បន្ទាប់​មក​ទៀត សហព័ន្ធ​រុ​ស្ស៊ី​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា កាលពី​ជាង​២០​ឆ្នាំ​មុន » ។
សម្តេច​ប្រធានរដ្ឋសភា បាន​អបអរសាទរ​ចំពោះ​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សភា​សហព័ន្ធ​រុ​ស្ស៊ី ជាមួយនឹង​ព្រឹទ្ធសភា​កម្ពុជា នា​ពេល​កន្លង​មកនេះ ដែល​ជា​កត្ដា​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សភា​ប្រទេស​ទាំង​ពីរ​ឲ្យ​រឹង​មាំ​ថែម​ទៀត ។

ក្នុង​ជំនួប​នោះ​ដែរ សម្តេច​ប្រធានរដ្ឋសភា ក៏​បាន​សំណូមពរ និង​គាំទ្រ​ចំពោះ​គម្រោងការ​កៀរគរ​អ្នក​វិនិយោគ អ្នកទេសចរ​ពី​ប្រទេស​រុ​ស្ស៊ី​ទៅ​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ។
គួរ​បញ្ជាក់​ថា វិនិយោគិន​រុ​ស្ស៊ី​បាន​និង​កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ សំខាន់​ផ្នែក​ឧស្សាហកម្ម​ទេសចរណ៍​ដូច​ជា សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាដើម ព្រោះថា ខេត្ត​មួយ​នេះ​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា នា​ពេល​ខាង​មុខ​នេះ ៕