ខឹង​ណាស់​! អ្នក​ដុត​សំរាម​គ្មាន​​ការ​ទទួលខុសត្រូវ

រាជធានីភ្នំពេញ ៖ ដុត​​គំនរ​​សំរាម​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ​ហើយ​​មិន​​បាន​ពន្លត់​​ឱ្យត្រឹម​ត្រូវនោះ ធ្វើ​ឱ្យ​អណ្តាតភ្លើងឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ ​បង្ក​ការ​ភ្ញាក់ផ្អើល​​ដល់​ប្រជាពលរដ្ឋ ដែល​ហេតុការណ៍​នេះ​​​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី២៧ ​មេសា ត្រង់​​ចំនុច​ក្នុង​ដី​ឡូត៍​ក្នុងភូមិ​៣ ផ្លូវ​៣៤៧ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ដី​ឡូត៍​ខាងលើ​ ​​មាន​គេ​ដុត​សំរាម​នៅ​ក្នុង​នោះ ដោយ​សារ​​តែ​មាន​ជាតិ​ជ័រ​ច្រើន​ និង​សំបក​កំប៉ុង​ ទើប​បណ្ដាល​ឱ្យ​​ពេល​ដែល​ឆេះ​មាន​សំលេង​ផ្ទុះ​ចេញពី​អណ្ដាតភ្លើង ។ ភ្លាម​ៗ​នោះ​ប្រជា​ជន​នៅ​ជិត​នោះ​ បាន​ទាញ​ទុយោ​ទឹក​មក​បាញ់​ និង​ខ្លះ​ទៀត​នាំ​គ្នា​ដួស​ទឹក​ជញ្ជូន​យក​មក​ជះ​ ដើម្បី​កុំឱ្យ​​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង ប្រមាណ​​ជា​២០​នាទី​ក្រោយ​ ពី​ការ​រួម​គ្នា​ពន្លត់ភ្លើង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ អណ្ដាតភ្លើង​ក៏រ​លត់​អស់​ទៅ​វិញ ហើយ​មិន​បណ្ដាល​ឱ្យ​​ខូចខាត​ទ្រព្យសម្បត្តិ​​​នោះ​ទេ ។

ក្រោយ​ពី​ការ​ឆេះ​សំរាម​ ប្រជាជន​ទាំងអស់​ សូម​មេត្តា​ប្រុង​ប្រ​យ​ត្ន័​ការ​ដុត​សំរាម​នៅ​ពេល​យប់​ មិន​ត្រូវ​មានការ​ធ្វេសប្រហែស​ដូច​ករណី​ខាងលើ​នេះ​ទេ ព្រោះ​វា​អាច​បង្ក​ជា​គ្រោះ​អគ្គី​ភ័យ​ជាយថាហេតុ​ បើសិនជា​យើង​មានការ​ធ្វេសប្រហែស​នោះ ៕