សម្តេច​តេ​ជោ​សែន​ប្រកាស​ចូលរួម​មរណទុក្ខ​លោក ទៀន ករុណា

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ចូលរួម​រំលែក​ទុក្ខ​ជា​ក្រុម​គ្រួសារ​និង​សាច់ញាតិ​លោក​អនុ​សេ​មី​យ៍​ឯក ទៀន ករុណា នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ទទួលមរណភាព​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ មេ​សា នៅ​ខណ្ឌទួលគោក ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​ជ័យ​លា​ភី​និស្សិត​សាកល​វិទ្យា​ល័យ​ធនធានមនុស្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ២០១៦ ។ បើ​តាម​សម្តេច​តេ​ជោ​សែន កម្ពុជា​មិនមែន​ជា​អ្នក​ផលិត​គ្រឿងញៀន​ទេ តែ​ផ្ទុយ​ទៅ​វិញ​ជា​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​សព​លោក ទៀន ករុណា កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្ថិត​ផ្លូវ​វេ​ង​ស្រេង ក្បែរផ្លូវ​បំបែក​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ ៕