បរទេស​ម្នាក់​ស្លាប់​ក្នុង​ស្ថានភាព​ចម្លែក

ខេត្តកំពត​ ៖ បុរស​​​ជនជាតិ​កា​ណា​ដា​ម្នាក់ ភេទ​ប្រុស ​អាយុ​៦៩​ឆ្នាំ​ ​ត្រូវ​បាន​​គេ​​ឃើញ​រថយន្ត​មន្ទីរពេទ្យ​​អនុស្សាវរីយ៍​ស៊ុន​ យ៉ា​ឃៀ​ល​ដឹក​​ចេញពី​មន្ទីរពេទ្យ​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​២៧ មេសា​ ​២០១៦ ​យក​មក​ចូល​ក្នុងផ្ទះ​សំណាក់​យីហោ​បា​ស្រា​ក្រឡុក ស្ថិតក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​ ។

បើ​តាម​សម្តី​​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត​ឱ្យ​​ដឹងថា កាលពី​​វេលា​ម៉ោង​០៤ និង៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ ​មេសា​ ​២០១៦ ​មាន​ស្ត្រី​ម្នាក់​​ឈ្មោះ​អែម ច​ន្ថា ជា​ប្រជាជន​​មានផ្ទះ​នៅ​ក្បែរ​ផ្ទះសំណាក់​ខាងលើ​ មក​រាយ​ការណ៍​​ប្រាប់​សមត្ថកិច្ច​ក្រុង​ថា នៅ​វេលា​ម៉ោង​​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ គេ​ឃើញ​រថយន្ត​មន្ទីរពេទ្យ​អនុស្សាវរីយ៍​ស៊ុន​ យ៉ា​ឃៀ​ល (​ហៅ​មន្ទីរពេទ្យ​ចំការ​ដូង​)​ បាន​ដឹក​ជនបរទេស​ចំណាស់​ម្នាក់​ ដែល​មាន​ជំងឺ​​ដាក់​នៅផ្ទះ​សំណាក់​ខាងលើ​ ។

ដោយ​គេឃើញ​ជនបរទេស​រូប​នេះ​​អង្គុយ​លើ​រទេះរុញ ក្រោយមក​នៅ​រសៀល​ម៉ោង​០២ និង៤៥​នាទី​ថ្ងៃ​ដដែល ស្រាប់តែ​គេ​ឃើញ​បុរស​បរទេសចំណាស់​រូប​នោះ ​ស្លាប់​នៅ​លើ​រទេះរុញ​ដោយ​ពាក់​វ៉ែនតា​ផង ​។ ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ កំលាំង​នគរបាល​បច្ចេកទេស​ស្នងការ​ខេត្ត​រួម ​និង​លោក​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​ខេត្ត ​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​។

សមត្ថកិច្ច​ឱ្យ​ដឹងថា បុរស​​ដែល​ស្លាប់​​​​ខាងលើ​ ឈ្មោះ​Donaldson N,richard, bruce ភេទ​ប្រុស​ អាយុ​៦៩​ឆ្នាំ​ ជនជាតិ​កា​ណា​ដា​។ បើ​តាម​ការ​ពិនិត្យ​លើ​ស្ថានភាព​ជំងឺ​​ ​​លោក​វេជ្ជបណ្ឌិត​លន់​ រតនៈ របស់​មន្ទីរពេទ្យ​ខេត្ត​បានឱ្យដឹងថា ​ជនរងគ្រោះ​ស្លាប់​ដោយ​ជំងឺ​ប្រចាំ​​កាយ ​(​មាន​ដំបៅ​កម្រង​នោម​ធ្ងន់ធ្ងរ​) ​បណ្តាល​ឱ្យ​​ចុក​ខ្លាំង ​រួច​គាំងបេះដូង​ស្លាប់​​តែ​ម្តង​។