ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ ជិតមកដល់ហើយ

ខេត្តសៀមរាប ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ ជិត​មក​ដល់នឹង​ប្រារព្ធ​​ធ្វើ​នៅ​ទី​លាន​ជល់ដំរី​នៃ​ខេត្តសៀមរាប ដោយ​​ស្ដេច​មាឃ​ ត្រូវ​បាន​តំណាង​ដោយ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង ជា​​ព្រះ​មេ​ហួ​ ។

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល និង​ពិធី​តាំងពិព័រណ៍​ផលិតផល​កសិកម្ម​ក្នុងស្រុក​ឆ្នាំ​នេះ​ នឹង​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​២៤​​ ឧសភា​ ​២០១៦ ​នៅ​ទី​លានជល់ដំរីនៃ​ខេត្តសៀមរាប ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ​អភិបាលខេត្ត​សៀមរាប​បានឱ្យ​ដឹង​ថា ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​មាន​សារ​សំខាន់ ​ក្នុង​បណ្ដា​ព្រះរាជ​ពិធីបុណ្យ​ទ្វាទសមាស​ប្រចាំឆ្នាំចាត់​ទុក​ថា ជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ព្រះ​មហាក្សត្រ​គ្រប់​ព្រះ​អង្គ តែង​ដឹកនាំ​ប្រារព្ធ​ពិធី​ពុំដែលខកខាន​តាំងពី​បុ​រមបុរាណកាល​មក ​។ ហើយ​សម្រាប់​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល ​ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប​ឆ្នាំ​នេះ​ ក៏នឹង​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ​។

សូម​រំលឹក​ផង​ដែរ​ថា ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ​សម្រាប់​ខេត្តសៀមរាប​នេះ​ ជា​លើក​ទី​២​ហើយ ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​ជ្រើស​រើ​សយក​​ធ្វើ​ទីតាំង​ សម្រាប់​ធ្វើ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ ដែល​កាលពី​លើក​ទី​១ ​ធ្វើ​នៅ​ឆ្នាំ​២០១០​និង​លើក​ទី​២ ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ​នៅ​ទី​លានជល់ដំរី​ដ​ដែល​ ៕